ផុត​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ ក្រសួង​ចេញ​សេចក្តី​ណែនាំ​ការពារ​ខ្យល់​រន្ទះ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​

ផុត​ពីរ​ដូវ​ក្តៅ​ខ្លាំង​មួយរយៈពេល​ចុងក្រោយ​នេះ​មក​ បញ្ហា​គ្រោះ​ធម្មជាតិ​នៅតែ​ជា​កត្តា​ប្រឈម​ និង​ហានិភ័យ​សម្រាប់​ការសិក្សា​របស់​សិស្សានុសិស្ស​ទូទាំង​ប្រទេស​នៅឡើយ​។ ថ្មី​ៗនេះ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​បាន​ចេញ​សេចក្តី​ណែនាំ​ស្តី​ពី​វិធានការ​ការពារ​ខ្លួន​ពី​ភ្លៀង​ ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​នារ​ដូវ​ភ្លៀង​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដើម្បី​ដាក់​ឱ្យ​បុគ្គលិក​សិក្សា​ទាំងអស់​អនុវត្ត​ក្នុង​គោលបំណង​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​ធម្មជាតិ​ដល់​សិស្សានុសិស្ស​។

សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​អាកាសធាតុ​មានការ​ប្រែប្រួល​ និង​មាន​ភ្លៀង​ ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​ខ្លាំង​ដែល​ជាហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស​ សត្វ​ រុក្ខជាតិ​ជាដើម​។ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅ​រដូវភ្លៀង​នេះ​ សូម​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ជួយ​ណែនាំ​ដល់​សិស្ស​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នៅពេល​សង្កេត​ឃើញ​មាន​ដុំ​ពពក​ធំៗ​ និង​កម្ពស់​ខ្ពស់​ឈរ​ត្រង់​ពីលើ​ និង​មាន​ពណ៌ខ្មៅ​ អាច​នឹង​មាន​រន្ទះ​ ភ្លៀង​ ព្រិល​ (កូន​ដុំទឹកកក​)ឬអាច​មាន​គ្រោះ​ថ្នា​ក់​ផ្សេង​ៗទៀត​ជាយថាហេតុ​។

ក្រសួង​បាន​ធ្វើការ​ណែនាំ​ឱ្យ​សិស្ស​ចៀសវាង​ការ​ជិះ​ម៉ូតូ​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ​ ឬអង្គុយ​ក្រោម​ដើមឈើ​ ជាដើម​ និង​គួរ​បង្អោនខ្លួន​ដោយ​រក្សា​ចម្ងាយ​4ម៉ែត្រ​ពី​មែកឈើ​។ ក្រៅពី​នេះ​សិស្ស​មិន​គួរ​អង្គុយ​ក្នុង​តង់​នៅពេល​មាន​បាតុភូត​ធម្មជាតិ​បែបនេះ​កើតឡើង​ ហើយ​សិស្ស​គួរ​បង្អោនខ្លួន​ដោយ​បញ្ឈរជង្គង់​ទាំងពីរ​ដាក់​ជិត​គ្នា​ និង​យកដៃ​ខ្ទប់​ត្រចៀក​ទាំងសងខាង​ដើម្បី​ការពារ​រន្ទះ​។ ប្រសិនបើ​កំពុង​ស្ថិត​ក្នុង​ទីវាល​ត្រូវ​ចេញ​ពី​កន្លែង​ដែល​មាន​ទឹក​ ឬទីវាល​ស្រឡះ​ឱ្យ​ឆ្ងាយ​ ហើយ​ត្រូវ​សម្ងំ​ ឬរត់​ចូលផ្ទះ​ជា​ប្រញាប់​ និង​ប្រសិនបើ​កំពុង​ស្ថិតនៅ​ក្នុង​រថយន្ត​វិញ​ ក៏​ជា​ចំណុច​សុវត្ថិភាព​មួយ​ដែរ​តែ​មិន​ត្រូវ​យកដៃ​ ឬខ្លួនប្រាណ​ទៅ​ប៉ះ​ចង្កូត​ ឬទ្វារ​ឡាន​នោះ​ទេ​។

ចំពោះ​គ្រឿងអគ្គិសនី​ ឬទូរស័ព្ទ​គួរ​ដាក់​នៅ​ឱ្យ​ឆ្ងាយ​ក្នុង​ចម្ងាយ​ប្រមាណ​ 1ម៉ែត្រ​ពី​ប្រភព​អគ្គិសនី​ និង​មិន​ត្រូវ​ប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ និង​ឧបករណ៍​អេឡិចត្រូនិក​នោះ​ទេ​ក្នុង​ពេល​កំពុង​ភ្លៀង​ខ្លាំង​ដែល​អាច​នឹង​មាន​ផ្គរ​រន្ទះ​ខ្លាំង​។ សម្រាប់​គ្រឿងអលង្ការ​ប្រភេទ​លោហៈ​គួរ​កុំ​ពាក់​ ហើយ​ត្រូវ​ពាក់​ទ្រនាប់ជើង​រាល់​ពេល​រត់​លេង​ ឬដើរលេង​ជាដើម​។ ក្រៅពី​នេះ​កុំ​ឈរ​នៅ​ក្បែរ​មាត់​បង្អួច​ ឬបង្គោល​ភ្លើង​ ឬអង់តែន​ជាដើម​។បើ​មានលទ្ធភាព​គួរ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នៅ​តាម​អគារ​នានា​ និង​ត្រូវ​អប់រំ​សិស្ស​ ឬកុមារ​មិន​ឱ្យ​លេង​ក្រោម​ដើមឈើ​ និង​កុំ​ធ្វើដំណើរ​ក្នុង​ពេល​ភ្លៀង​ខ្លាំង​។

ក្រសួង​អប់រំ​ ក៏បាន​បង្ហាញ​ផង​ដែរ​នូវ​វិធី​សង្គ្រោះ​បឋម​ដល់​ជនរងគ្រោះ​ដោយសារ​រន្ទះ​ដោយ​ត្រូវ​ពិនិត្យ​មើល​ចង្វាក់​ដង្ហើម​ និង​បេះដូង​ជនរងគ្រោះ​។ ប្រសិនបើ​ជនរងគ្រោះ​មិន​ដកដង្ហើម​ ត្រូវ​ផ្លុំ​ខ្យល់​ដោយ​ប្រើ​មាត់​នឹង​មាត់​ជាមួយ​ជនរងគ្រោះ​រហូតដល់​ជនរងគ្រោះ​ដក​ដង្ហើម​ឡើងវិញ​។ ប្រសិនបើ​ជនរងគ្រោះ​បាត់​ចង្វាក់​ជីពចរ​ ត្រូវ​ធ្វើ​ចលនា​បេះដូង​ដោយ​យក​បាតដៃ​ទាំង2​សង្កត់​-ដកៗ​លើ​ឆ្អឹង​សន្ទះទ្រូង​រហូត​ទាល់តែ​បេះដូង​របស់​ជនរងគ្រោះ​មាន​ចលនា​ឡើងវិញ​ដោយ​ការ​ស្ទាប​ជីពចរ​។ ម្យ៉ាងវិញទៀត​ត្រូវ​ក្រាលកន្ទេល​ ឬបាវ​ឆ្នូត​ឱ្យ​ជនរងគ្រោះ​ដេក​ពីលើ​ កុំឱ្យ​ជនរងគ្រោះ​ដេក​នៅ​ផ្ទាល់​ដី​ ឬត្រាំទឹក​ និង​កុំឱ្យ​ខ្លួនប្រាណ​ជនរងគ្រោះ​ត្រជាក់​ខ្លាំងពេក​។

បន្ថែម​ពីលើ​នេះ​ ប្រសិនបើ​ឃើញ​មាន​បាក់ឆ្អឹង​ ឬហូរឈាម​ សូម​ចល័ត​ជនរងគ្រោះ​ដោយ​ប្រុងប្រយ័ត្ន​ខ្លាចក្រែង​បង្ក​គ្រោះថ្នាក់​បន្ថែម​។ ទាំងអស់គ្នា​គួរ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​តាម​មូលដ្ឋាន​គ្រឹះស្ថានសិក្សា​ក្នុង​ការទប់ស្កាត់​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ។ ក្នុងករណី​មាន​ជំងឺ​ ឬហានិភ័យ​សុខភាព​ក្នុង​រដូវភ្លៀង​នេះ​ សូម​រាយការណ៍​តាមរយៈ​បុគ្គលិក​សុខាភិបាល​ដែល​នៅ​ជិត​បំផុត​ ឬសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​ និង​ទទួល​បានការ​ជួយសង្គ្រោះ​បន្ទាន់​៕

Advertisement