តើ​ប្រទេស​ដែល​ល្បី​ខាង​ប្រជាជន​មាន​សេចក្តី​សុខ​ ភាគច្រើន​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​?…

មិនមែន​ទ្រព្យសម្បត្តិ​ ឥទ្ធិពល​ ឬភាព​ល្បីល្បាញ​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​សេចក្តី​សុខ​ពិតប្រាកដ​នោះ​ ហេតុនេះ​ហើយ​ទើប​គេ​សង្កេត​ឃើញថា​ ប្រទេស​តូច​ៗមួយចំនួន​បាន​ដណ្តើម​តំណែង​ជា​ប្រទេស​ដែ​លប្រ​-ជា​ជន​មាន​សេចក្តី​សុខ​ក្នុង​សន្ទស្សន៍​ល្អ​ៗពី​ប្រទេស​មហា​អំ​ណាច​ធំៗ​ដែល​មានការ​អភិវឌ្ឍ​ឆាប់រហ័ស​។ មនុស្ស​ភាគច្រើន​ប្រហែលជា​គិតថា​អាមេរិក​ ចិន​ ឬប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ធំៗ​ មាន​ឥទ្ធិពល​ខាងសេដ្ឋកិច្ច​ក្នុង​ពិភពលោក​ ជា​ប្រទេស​ដែល​មាន​ពិន្ទុ​ផ្នែក​ប្រជាជន​មាន​សេចក្តី​សុខ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ហើយ​មើលទៅ​ តែ​តាមពិត​ទៅ​ នៅក្នុង​តារាង​នៃ​ប្រទេស​មាន​សេចក្តី​សុខ​ជាងគេ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​ 2019​ (world​ happiness​ report​) បាន​បង្ហាញ​ថា​ អាមេរិក​ស្ថិតនៅ​លើ​ចំណាត់ថ្នាក់​លេខ18​ ចិន​ស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​លេខ86​ អង់គ្លេស​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​លេខ19​ និង​ប្រទេស​ធំៗ​មួយចំនួន​ទៀត​មិនមែន​ស្ថិតនៅ​ចន្លោះ​ចាប់ពី​លេខ1​ ដល់​លេខ10​នោះ​ទេ​។ ផ្ទុយ​មកវិញ​ ប្រទេស​តូច​មួយ​ចំ​នួន​ៗ ដែល​ប្រទេស​ខ្លះ​មិនសូវ​មាន​ GDP​ ខ្ពស់​ផង​ តែ​បែរជា​ស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​កំ​ពូល​ៗនៃ​តារាង​ទៅវិញ​។

ប្រទេស​មួយចំនួន​ដែល​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​លំបាក​ និង​គ្មាន​សេចក្តី​សុខ​បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រែប្រួល​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​នាំ​ភាព​សុខសាន្ត​ពិតប្រាកដ​មក​ជូន​ប្រជាជន​។ នៅ​ឆ្នាំ1948​ ប្រទេស​ Costa​ Rica​ បាន​កាត់បន្ថយ​ ឬលុបចោល​មិន​ឱ្យ​មាន​កងយោធា​ច្រើន​ ដើម្បី​ទុក​ថវិកា​ឱ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​ចំណាយ​ទៅ​លើ​ផ្នែក​អប់រំ​ ដែល​ជា​លទ្ធផល​មកដល់​បច្ចុប្បន្ន​នេះ​ ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​បាន​ល្អ​ប្រសើរ​ឡើង​ខ្លាំង​ជាង​ប្រទេស​អ្នកមាន​មួយចំនួន​ ដូចជា​ចក្រភព​អង់គ្លេស​ និង​អាមេរិក​ជាដើម​។ នៅក្នុង​ឆ្នាំ2017​ ពួកគេ​បាន​វិនិយោគ​ថវិកា​ប្រមាណ​ 7.4​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) ទៅលើ​វិស័យ​អប់រំ​។ ការ​ធ្វើ​បែបនេះ​ គឺ​ធ្វើ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​មានកម្រិត​នៃ​ការយល់​ដឹង​ខ្ពស់​ឡើង​ ហើយ​កាត់បន្ថយ​ស្ថានភាព​អនាធិបតេយ្យ​ និង​អំពើទុច្ចរិត​នៅក្នុង​សង្គម​ និង​នាំមក​នូវ​ការ​កើនឡើង​នូវ​សុចរិត​ភាព​ និង​ប្រសិទ្ធភាព​ការងារ​ដែល​មិនយូរ​មិនឆាប់​ ពួកគេ​អាច​រៀបចំ​ប្រព័ន្ធ​សេវា​សាធារណៈ​បាន​យ៉ាង​ល្អ​ រួម​ទាំង​ទទួល​បាន​ធនធាន​មនុស្ស​ល្អ​ៗយ៉ាងច្រើន​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ទៀតផង​។

ប្រទេស​ប៊ូ​តាន​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រទេស​មួយ​ដែល​ស្ងប់ស្ងាត់​ ដែល​មាន​ GDP​ តិច​ តែ​មាន​ភាព​ល្បីល្បាញ​រហូត​ពិភពលោក​ចាត់ទុក​ប្រទេស​មួយ​នេះ​ថា​ ជា​ដែនដី​នៃ​សេចក្តី​សុខ​។ ប៊ូ​តាន​ បាន​បំភ្លេច​ចោល​ GDP​ តែ​ផ្តោត​សំខាន់​លើ​ការ​កសាង​គុណភាព​របស់​មនុស្ស​ ព្រោះ​ពួកគេ​អាច​បណ្តុះ​ផ្នត់គំនិត​មនុស្ស​ឱ្យ​ចេះ​រស់នៅ​ជាមួយ​ធម្មជាតិ​ និង​ពឹងពាក់​ធម្មជាតិ​ដោយ​ការ​ទាញ​ផលប្រយោជន៍​ប្រកបដោយ​និរន្តរភាព​។ ពួកគេ​ចេះ​រស់នៅ​ក្នុង​ជីវភាព​រីករាយ​ជាមួយនឹង​ធនធាន​ដែល​ពួកគេ​ទទួល​បាន​ពី​ធម្មជាតិ​ ហើយ​ចេះ​សោយសុខ​ជាមួយ​ជីវិត​ដែល​រស់នៅ​បែប​សហគមន៍​ និង​ចេះ​ជួយគ្នា​គ្រប់​កាលៈទេសៈ​។ ដោយសារតែ​បែបនេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​ប្រទេស​ប៊ូ​តាន​ បាន​ក្លាយជា​តំបន់​ដ៏​ស្មោះត្រង់​ចំពោះ​គ្នា​ ហើយ​ជា​កន្លែង​ដែល​ប្រជាជន​អាច​បង្កបង្កើនផល​ដំណាំ​សុខភាព​ច្រើនជាង​គេ​។ ចំពោះ​បរិស្ថាន​វិញ​ ក៏​ជាប់​លំដាប់ថ្នាក់​ខ្ពស់​បំផុត​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប្រជាជន​មាន​សុខភាព​ល្អ​ និង​មិន​ចំណាយ​ច្រើន​លើ​ការ​ព្យាបាល​ជំងឺ​ និង​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការសិក្សា​ពី​ចំ​ណុ​ចល្អៗ​នៃ​ការរស់នៅ​ ដើម្បី​បន្ត​ភាព​រីកចម្រើន​ដោយ​មិន​អាច​អវត្តមាន​បាន​នូវ​ផ្នត់គំនិត​រក្សា​សេចក្តី​សុខ​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​សង្គម​សួន​រួម​។

ចំពោះ​ប្រទេស​នូវែ​លសេ​ឡង់​វិញ​ ពួកគេ​បាន​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​សេវា​រក្សាសុខ​ភាព​ផ្លូវចិត្ត​ និង​ចំណាយ​ថវិកា​ច្រើន​ដើម្បី​អភិវឌ្ឍ​ផ្នែក​ដ៏​សំខាន់​នេះ​។ក្នុងចំណោម​ថវិកា​រាប់ពាន់​លាន​ដុល្លារ​នោះ​រដ្ឋាភិបាល​ក៏​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​ផង​ដែរ​ លើ​ការ​ជួយ​ស្តារ​គ្រួសារ​ដែល​ទទួលរង​អំពើ​ហិង្សា​ និង​កុមារ​ក្រីក្រ​ ព្រោះ​គេ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​កុមារ​ ដែល​ជា​ធនធាន​សំខាន់​សម្រាប់​អនាគត​សង្គម​។ ការ​ធ្វើបែប​នេះ​ជាគោល​ការណ៍​សំខាន់​មួយ​នៃ​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​ចង់​វិនិយោគ​យូរអង្វែង​ដើម្បី​ស្វែងរក​សុភមង្គល​សម្រាប់​ប្រជាជន​ ប្រសើរ​ជាង​ការ​កើនឡើង​នៃ​សេដ្ឋកិច្ច​តែមួយមុខ​ហើយ​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​លំបាកទៅ​វិញ​៕

Advertisement