Nokia ចេញផលិតផល 2 ផ្ដោតសំខាន់លើការតាមដានសុខភាព

បន្ទាប់ពីដាក់បង្ហាញនូវនាឡិកាឆ្លាតវៃ ដែលសហការជាមួយក្រុមហ៊ុន Withings កាលពីដើមឆ្នាំ 2017 ថ្មីៗនេះមក ក្រុមហ៊ុន Nokia បានធ្វើការណែនាំបង្ហាញផលិតផលថ្មី 2 ទៀត ដែលផ្ដោតសំខាន់លើការតាមដានសុខភាពអ្នកប្រើប្រាស់ ទាក់ទងនឹងការគ្រប់គ្រងទម្ងន់ និងការតាមដានសម្ពាធឈាម។

ផលិតផលទាំង 2 ជាឧបករណ៍ឌីជីថលត្រួតពិនិត្យសុខភាពដ៏មានគុណភាព និងស្ថិតក្រោមម៉ាកសញ្ញា Nokia ដែលអាចបំពេញមុខងារយ៉ាងត្រឹមត្រូវ និងអាចជឿជាក់បាន ដោយមួយមានឈ្មោះថា Body BMI WiFi Connected Scale សម្រាប់គ្រប់គ្រងទម្ងន់ និង Nokia BPM+ Soft-cuff blood pressure monitor សម្រាប់តាមដានសម្ពាធឈាម។

Body BMI មានតួនាទីសម្រាប់តាមដាន និងគ្រប់គ្រងទម្ងន់ជាមួយនឹងបទពិសោធថ្មីដោយបង្ហាញរាល់ព័ត៌មាន កម្រិតជាតិខ្លាញ់ និងអាចកំណត់គោលដៅទម្ងន់ រួមទាំងកម្រិតកាឡូរីប្រចាំថ្ងៃរបស់យើងជាមួយនឹងការតាមដានរបបអាហារូបត្ថម្ភរួមផងដែរ។ ឧបករណ៍នេះ អាចប្រើ និងតាមដានបានសម្រាប់មនុស្ស 8 នាក់ រួមទាំងកុមាតូចៗ ចាប់ពីទម្ងន់ 8 Kg ដល់ 180 Kg ឡើងទៅ។

ដោយឡែកសម្រាប់Nokia BPM+ វិញ សម្រាប់តាមដានសម្ពាធឈាម ដោយវានឹងធ្វើការបង្ហាញព័ត៌មានទាំងអស់នៅលើទូរស័ព្ទដៃរបស់យើង តាមរយៈកម្មវិធី ដោយផ្អែកលើ ESH (សមាគមអ្នកជំងឺលើសឈាមនៅអឺរ៉ុប) និងអនុសាសន៍របស់សមាគមសុខភាពបេះដូងអាមេរិកចំពោះជំងឺលើសឈាម។

សម្រាប់តម្លៃ Body BMI WiFi Connected Scale មានលក់ចាប់ពីតម្លៃ 60 ដុល្លារ ឡើងទៅ ខណៈNokia BPM+ Soft-cuff blood pressure monitor មានលក់ចាប់ពីតម្លៃ 100 ដុល្លារទៅ៕

Advertisement