យុវជន​ដែល​កំពុង​រក​ការងារ​ធ្វើ​ អាច​ត្រៀមខ្លួន​ចាប់​យក​ឱកាស​ការងារ​ពីទី​ភ្នាក់ងារ​ជាតិ​ មុខរបរ​ និង​ការងារ​

ការស្វែងរក​ការងារ​ ជា​ចំណុច​ចាប់ផ្តើម​យ៉ាង​សំខាន់​នៃ​អាជីព​ បន្ទាប់ពី​សិស្ស​ និស្សិត​ បាន​បញ្ចប់​ការ​បណ្តុះបណ្តាល​ពីសា​កល​វិទ្យាល័យ​ ឬគ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បច្ចុប្បន្ន​នេះ​ យុវជន​ខ្លះ​សម្បូរ​ការងារ​ខណៈ​យុវជន​ជាច្រើន​ផ្សេងទៀត​មិនទាន់​រក​ការងារ​ធ្វើ​បាន​ដោយសារតែ​មិន​មាន​ប្រភព​ព័ត៌មាន​ ឬមិន​ទាន់​បាន​ស្វែងយល់​ស៊ីជម្រៅ​ពី​ព័ត៌មាន​ស្តី​ពី​ការងារ​។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ បាន​ធ្វើការងារ​ផ្សព្វផ្សាយ​ តាមរយៈ​កម្ម​វិ​ធី​ផ្សេង​ៗដើម្បី​ឱ្យ​យុវជន​ ទទួល​បាន​ប្រភព​ព័ត៌មាន​ ចំណេះដឹង​ជា​មូលដ្ឋាន​ដើម្បី​ជ្រើសរើស​ ឬវិធី​ទទួល​បានការ​ងារ​ និង​វេទិកា​សំ​ខាន់​ៗដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​និយោជក​ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។

នៅ​ថ្ងៃទី​ 15​ ខែសីហា​ ឆ្នាំ2019​ ខាងមុខនេះ​ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​រៀបចំ​វេទិកា​ការងារ​ដោយ​ផ្តល់​ឱកាស​ការងារ​ប្រមាណ​ 1,783កន្លែង​ដល់​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​នៅ​ទូទាំង​ប្រទេស​។ បេក្ខជន​ដែល​មានបំណង​ចង់​ដាក់ពាក្យ​ធ្វើការងារ​អាច​ទៅ​ដាក់ពាក្យ​នៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ ដើម្បី​សម្ភាសន៍​ធ្វើការងារ​ភ្លាម​។

លោក​ អាំង​ ភារៈ​ ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ វេទិកា​រកា​រងា​រត្រូវ​បាន​រៀបចំឡើង​ជា​រៀងរាល់​ខែ​ ដោយ​ក្នុង​នោះ​យើង​ឃើញ​ថា​វេទិកា​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ក្រុមហ៊ុន​ សហគ្រាស​ គ្រឹះស្ថាន​ និង​រោង​-ចក្រ​នានា​ដែល​កំពុង​មាន​តម្រូវការ​បុគ្គលិក​ និង​កម្លាំង​ពលកម្ម​សម្រាប់​បម្រើការ​ងារ​។ ក្រុមហ៊ុន​នានា​បាន​ទាក់ទង​មក​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​កាន់តែ​ច្រើន​ដើម្បី​ជួយ​ជ្រើសរើស​បុគ្គលិក​សម្រាប់​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​។ សម្រាប់​បេក្ខជន​ដែល​ចង់​មក​ដាក់ពាក្យ​នៅ​វេទិកា​រកា​រងា​រត្រូ​វត្រៀ​មយ​កប្រវត្តិរូប​សង្ខេប​មក​ជាមួយ​ដើម្បី​ជួប​ និង​សម្ភាស​ផ្ទាល់​ជាមួយ​ក្រុម​ហ៊ុន​ធំៗ​ចំនួន​ 11​ ដែល​កំពុង​ត្រូវការ​បុគ្គលិក​។ ក្រុមហ៊ុន​ដែល​នឹង​ជ្រើសរើស​បុគ្គលិក​នៅក្នុង​វេទិកា​ការងារ​លើក​នេះ​មាន​ដូចជា​ ក្រុមហ៊ុន​ Super​ Duper​, Chip​ Mong​ Group​, Ming​ Wuoy​ Group​, Modern​ Intergrated​ Services​, BS​ Land​ and​ Homg​, MJQ​ Education​, Hattha​ Kasekar​ Limited​, WB​ Finance​ Cambodia​, Asianerial​ Advisory​ Int​ Co​., Ltd​, Noyakong​ Group​, Brown​ Coffee​ and​ Bakery​។

វេទិកា​ការងារ​ ជា​វេទិកា​ដែល​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​ ដែល​ចង់​ជ្រើសរើស​រើស​បុគ្គលិក​ ជួបគ្នា​ជាមួយ​អ្នក​កំពុង​ស្វែងរក​ការងារ​ ដើម្បី​ជ្រើសរើស​នៅនឹង​កន្លែង​។ វេទិកា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញថា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន​ជាពិសេស​ភាព​មិនស៊ីគ្នា​រវាង​ទីផ្សារ​ការងារ​ និង​យុវជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។ កន្លងមក​គេ​តែងតែ​ឃើញ​ម្ចាស់​ស្ថាប័ន​រអ៊ូរទាំ​រឿង​ខ្វះ​បុគ្គលិក​ ឬលំបាក​ស្វែងរក​បុគ្គលិក​ ខណៈ​យុវជន​ជាច្រើន​កំពុង​រអ៊ូរទាំ​ថា​គ្មាន​ការងារ​ធ្វើ​។ បញ្ហា​ដែល​កើតមានឡើង​នេះ​ដោយសារតែ​ក្រុមហ៊ុន​ដែល​ត្រូវការ​បុគ្គលិក​មិន​មាន​វិធី​សាស្រ្ត​ល្អ​ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​យុវជន​បានដឹង​ ចំណែក​ឯយុវជន​ដែល​កំពុង​ត្រូវការ​ងារ​វិញ​ក៏​មិន​បាន​ស្វះស្វែង​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពីទី​ផ្សារ​ការងារ​ ហេតុនេះ​ការដែល​បង្កើត​វេទិកា​នេះ​ឡើង​នឹង​ធ្វើ​ឱ្យ​មានផល​វិជ្ជមាន​ទាំង​ក្រុមហ៊ុន​ និង​ទាំង​យុវជន​ដែល​កំពុង​ត្រូវការ​ការងារ​៕

Advertisement