បេក្ខជន​អាច​ប្រឡង​ដោយ​ស្ងប់ចិត្ត​បាន​ហើយ​ ​ព្រោះ​រដ្ឋមន្ត្រី​ថា​ ​គ្មាន​ការ​បូក​ពិន្ទុ​ខុស​ទៀត​ទេ​ ​ឆ្នាំនេះ​

​នៅ​ព្រឹក​នេះ​ ​ជា​ព្រឹក​ដែល​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កំពុង​មមាញឹក​ ​ញាប់ដៃញាប់ជើង​ប្រឡង​ ​ស្រប​ពេល​ដែល​មន្ត្រី​អប់រំ​ក៏​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​ទប់ស្កាត់​បញ្ហា​មិន​ប្រក្រតី​ ​កុំឱ្យ​កើតមាន​នៅក្នុង​ពេល​ប្រឡង​។​ ​

​នៅ​ព្រឹកមិញ​នេះ​ ​ឯកឧត្តម​ ​ហង់​ជួន​ ​ណា​រ៉ុន​ ​រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ចូលរួម​ក្នុង​កម្មវិធី​កាត់​វិញ្ញាសា​ ​និង​ពិនិត្យមើល​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​បាន​លើកឡើង​ថា​ ​នៅ​ឆ្នាំ​សិក្សា2018​-​2019នេះ​ ​នឹង​មិន​មាន​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ​ទៀត​ទេ​ ​ព្រោះ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បណ្តុះបណ្តាល​បុគ្គលិក​ផ្នែក​បូក​ពិន្ទុ​ ​ព្រមទាំង​បង្កើត​មជ្ឈមណ្ឌល​កុំព្យូទ័រ​ដល់ទៅ​ ​2កន្លែង​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​។​ ​ប្រសិនបើ​មាន​មជ្ឈមណ្ឌល​ណាមួយ​ខុស​ ​នោះ​យើង​អាច​ដឹង​បាន​ភ្លាម​ ​ហើយ​ធ្វើការ​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​មុននឹង​ចេញ​លទ្ធផល​។​ ​

​ការ​ធ្វើបែប​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​នឹង​ធ្វើ​ឱ្យ​បេក្ខជន​ប្រឡង​កាន់តែ​មាន​ទឹកចិត្ត​ ​ទំនុកចិត្ត​ ​និង​ភាព​ស្វាហាប់​ក្នុង​ការ​ប្រឡង​ ​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​មិន​ប្រក្រតី​ណាមួយ​ដែល​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ឡើយ​៕​ ​

Advertisement