វេស​ឡាញ​ ​ចាប់ដៃ​ជាមួយ​ ​KOOMPI​ ​បង្កើត​ក្លិប​អ្នក​វិទ្យាសាស្រ្ត​ជំរុញ​ការបង្កើត​ថ្មី​ឱ្យ​កាន់តែ​សម្បូរ​បែប​

​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ ​4.0នេះ​ ​វិទ្យាសាស្រ្ត​ ​និង​បច្ចេកវិទ្យា​ ​គឺជា​ច្រក​យ៉ាង​សំខាន់​ដែល​អាច​ជួយ​យុវជន​ឱ្យ​អភិវឌ្ឍ​ខ្លួន​សម្រាប់​ប្រកួតប្រជែង​ក្នុង​ពិភព​ការងារ​ដែល​ពោរពេញ​ដោយ​ការប្រកួត​ប្រជែង​ខ្ពស់​បាន​យ៉ាង​ល្អ​។​ ​ទន្ទឹម​នឹង​នេះ​ ​វា​ក៏​ជាផ្នែក​មួយ​ក្នុង​ការ​ជួយ​ដល់​សង្គម​តាមរយៈ​ស្នាដៃ​នវានុវត្តន៍​ថ្មី​ៗ​របស់​ប្រជាជន​សម្រាប់​នាំចេញ​ ​ឬ​បម្រើ​ឱ្យ​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស​ថែមទៀត​ផង​។​

​ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​ការ​បណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ​ ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ ​KOOMPI​ ​ដើម្បី​បង្កើត​ក្លិប​អ្នក​វិទ្យ​សាស្រ្ត​វ័យក្មេង​សម្រាប់​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​យល់ដឹង​ពី​ការ​សរសេរ​កូដ​ ​និង​កម្មវិធី​វិទ្យាសាស្ត្រ​ជាច្រើន​ផ្សេងទៀត​ដែល​ពិភពលោក​កំពុង​ត្រូវការ​។​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​អគ្គនាយក​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​ ​វិទ្យ​សាស្ត្រ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សង្គម​ ​និង​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ​ព្រោះ​ប្រសិនបើ​គិត​ពី​ផ្នែក​សេដ្ឋកិច្ច​យើង​អាច​ដើរក្រោយ​គេ​ ​តែ​ប្រសិនបើ​គិត​ពី​បច្ចេកវិទ្យា​យើង​អាច​លោត​មក​ស្មើ​គេ​បាន​ ​ព្រោះ​យុវជន​ម្នា​ក់ៗ​សុទ្ធតែ​មាន​សមត្ថភាព​ ​និង​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ទាំងអស់​។​ ​លោក​បន្ថែម​ថា​ ​ការ​ចាប់ដៃ​គ្នា​ជាមួយ​ ​KOOMPI​ ​បង្កើត​មជ្ឈមណ្ឌល​អ្នក​វិទ្យាសាស្រ្ត​វៃ​ក្មេង​នេះ​ឡើង​ ​គឺ​ក្នុង​គោលបំណង​ផ្តល់​ឱ្យ​គាត់​នូវ​កន្លែង​ពហុ​សិក្សា​មួយ​ ​(​co​-​learning​ ​space​)​ ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ការ​សរសេរ​កូដ​ ​និង​វិទ្យា​សា​ស្ត្​រ​ផ្សេង​ៗ​ទៀត​។​ ​យើង​ទាំងអស់គ្នា​សុទ្ធតែ​មើលឃើញ​ហើយ​ថា​ ​ក្មេង​ៗ​ ​ឬ​យុវជន​របស់​យើង​មាន​សក្តា​នុ​ពល​ឥតព្រំដែន​ ​ហេតុនេះ​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិទ្យាសាស្រ្ត​នេះ​ ​គឺជា​ការជំរុញ​ឱ្យ​សក្តា​នុ​ពល​របស់​សិស្ស​យើង​ឱ្យ​កាន់តែ​ខ្លាំង​ ​ហើយ​បង្កើត​សមិទ្ធផល​វិទ្យា​សា​ស្ត្​រថ្មីៗ​បន្ថែម​ទៀត​ដែល​ឆ្លើយតប​ជាមួយ​សេចក្តី​ត្រូវការ​ក្នុង​សង្គម​។​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​ជឿជាក់​ថា​ ​សិស្សរបស់​យើង​នឹង​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​លើ​ផ្នែក​វិទ្យាសាស្ត្រ​ ​ស្រប​ពេល​ដែល​សង្គម​របស់​យើង​ត្រូវការ​អ្នក​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ដើម្បី​បម្រើ​ឱ្យ​តម្រូវការ​នានា​លើ​គ្រប់​វិស័យ​ទាំងអស់​»​។​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​បាន​បន្ថែម​ទៀត​ថា​ ​យើង​រំពឹង​ទុក​ថា​ ​ប៉ុន្មាន​ឆ្នាំក្រោយ​នឹង​មាន​សមិទ្ធផល​វិទ្យា​សា​ស្ត្​រថ្មីៗ​ដែល​កើត​ចេញពី​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​នៃ​សិស្សរបស់​យើង​ ​ព្រោះ​អ្វី​ដែល​សិស្ស​កំពុង​ស្រាវជ្រាវ​ ​និង​អនុវត្ត​នេះ​ ​គឺ​ធ្វើឡើង​ដោយ​ក្តី​ស្រឡាញ់​ពិតប្រាកដ​។​ ​យើង​ចង់​ឃើញ​យុវជន​របស់​យើង​ ​ដូចជា​យុវជន​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​មួយចំនួន​ ​ដែល​អាយុប្រមាណ​ ​16​-​17ឆ្នាំ​អាច​ក្លាយជា​សហគ្រិន​បាន​ ​បន្ទាប់ពី​រួមគ្នា​បង្កើត​បាន​ផលិតផល​ដែល​អាច​ធ្វើអាជីវកម្ម​បាន​ផង​ ​និង​ផ្តល់​ផលប្រយោជន៍​សម្រាប់​សង្គម​ផង​។​ ​ប្រសិនបើ​មានការ​បង្កើត​ថ្មី​បែបនេះ​មែន​ ​វេស​ឡាញ​ ​ក៏ដូចជា​ ​KOOMPI​ ​អាច​នឹង​រីករាយ​ក្នុង​ការ​វិនិយោគ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​រីកចម្រើន​កាន់តែ​ខ្លាំង​ ​ហើយក៏​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​ថ្មី​កាន់តែ​ខ្លាំង​។​

​លោក​ ​ធុល​ ​រិទ្ធី​ ​ស្ថាបនិក​ ​KOOMPI​ ​បាន​លើកឡើង​ថា​ ​មូលហេតុ​ដែល​លោក​ចាប់អារម្មណ៍​សហការ​ជាមួយ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​ព្រោះ​លោក​បាន​ស្គាល់​ ​និង​បានដឹង​យូរ​មក​ហើយ​ថា​ ​ក្រុមហ៊ុន​នេះ​មាន​បណ្តាញ​សាលារៀន​ដែល​មាន​សិស្ស​ច្រើន​ ​ស្រប​ជាមួយនឹង​ទស្សនវិស័យ​របស់​លោក​ដែល​ចង់ឱ្យ​សិស្ស​ជាច្រើន​មាន​កុំព្យូទ័រ​ដែល​មានចំណេះ​ដឹង​ច្រើន​នៅក្នុង​នោះ​។​ ​ក្នុង​កិច្ចសហការ​នេះ​ ​គឺ​លោក​ចង់ឱ្យ​យុវជន​ជំនាន់​ថ្មី​របស់​យើង​ក្លាយជា​វិស្វករ​បច្ចេកវិទ្យា​ ​ក្លាយជា​អ្នកស្រាវជ្រាវ​ ​និង​ក្លាយជា​អ្នក​ដោះស្រាយ​បញ្ហា​សំ​ខាន់​ៗ​ក្នុង​សង្គម​តាមរយៈ​វិទ្យាសាស្រ្ត​ ​និង​បច្ចេកវិទ្យា​។​

​លោក​ ​ធុល​ ​រិទ្ធី​ ​បាន​និយាយ​ថា​៖​ ​«​យើង​ចង់ឱ្យ​យុវជន​របស់​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​វិទ្យាសាស្រ្ត​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​កើតមានឡើង​នា​ពេល​ខាងមុខ​។​ ​កន្លងមក​ពេល​មាន​បញ្ហា​ម្តង​ៗ​ ​យើង​តែងតែ​ពឹង​គេ​ពី​ខាងក្រៅ​មក​ជួយ​ ​ហើយ​ទម្រាំគេមកដល់​យើង​ត្រូវ​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ ​ហេតុនេះ​អនាគត​ទៅ​ ​យើង​ចង់ឱ្យ​មាន​អ្នកជំនាញ​ដែល​អាច​ដោះស្រាយ​បញ្ហា​ខ្លួនឯង​បាន​»​។​

​លោក​ ​ធុល​ ​រិទ្ធី​ ​បាន​បន្ថែម​ផង​ដែរ​ថា​ ​តាមរយៈ​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត​ដែល​យើង​បង្កើត​ឡើងជា​មួយ​វេស​ឡាញ​ ​នៅ​ថ្ងៃនេះ​ ​យើង​ធ្វើការ​បណ្តុះបណ្តាល​ដោយ​ផ្តល់​សេរីភាព​ដល់​សិស្ស​ក្នុង​ការស្រាវជ្រាវ​ ​និង​សិក្សា​ពី​អ្វី​ដែលគេ​ចង់​សិក្សា​ដោយខ្លួនឯង​។​ ​ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​គេ​រក​ឃើញ​នូវ​សក្តា​នុ​ពល​ ​និង​អ្វី​ដែល​ចង់​ធ្វើ​ពិតប្រាកដ​ ​ដោយ​ក្នុង​នោះ​យើង​បាន​ដាក់​អ្នក​ប្រឹក្សា​យោបល់​ដើម្បី​ជួយ​ពួកគេ​ឱ្យ​កាន់តែ​ខ្លាំង​ ​ព្រោះ​ពួកគេ​អាច​ដោះស្រាយ​ចម្ងល់​ ​និង​មាន​អ្នកជួយ​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​


Advertisement