មិនថា​លទ្ធផល​បែប​ណាក៏ដោយ​ ការ​ត្រៀម​ទទួលយក​ការពិត​គឺជា​វិធី​ដើម្បី​បន្ថយ​ភាព​ភ័យខ្លាច​

មុន​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ បេក្ខជន​ជាច្រើន​តែងតែ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ជាច្រើន​ដូចជា​បារម្ភ​ពី​លំហាត់​ពិបាក​ បារម្ភ​ខ្លាច​ធ្វើ​មិនបាន​ល្អ​ បារម្ភ​ខ្លាច​លទ្ធផល​ចេញ​មក​មិនដូចចិត្ត​ប៉ង​ និង​បារម្ភ​ធំជាង​គេ​ គឺ​បារម្ភ​ខ្លាច​ធ្លាក់​។

នៅពេល​សិស្ស​បារម្ភ​ជ្រុល​ ពួកគេ​នឹង​កើតមាន​អារម្មណ៍​ភ័យ​ព្រួយ​ ហើយ​អារម្មណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ផ្លូវចិត្ត​របស់​បេក្ខជន​មាន​ភាព​មិន​នឹងនរ​ មិន​ជឿជាក់​ និង​បាត់​បាត់​ទំនុកចិត្ត​លើ​ខ្លួនឯង​ ដែល​ទាំងអស់​នេះ​ គឺជា​ដើមហេតុ​នៃ​កំហុស​នានា​សម្រាប់​ការ​ប្រឡង​។

លោក​ ចេង​ បូរិ​ទ្ធ​ គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​ និង​ជា​អតីត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​បាន​លើកឡើង​ថា​ ការ​ប្រឡង​មិនមែន​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ័យ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ​ តែ​សិស្ស​ភាគច្រើន​តែងតែ​បារម្ភ​ទុកមុន​ លើស​ពី​អ្វី​ដែល​កើតមានឡើង​ជាក់ស្តែង​។ មុន​ពេល​ប្រឡង​សិស្ស​ជាច្រើន​បារម្ភ​ខ្លាច​លំហាត់​ចេញ​មក​ពិបាក​ មិន​អាច​ធ្វើ​បាន​ល្អ​ តែ​ស្ថានភាព​ជាក់ស្តែង​វិញ​ នៅ​ពេល​ប្រឡង​ពិតប្រាកដ​ភាគច្រើន​ស្រួល​ជាង​អ្វី​ដែល​ពួកគេ​គិតទៅ​ទៀត​ ព្រោះ​លំហាត់​ប្រឡង​ គេដាក់​សម្រាប់​ឱ្យ​សិស្ស​កម្រិតមធ្យម​អាច​ធ្វើ​បាន​ ហេតុនេះ​ គេ​កំណត់​ត្រឹម​ស្តង់​ដា​មធ្យម​ល្មម​មួយ​ដែល​មិន​លំបាក​ ឬសាំញ៉ាំ​ខ្លាំង​ដូច​លំហាត់​សិស្ស​ពូកែ​នោះ​ទេ​។ ហេតុនេះ​អ្វី​ដែល​សិស្ស​គួរ​គិត​ គឺ​ត្រៀមខ្លួន​ជាមុន​ទទួលយក​ការពិត​ ទោះបី​លំហាត់​ពិបាក​ក៏ដោយ​ ងាយស្រួល​ក៏ដោយ​ វា​ជា​រឿង​សម្រាប់​ទាំងអស់គ្នា​។ ប្រសិនបើ​លំហាត់​នេះ​ពិបាក​ មានន័យថា​ សិស្ស​ទាំងអស់គ្នា​ត្រូវតែ​អនុវត្ត​វា​ដូចគ្នានឹង​យើង​ដែរ​ មិនមែន​លំបាក​តែ​យើង​ម្នាក់ឯង​នោះ​ទេ​។ កុំ​ភ័យ​ទុកមុន​ ព្រោះ​បើ​ភ័យ​ខ្លាំងពេក​ ទោះ​លំហាត់​មិន​ពិបាក​ក៏​យើង​ច្របូកច្របល់​ខ្លួនឯង​ដែរ​។

លោក​ ចេង​ បូរិ​ទ្ធ​ បាន​និយាយ​ថា​៖ “ថ្ងៃ​ប្រឡង​ មិន​មែន​ជា​ថ្ងៃ​ដែល​ត្រូវ​ភ័យ​នោះ​ទេ​ តែ​ផ្ទុយទៅវិញ​ វា​ជា​ថ្ងៃ​ដ៏​រីករាយ​ ព្រោះ​យើង​បាន​បញ្ចេញ​សមត្ថភាព​ពិតប្រាកដ​ដើម្បី​ឆ្លង​ទៅ​ដំណាក់កាល​ថ្មី​មួយទៀត​សម្រាប់​ជីវិត​។ ប្រសិនបើ​យើង​ទទួល​បាន​លទ្ធផល​ល្អ​ មាន​ន័យ​ថា​ ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​មានប្រយោជន៍​ខ្លាំង​ណាស់​ តែ​ប្រសិនបើ​យើង​មិនទាន់​ទទួល​បាន​លទ្ធផល​ល្អ​ ក៏​មិនមែន​ជា​រឿង​ដែល​ត្រូវ​មក​ដេក​ឈឺ​ក្បាល​ពេក​នោះ​ដែរ​ ព្រោះ​យើង​នៅ​មាន​ជម្រើស​ជាច្រើន​ផ្សេងទៀត​”។

លោក​ បូរិ​ទ្ធ​ បាន​ណែនាំ​ថា​ ការ​ប្រឡង​ជា​រឿង​មួយ​ដែល​សិស្ស​គ្រប់រូប​មិន​អាច​គេច​ផុត​ឡើយ​ ហេតុ​នេះ​គ្មានអ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ខ្លាំងពេក​នោះ​ទេ​ ទោះ​បារម្ភ​ក៏​ត្រូវតែ​ប្រឡង​ មិន​បារម្ភ​ក៏​ត្រូវតែ​ប្រឡង​ ហើយ​បើ​មិនទៅ​ប្រឡង​ក៏​នឹង​រឹតតែ​បារម្ភ​ខ្លាំង​ទៅទៀត​ ដូច្នេះ​អ្វី​ដែល​សិស្ស​អាច​ធ្វើ​បាន​នោះ​ គឺ​ខិតខំ​ប្រឹងប្រែង​ដើម្បី​រំឭក​មេរៀន​ អនុវត្ត​លំហាត់​ និង​សម្រាក​ឱ្យ​បាន​ល្អ​ ដើម្បី​រក្សា​ថាមពល​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​សម្រាប់​ចូលរួម​ប្រឡង​ដោយ​ទំនុកចិត្ត​ខ្ពស់​។

ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល​ Start​ Up​ Cambodia​ លោក​ គីម​ ដារ៉ា​ បាន​លើកឡើង​ថា​ សិស្ស​មិន​គួរ​ភ័យ​ព្រួយ​ ឬសោកសៅ​ខ្លាំងពេក​នោះ​ទេ​ចំពោះ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ​ ព្រោះ​គ្មាន​ផ្នែក​ណាមួយ​ខាត​នោះ​ទេ​សម្រាប់​បេក្ខជន​ម្នាក់​។ ការ​ប្រឡង​គ្រាន់តែ​ជា​ដំណាក់កាល​ក្នុង​ការ​ធ្វើតេស្ត​សមត្ថភាព​សិស្ស​ក្រោយពេល​បញ្ចប់​ការសិក្សា​កម្រិត​មធ្យមសិក្សា​តែប៉ុណ្ណោះ​ មិនមែន​បង្ហាញ​ពី​ចំណុច​ជោគជ័យ​ ឬបរាជ័យ​នៃ​ជីវិត​ទាំងមូល​នោះ​ទេ​។ វា​គ្រាន់តែ​ជា​ដំណាក់កាល​មួយ​ក្នុង​ការ​រំឭក​យើង​ឱ្យ​ដឹង​ថា​ តើ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បន្ត​ដំណើរ​ទៅមុខ​ទៀត​នៅពេល​នេះ​ ឬមិន​ទាន់​មាន​សមត្ថភាព​សម្រាប់​បន្ត​ទៅ​កម្រិត​ឧត្តម​សិក្សា​តែ​ប៉ុណ្ណោះ​។ ហេតុនេះ​ហើយ​ សិស្ស​មិន​គួរ​បារម្ភ​ខ្លាំង​ជ្រុល​ពេក​នោះ​ទេ​ មិនថា​លទ្ធផល​ចេញ​មក​បែប​ណា​ ក៏​សុទ្ធតែ​ជា​លទ្ធផល​ដែល​អាច​ទទួលយក​បាន​ទាំងអស់​ ហើយ​បន្ត​ខិតខំ​ប្រឹងប្រែង​តទៅទៀត​។

លោក​ គីម​ ដារ៉ា​ បាន​និយាយ​ថា​៖ “លទ្ធផល​បែប​ណាក៏ដោយ​ ក៏​មិន​គួរ​បារម្ភ​ពេក​ដែរ​ អ្វី​ដែល​គួរ​ធ្វើ​ គឺ​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ ប្រសិនបើ​យើង​ជាប់​ យើង​អាច​មាន​ជម្រើស​សម្រាប់​បន្ត​ការសិក្សា​ ឬចាប់​យក​វិជ្ជា​ជី​វៈ​ខ្ពស់​ៗបន្ថែម​ទៀត​ តែ​ប្រសិនបើ​យើង​មិន​ជាប់​ យើង​ក៏អាច​សិក្សា​ម្តង​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​គ្រឹះ​ឱ្យ​ខ្លាំង​ឡើង​ ឬអាច​ចាប់​យក​វិជ្ជាជីវៈ​ណា​ដែល​ស័ក្តិសម​ជាមួយនឹង​សមត្ថភាព​របស់​យើង​តែម្ដង​ក៏បាន​”។

អ្នកអប់រំ​ខាងលើ​បាន​បញ្ជាក់​ថា​ មិនថា​បែប​ណា​នោះ​ទេ​ សិស្ស​គួរតែ​ត្រៀម​ចិត្ត​ទទួលយក​ការពិត​ កុំ​ស្លន់ស្លោ​ កុំ​បាក់ទឹកចិត្ត​ ឬកុំ​អស់សង្ឃឹម​ ព្រោះ​ជីវិត​របស់​យើង​នៅ​វែងឆ្ងាយ​ណាស់​។ ភាព​ជោគជ័យ​មិន​កំណត់​ត្រឹម​ជាប់​ ឬធ្លាក់​បាក់ឌុប​នេះ​ទេ​។ អ្នក​ជាប់​បាក់ឌុប​ក៏​ត្រូវ​ចំណាយពេល​យូរ​ទៀត​ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​ការសិក្សា​ និង​អាជីព​ ហើយ​អ្នក​មិន​ជាប់​បាក់ឌុប​ក៏​ត្រូវ​ចំណាយពេល​វេលា​ច្រើន​បន្ថែម​ទៀត​ដូចគ្នា​ គ្រាន់តែ​លើ​ផ្លូវ​ និង​វិធី​ខុសគ្នា​ប៉ុណ្ណោះ​។

សូម​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​ប្រឡង​ ជាជាង​យក​ខួរក្បាល​ទៅ​បារម្ភ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រឡង​ជាក់ស្តែង​…៕

Advertisement