បើ​គ្មាន​ការប្រែប្រួល​ ​លទ្ធផល​បាក់ឌុប​នឹង​ចេញ​នៅ​ថ្ងៃទី10​ ​ខែ9​ ​ខណៈ​ការ​កែ​វិញ្ញាសា​កំពុង​ធ្វើឡើង​យ៉ាង​តឹងរ៉ឹង​និង​ច្បាស់លាស់​ ​

បើ​គ្មាន​ការប្រែប្រួល​ទេ​ ​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​នៅ​ឆ្នាំ2019​ ​នេះ​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី10​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្តកណ្តាល​ ​និង​ថ្ងៃទី​ ​11​ ​ខែកញ្ញា​ ​សម្រាប់​គ្រប់​មណ្ឌល​ប្រឡង​នៅ​ទូទាំង​ប្រទេស​។​ ​នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្តម​ ​ហង់​ជួន​ ​ណា​រ៉ុន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ដែល​បាន​លើកឡើង​ក្រោយពេល​បញ្ចប់​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។​ ​

​ចំពោះ​ការ​កែ​វិញ្ញាសា​វិញ​ ​នៅ​គ្រប់​មណ្ឌល​កំណែ​ទាំងអស់​នា​ថ្ងៃទី26​ ​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​ក្រសួង​អប់រំ​ ​បាន​បញ្ជាក់​ថា​ ​នៅ​គ្រប់​មណ្ឌល​កំណែ​ ​មានការ​អនុវត្ត​តាម​វិន័យ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ធានា​ពី​សុក្រឹតភាព​នៃ​ការ​ធ្វើ​កំណែ​។​ ​សមាជិក​កំណែ​នៅ​តាម​មណ្ឌល​ទាំង10​ ​កំពុង​បំពេញភារកិច្ច​ដោយមាន​ការ​ពង្រឹង​វិន័យ​តាម​ម៉ោង​កំណត់​ ​ទ្វារ​ត្រូវ​បិទ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ចូល​ ​និង​ចេញ​ក្នុង​ម៉ោង​ធ្វើការ​នោះ​ទេ​។​ ​សម្រាប់​មន្ត្រី​កំណែ​ទាំងអស់​ ​មិន​អនុញ្ញាត​ឱ្យ​យក​ទូរស័ព្ទ​ ​និង​ឧបករណ៍​អេឡិចត្រូនិក​ចូល​ឡើយ​។​ ​ហេតុនេះ​ការ​កែ​វិញ្ញាសា​នៅ​ឆ្នាំនេះ​ធ្វើឡើង​ដោយ​រលូន​ ​និង​មិន​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ឡើយ​៕​ ​

Advertisement