អបអរសាទរ កូនខ្មែរអាចដណ្តើមបានមេដាយ​ពី Robotics Olympiad ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

យុវជនកម្ពុជា 1ក្រុម​ដែលបានចេញទៅប្រកួតគ្រឿងយន្តស្វ័យប្រវត្តិ Robotics Olympiad នៅទីក្រុងឌូបៃកាលពីពេលថ្មីៗនេះ និងបានទទួលលទ្ធផលប្រកបដោយភាពវិជ្ជមានសម្រាប់ប្រទេស ដោយពួកគេដណ្តើមបានមេដា​យ International Enthusiasm។ នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំយុវជន និងកីឡា នៅពេលមុននេះបន្តិច។

ក្រសួង​អប់រំ បានបញ្ជាក់ថា សិស្សានុសិស្សដែលបានទទួលមេដាយនេះមានចំនួន 5នាក់ មកពីសាលា E2STEM ព្រមទាំងគ្រូ 2នាក់តំណាងឱ្យប្រទេសកម្ពុជា ដែលបានចូលរួមប្រកួតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី22 ដល់ថ្ងៃទី27 ខែតុលា ឆ្នាំ2019នេះ។ ការប្រកួតនេះ គឺផ្តោតលើការប្រើប្រាស់​រ៉ូបូត ដើម្បីសម្អាតកាកសំណល់នានាក្នុងមហាសមុទ្រ។

ក្នុងកម្មវិធីនេះ ក្រុមរបស់កម្ពុជាបានក្លាយជាក្រុម​ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត3 នៃតំបន់អាស៊ាន និងស្ថិតក្នុងលំដាប់ថ្នាក់ទី37 ក្នុងចំណោម​ប្រទេស 189លើពិភពលោក។ មេដាយដែលក្រុមកម្ពុជាទទួលបានគឺមេដាយប្រាក់ International Enthusiasm Award ដែលនេះជាមោទនភាពថ្មីមួយសម្រាប់កម្ពុជា៕

 

Advertisement