មនុស្សម្នាក់​គួរ​ធ្វើសកម្មភាព​ដើម្បី​សង្គម​ឱ្យ​បាន​ម្តង​ ដើម្បី​ជំរុញ​ជីវិត​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​

ការ​ធ្វើសកម្មភាព​ស្ម័គ្រចិត្ត​ដើម្បី​សង្គម​ ឬចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ដើម្បី​ធ្វើសកម្មភាព​មនុស្សធម៌​ជា​រឿង​ដែល​មនុស្ស​ទូទៅ​កោតសរសើរ​ ហើយ​ទន្ទឹម​នឹង​ការ​ទទួល​បានការ​កោតសរសើរ​ពី​អ្នកដទៃ​ វា​ក៏​ជា​កត្តា​ជំរុញ​ផ្លូវចិត្ត​មួយ​ដ៏​ល្អ​ប្រសើរ​ផង​ដែរ​។

លោក​ នឹម​ ឈុ​ន្នី​ គ្រូ​បណ្តុះបណ្តាល​ផ្នែក​សមាធិ​ បាន​លើកឡើង​ថា​ ការ​ធ្វើសកម្មភាព​មនុស្សធម៌​ ជា​រឿង​ដ៏​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា​គួរ​សាកល្បង​អនុវត្ត​ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​រីករាយ​ជាមួយនឹង​អ្វី​ដែល​យើង​បាន​ធ្វើ​ប៉ុណ្ណោះទេ​ តែ​វា​ក៏​ជា​ការ​ចងចាំ​ដ៏​ល្អ​ និង​ជា​កត្តា​ជំរុញ​ទឹកចិត្ត​ដ៏​ខ្លាំងក្លា​ផង​ដែរ​ក្នុង​ដំណើរ​ជីវិត​។ លោក​ថា​ បំណង​ក្នុង​ការ​ធ្វើសកម្មភាព​ណា​មួយ​ដើម្បី​សង្គម​ ដូចជា​ការ​ធ្វើសកម្មភាព​មនុស្សធម៌​ជាដើម​ កើតឡើង​នៅពេល​យើង​បានឃើញ​បញ្ហា​សង្គម​ ឬបានឃើញ​បញ្ហា​មួយ​ដែល​វា​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ដំណើរ​ជីវិត​។ ឧទាហរណ៍​ជាក់ស្តែង​ ប្រសិនបើ​យើង​ធ្លាប់​ជា​កុមារ​ម្នាក់​ដែល​ទទួល​បាន​ការសង្គ្រោះ​ពី​មន្ទីរពេទ្យ​ណាមួយ​ ឬមានសាច់​ញាតិ​ធ្លាប់​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​មន្ទីរពេទ្យ​ណាមួយ​ បន្ទាប់មក​យើង​ឃើញថា​ ស្ថាប័ន​នោះ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ នៅពេល​នោះ​ ភាគច្រើន​យើង​នឹង​ចង់​ចូលរួម​ចំណែក​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​។ សកម្មភាព​ក្នុង​ការចូលរួម​ចំណែក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ នឹង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ បាន​តបស្នង​ដ៏​ល្អ​ និង​បន្ត​ជំរុញ​ឱ្យ​អ្នកដទៃ​ផ្សេងទៀត​ទទួល​បាន​នូវ​អត្ថ​ប្រ​-យោជន៍​ ឬជា​ការចូលរួម​បន្ត​ជួយ​ជីវិត​អ្នកដទៃ​ជាដើម​។លោក​ នឹម​ ឈុ​ន្នី​ បាន​និយាយ​ថា​៖ “អារម្មណ៍​នៃ​ភាព​រីករាយ​នេះ​ នឹង​ជំរុញ​ឱ្យ​យើង​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ក្នុង​ដំណើរ​ជីវិត​ដើម្បី​អភិវឌ្ឍ​ជីវិត​ និង​ជីវភាព​សម្រាប់​បន្ត​ជួយ​ដល់​គ្រប់​ផ្នែក​ដែល​យើង​គិតថា​ មានតម្លៃ​សម្រាប់​ការរស់នៅ​។

ម្យ៉ាងវិញទៀត​ វា​ដូចជា​បុព្វហេតុ​ជីវិត​មួយ​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​មានន័យ​ ព្រោះ​ការរស់នៅ​របស់​យើង​មិន​ត្រឹមតែ​ធ្វើ​ដើម្បី​តែ​ភាព​សុខសាន្ត​ម្នាក់ឯង​នោះ​ទេ​ តែ​យើង​បាន​ប្រើប្រាស់​ធាន​ធាន​ និង​ទឹកចិត្ត​ដើម្បី​បង្កើត​ភាព​រីករាយ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​”។

លោ​កឈុ​ន្នី​ បាន​បន្ត​ថា​ ប្រសិនបើ​អាច​ យើង​គួរ​ចាប់ផ្តើម​ធ្វើសកម្មភាព​ណាមួយ​ដែល​បង្ហាញ​ពី​ចំណុច​តស៊ូ​ ឬធ្វើ​រឿង​លំបាក​ណាមួយ​ដើម្បី​ប្រមូល​ផ្តុំ​មនុស្ស​ឱ្យ​បាន​ច្រើន​សម្រាប់​ធ្វើសកម្មភាព​មនុស្សធម៌​។ នៅពេល​នោះ​ យើង​នឹង​ឃើញថា​ ជីវិត​របស់​យើង​នឹង​ផ្លាស់​ប្តូរ​កាន់តែ​ប្រសើរ​។ ជាក់ស្តែង​ សម្រាប់​លោក​គឺ​បាន​ធ្វើសកម្មភាព​រត់​ចម្ងាយ​ឆ្ងាយ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​ជាដើម​។ ការ​ធ្វើបែប​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ព្រោះ​មុន​ពេល​ចាប់ផ្តើម​ គឺ​ត្រូវ​ការ​ហ្វឹកហាត់​កាយសម្បទា​ ស្មារតី​ និង​ត្រូវ​ត្រៀម​ច្រើន​ណាស់​ ដើម្បី​ធានា​ថា​ ដល់​ថ្ងៃ​បញ្ចេញ​សកម្មភាព​ពិតប្រាកដ​ នឹង​មិន​មាន​បញ្ហា​។ ការ​ត្រៀម​ ក៏​ត្រូវការ​ភាព​អត់ធ្មត់​ខ្លាំង​ផង​ដែរ​ដោយ​ត្រូវ​ហ្វឹកហាត់​ទាំង​ការ​រត់​នៅ​ក្រោមទឹក​ភ្លៀង​ ការ​រត់​កណ្តាល​ថ្ងៃត្រង់​ និង​ការ​តស៊ូ​ជាមួយនឹង​ភាព​អំណត់​ផ្ទាល់ខ្លួន​។ សកម្មភាព​នេះ​ មិន​ត្រឹមតែ​អាច​ជួយ​ដល់​អ្នកដទៃ​បាន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​ជា​ការ​ពង្រឹងស្មារតី​ឱ្យ​មានការ​តស៊ូ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​ផង​ដែរ​។

គ្រូបង្រៀន​ផ្នែក​សមាធិ​ និង​ផ្លូវចិត្ត​ខាងលើ​ បាន​លើកឡើង​ផង​ដែរ​ថា​ ជា​ធម្មតា​នៅក្នុង​ដំណើរ​ជីវិត​របស់​យើង​មានរឿង​ច្រើនណាស់​ដែល​ជា​ឧបសគ្គ​ ខណៈ​ពេលខ្លះ​ ឧបសគ្គ​ទាំងអស់​នោះ​ធ្វើ​ឱ្យ​យើង​នឿយហត់​ ឬស្ទើរតែ​បោះបង់​ការ​តាំងចិត្ត​ចោល​ តែ​នៅ​ពេលនោះ​យើង​នឹង​នឹកឃើញ​ពី​ការ​តស៊ូ​ដែល​យើង​ធ្លាប់ធ្វើ​បាន​ជោគជ័យ​ក្នុង​សកម្មភាព​មនុស្សធម៌​របស់​យើង​ ដោយ​ធ្លាប់​តស៊ូ​លំបាក​គ្រប់បែបយ៉ាង​ដើម្បី​ឱ្យ​ដល់​គោលដៅ​។ ពេលខ្លះ​បញ្ហា​ជីវិត​មិន​ធ្ងន់ធ្ងរ​ដូច​យើង​គិត​ពេក​នោះ​ទេ​ តែ​ប្រសិនបើ​យើង​គ្មានកម្លាំង​ចិត្ត​ ឬព្រឹត្តិ​ការណ៍​ណាមួយ​ឱ្យ​យើង​រំឭក​ទេ​នោះ​ យើង​អាច​គិតថា​ វា​ជា​រឿង​ធ្ងន់ធ្ងរ​។ ផ្ទុយ​មកវិញ​ ប្រសិនបើ​យើង​ធ្លាប់​តស៊ូ​លំបាក​ទាំង​កម្លាំងកាយ​ និង​ការ​តស៊ូ​ជម្នះ​ឧបសគ្គ​ដ៏​ខ្លាំងក្លា​ក្នុង​ដំណាក់កាល​ណាមួយ​ក្នុង​ជីវិត​ យើង​អាចយ​ករឿង​នោះ​មក​ឆ្លុះបញ្ចាំង​នៅពេល​យើង​ជួប​ឧបសគ្គ​បាន​។ នៅពេល​នោះ​ យើង​នឹង​ឃើញ​ថា​ ឧបសគ្គ​ដែល​យើង​កំពុង​ជួបប្រទះ​នេះ​ មិន​ធ្វើ​ឱ្យ​យើង​លំបាក​ខ្លាំង​ ឬនឿយហត់​ខ្លាំងពេក​ទេ​សម្រាប់​ជីវិត​។

ព្រះ​តេជគុណ​ គូ​ សុភាព​ សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​លើកឡើង​ថា​ ការ​ធ្វើ​ល្អ​ ជា​វិធីសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​។ មនុស្ស​ម្នា​ក់ៗ​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​សេចក្តី​សុខ​ និង​សេចក្តី​ទុក្ខ​មិន​អាច​ចៀស​ផុត​បាន​នោះ​ទេ​។ ពេលខ្លះ​យើង​ត្រូវ​ជួប​បញ្ហា​ស្មុគស្មាញ​ដែល​ធ្វើ​ឱ្យ​យើង​បាក់ទឹកចិត្ត​ ឬបញ្ហា​ណាមួយ​ធ្វើ​ឱ្យ​យើង​រក​ច្រកចេញ​មិនឃើញ​ ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​រឿង​ធំ​សម្រាប់​យើង​។ ការ​រក​ច្រកចេញ​មិនឃើញ​នេះ​ ដោយសារតែ​យើង​នៅត្រាំត្រែង​តែ​ក្នុង​បញ្ហា​នេះ​យូរ​ពេក​ ដែល​ធ្វើ​ឱ្យ​រឿង​តូច​ក្លាយជា​រឿង​ធំ​ ឬអ្នកខ្លះ​ដល់​ថ្នាក់​សម្លាប់​ខ្លួន​ក៏​មាន​។ ការ​ធ្វើសកម្មភាព​មនុស្សធម៌​ ឬការ​ធ្វើបុណ្យ​ដល់​អ្នកដទៃ​នេះ​ នឹងអាច​ជួយ​ដល់​ផ្លូវចិត្ត​បាន​យ៉ាង​ប្រសើរ​។

ព្រះ​តេជគុណ​ គូ​ សុភាព​ មាន​សង្ឃដីកា​ថា​៖ “បើ​យើង​កំពុង​មានទុក្ខ​ ឬមាន​បញ្ហា​ក្នុង​ជីវិត​យើង​ប្រាកដ​ជា​មិន​ចង់​ជួប​មនុស្ស​ ឃុំខ្លួន​ឯង​ ឬអង្គុយ​គិត​មិន​អស់​ចិត្ត​លើ​រឿង​ទាំងអស់​នោះ​ ដែល​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ស្មុគស្មាញ​។ ហេតុនេះ​គួរ​សាកល្បង​ចេញ​មក​ក្រៅ​ ហើយ​ធ្វើសកម្មភាព​មនុស្សធម៌​ ឬធ្វើល្អ​ឱ្យ​បាន​ច្រើន​ នៅពេល​នោះ​យើង​នឹង​មានចិត្ត​រីករាយ​។ ចិត្តរីករាយ​នេះ​ហើយដែល​ជា​ចំណុច​ចាប់ផ្តើម​ល្អ​មួយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ ឬធ្វើ​ឱ្យ​យើង​មើលឃើញ​ពីសា​រៈសំ​ខាន់​កាន់តែ​ខ្លាំង​ក្នុង​ការរស់នៅ​របស់​យើង​”។

ព្រះ​តេជគុណ​បន្ត​ថា​ ពេល​យើង​មានទុក្ខ​ វា​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ចិត្ត​របស់​យើង​រីករាយ​ ឡើង​វិញ​ តែ​ប្រសិនបើ​ការ​ធ្វើល្អ​អាច​ធ្វើ​ឱ្យ​ចិត្ត​យើង​រីករាយ​បាន​ នោះ​វា​ជាស​ញ្ញាណ​វិជ្ជមាន​មួយ​ដែល​ធ្វើ​ឱ្យ​យើង​អាច​ដកឃ្លា​ពី​បញ្ហា​ទាំងអស់​នោះ​។ នៅពេល​យើង​បាន​ចេញរួច​ពី​បញ្ហា​មួយ​ហើយ​ ហើយ​ងាក​ទៅ​មើល​វា​វិញ​ យើង​នឹង​ឃើញថា​ វា​មិនមែន​ជា​រឿង​ធំ​ពេក​នោះ​ទេ​ ហើយ​យើង​អាច​កំណត់​បញ្ហា​ដោយ​ស្ងប់ចិត្ត​ដើម្បី​ដោះស្រាយ​ប្រកបដោយ​ថាមពល​។ មនុស្សយើង​ម្នា​ក់ៗ​មាន​សមត្ថភាព​ និង​ថាមពល​ខ្លាំងក្លា​ តែ​ស្ថានភាព​ល្អ​នេះ​ ភាគច្រើន​កើតឡើង​នៅពេល​យើង​មាន​អារម្មណ៍ល្អ​ និង​រីករាយ​តែប៉ុណ្ណោះ​។ ហេតុនេះ​ការ​ធ្វើល្អ​ មិន​ត្រឹមតែ​ជួយ​ដល់​អ្នកដទៃ​ប៉ុណ្ណោះទេ​ តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​ផង​ដែរ​សម្រាប់​ការរស់នៅ​របស់​សាមី​មនុស្ស​ម្នា​ក់ៗ​ទៀតផង​៕

Advertisement