ហេតុអ្វី​គួរ​បង្កើត​បណ្ណាល័យ​នៅក្នុង​ផ្ទះ​?

ការ​អាន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​វិធីសាស្ត្រ​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​មនុស្ស​លើ​ពិភពលោក​ ព្រោះ​មិនថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ឬអភិវឌ្ឍន៍​ហើយ​នោះ​ទេ​ បច្ចុប្បន្ន​នេះ​គេ​តែងតែ​ជំរុញ​គ្រប់​លទ្ធភាព​ដើម្បី​ឱ្យ​មនុស្ស​ស្រឡាញ់​ការ​អាន​ឱ្យ​បាន​ច្រើន​។ នៅក្នុង​ប្រទេស​មួយចំនួន​ ជាពិសេស​បស្ចិមប្រទេស​ គេ​និយម​ដាក់​បណ្ណាល័យ​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ​ ឬយ៉ាងហោចណាស់​ក៏​មាន​បណ្ណាល័យ​តូច​មួយ​នៅក្នុង​ផ្ទះ​ដើម្បី​ប្រើប្រាស់​ក្នុង​គ្រួសារ​ដែរ​ ខណៈ​នៅ​ប្រទេស​កម្ពុជា​ និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ មិន​ទាន់​សម្បូ​អ្នកបង្កើត​បណ្ណាល័យ​នៅក្នុង​ផ្ទះនៅ​ឡើយ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ ប៊ួយ​ សុធន​ ស្ថាបនិក​ហាង​លក់​សៀវភៅ​ My​ Book​ Shop​ បាន​លើកឡើង​ថា​ មនុស្ស​គ្រប់រូប​សុទ្ធតែ​ដឹង​ហើយ​ថា​ ពិភពលោក​ទាំងមូល​មានការ​ផ្លាស់​ប្តូរ​ និង​រីកចម្រើន​លឿន​ខ្លាំង​ណាស់​ រួម​ទាំង​សង្គម​កម្ពុជា​ផង​ដែរ​។ បច្ចុប្បន្ន​នេះ​ យើង​កំពុង​ឈានជើង​ចូល​ជា​បណ្តើរ​ៗទៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដូច្នេះ​ទាមទារ​ឱ្យ​យើង​ព្យាយាម​រិះរក​មធ្យោបាយ​នានា​ ជាពិសេស​ការ​សិក្សា​រៀនសូត្រ​ដើម្បី​ទៅ​ឱ្យ​ឆ្ងាយ​ ឱ្យ​ផុត​ពី​អ្វី​ដែល​មនុស្សយន្ត​ ឬបច្ចេកវិទ្យា​អាច​ធ្វើ​ជំនួស​មនុស្ស​បាន​ នោះ​គឺ​ការប្រើ​ប្រាស់​បញ្ញា​ គំនិត​ ស្មារតី​ និង​ការស្រមើស្រមៃ​ដែល​គ្មាន​ដែន​កំណត់​របស់​យើង​។

ចំណុច​នេះ​ អ្នកជំនាញ​អភិវឌ្ឍន៍​សង្គម​លើ​ពិភពលោក​បាន​ឯក​ភាព​ដូច​ៗគ្នា​។ ការងារ​ដែល​ដំណើរ​ការ​ដដែល​ៗ វិលចុះវិលឡើង​ នឹង​ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា​។ ហេតុនេះ​ ការបង្កើត​ទម្លាប់​អាន​សៀវភៅ​ គឺជា​រឿង​ចាំបាច់​ ហើយ​ប្រសិនបើ​អាច​មានការ​រៀបចំ​បណ្ណាល័យ​តូច​ ឬធ្នើរ​ទូ​ដាក់សៀវភៅ​សមរម្យ​មួយ​នៅក្នុង​ផ្ទះ​ផង​នោះ​ គឺជា​រឿង​ប្រពៃ​ណាស់​សម្រាប់​អនាគត​វែងឆ្ងាយ​របស់​គ្រួសារ​យើង​ ហើយ​ការ​បណ្តុះ​ទម្លាប់​និស្ស័យ​អាន​ពីក្មេង​មក​ គឺជា​កត្តា​ចាំបាច់​បំផុត​មួយ​។

លោក​ ប៊ួយ​ សុធន​ បាន​និយាយ​ថា​៖ «ប្រសិន​បើ​មាន​បណ្ណាល័យ​ និង​មានទម្លាប់​ល្អ​ក្នុង​ការ​អាន​ក្នុង​ផ្ទះ​ ក្មេង​ៗនឹង​មាន​សមត្ថភាព​លើ​ការរៀនសូត្រ​ពេញ​មួយ​ជីវិត​ ព្រមទាំង​មិន​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ​នៅពេល​ពួកគេ​ធំ​ពេញវ័យ​ឡើង​»។

លោក​សុធន​ បាន​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ ថ្វី​ដ្បិតតែ​បច្ចេកវិទ្យា​អាច​ធ្វើ​ឱ្យ​យើង​អាន​បែប​ ebook​ ឬ free​ pdf​ ក៏ដោយ​ ក៏ប៉ុន្តែ​វា​នៅតែ​មានគុណ​សម្បត្តិ​ និង​គុណវិបត្តិ​របស់​វា​ ដែល​នៅតែ​ទាមទារ​ឱ្យ​យើង​គួរ​មានកូន​បណ្ណាល័យ​តូច​មួយ​នៅក្នុង​ផ្ទះ​។ នៅ​កម្ពុជា​ ការប្រើ​ប្រាស់​ ebook​ នៅ​មិនទាន់​សម្បូរ​បែប​ និង​មាន​ចំនួន​អ្នកចេះ​ប្រើ​តិច​នៅឡើយ​ ហើយ​ការ​អាន​តាម​អ៊ី​នធើ​ណិ​ត ឬ Ebook​ ច្រើនតែ​ជា​ចំណេះដឹង​ ឬព័ត៌មាន​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​ ដែល​ទាមទារ​ឱ្យ​អ្នកអាន​ជាច្រើន​ងាក​មក​អាន​សៀវភៅ​ដែល​បោះពុម្ព​ផ្សាយ​វិញ​។ ម្យ៉ាងវិញទៀត​សម្រាប់​ក្មេង​ៗ វា​មិនមែន​ជា​រឿង​ល្អ​ពេក​នោះ​ទេ​ ដែល​បច្ចុប្បន្ន​នេះ​យើង​កំពុង​ព្យាយាម​ឱ្យ​គាត់​នៅ​ឆ្ងាយ​ពី​បច្ចេកវិទ្យា​ ដែល​ប៉ះពាល់​ដល់​ការ​រីក​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី​របស់​គាត់​ ហើយ​ឱ្យ​គាត់​មើលសៀវភៅ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នោះ​។ ហេតុនេះ​ សៀវភៅ​បោះពុម្ព​អាច​ជា​ជម្រើស​ល្អ​បំផុត​ដែល​អាច​ធ្វើ​ឱ្យ​គាត់​បង្កើត​ទម្លាប់​ល្អ​ប្រចាំថ្ងៃ​ផង​ និង​វា​ជា​គ្រឿងលម្អ​ផ្ទះ​ផង​ ប្រសិនបើ​យើង​ចេះ​រៀបចំ​វា​ឱ្យ​មាន​របៀបរៀបរយ​ស្អាតបាត​នៅក្នុង​ផ្ទះ​។

បន្ថែម​ពីលើ​នេះ​ ម្ចាស់​ស្ថាប័ន​ចែកចាយ​សៀវភៅ​ខាងលើ​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​ទម្លាប់​អាន​សៀវភៅ​ ឬរៀបចំ​សៀវភៅ​នៅក្នុង​ផ្ទះ​ បាន​ចាប់ផ្តើម​កើតមាន​ច្រើន​ហើយ​ តែ​ភាគច្រើន​គ្រួសារ​ដែល​រៀបចំ​បែបនេះ​ ជាគ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​ ឬមានការ​អប់រំ​ខ្ពស់​សមរម្យ​ឡើង​ប៉ុណ្ណោះ​ដែល​ពួកគាត់​ចាប់ផ្តើម​យល់ដឹង​ពី​គុណ​តម្លៃ​របស់​សៀវភៅ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​យើង​សង្កេត​ឃើញ​ផង​ដែរ​ថា​ គ្រួសារ​ធូរធារ​មិនទាំង​អស់​ទេ​ដែល​យល់ដឹង​ពី​សៀវភៅ​ ហើយក៏​មិនមែន​គ្រប់​គ្រួសារ​ធម្ម​តាៗ​នោះ​ដែរ​ ដែល​មិនសូវ​ផ្តល់​តម្លៃ​ទៅលើ​សៀវភៅ​ គ្រាន់តែ​គ្រួសារ​កម្រិតមធ្យម​ ឬក្រោម​មធ្យម​ ភាគច្រើន​គាត់​មិនសូវ​ផ្តោត​ខ្លាំង​លើ​ការ​អាន​តែប៉ុណ្ណោះ​។

សម្រាប់​មនុស្ស​មួយចំនួន​ នៅពេល​និយាយ​ពី​ការទិញ​សៀវភៅ​ គាត់​តែងតែ​លើកឡើង​ថា​ជីវភាព​របស់​គាត់​មិនទាន់​ដល់ពេល​ត្រូវ​ចំណាយ​លើ​ការទិញ​សៀវភៅ​ទេ​ តែ​ស្ថានភាព​ជាក់ស្តែង​គាត់​បាន​ចំណាយ​ច្រើន​លើ​រឿង​ផ្សេង​ៗដែល​មិនសូវ​មាន​ប្រយោជន៍​។ មាន​អ្នកខ្លះ​ គាត់​ចំណាយ​ថវិកា​ជាច្រើន​លើ​ការកម្សាន្ត​ ឬប្រើប្រាស់​ជីវិត​ដោយ​មិន​ផ្តល់​តម្លៃ​លើ​ចំណេះដឹង​។ តាមពិត​ទៅ​ ការទិញ​សៀវភៅ​មិន​មែន​ត្រូវ​ចំណាយ​លុយរាប់​ពាន់​ រាប់​ម៉ឺន​ដុល្លារ​ភ្លាម​ៗដើម្បី​ទិញ​នោះ​ទេ​។ ប្រសិនបើ​មានការ​ចាប់ផ្តើម​ល្អ​ គាត់​អាច​សន្សំ​ម្តង​បន្តិច​ៗ ដែល​ក្រោយពេល​គាត់​អាន​ច្រើន​ គាត់​នឹង​មានគំនិត​អភិវឌ្ឍន៍​ជីវភាព​បាន​កាន់តែ​ប្រសើរ​ឡើង​ទៅវិញ​ទេ​។

ចំពោះ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ប្រជាជន​ខ្មែរ​ឱ្យ​ងាក​ចំណាប់​អារម្មណ៍​ពី​ការ​និយម​តែ​គ្រឿងស្រវឹង​ និង​សម្ភារ​មានតម្លៃ​ មក​ជា​ការអប់រំ​ ឬតាំង​លម្អ​សៀវភៅ​ក្នុង​គ្រួសារ​វិញ​នោះ​ លោក​ សុធន​ បាន​បញ្ជាក់​ថា​ យើង​ទាំងអស់គ្នា​គួរ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ជាពិសេស​បណ្តាញ​ផ្សព្វផ្សាយ​ ដែល​ជា​អ្នកដើរតួ​នាទី​សំខាន់​ក្នុង​ការអប់រំ​ប្រជាជន​តាម​គ្រប់​លទ្ធភាព​។ ម្យ៉ាងវិញទៀត​ ការ​ផ្តល់​ភាពជា​គំរូ​ក៏​សំខាន់​ផង​ដែរ​ សម្រាប់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ ដូចជា​អាណាព្យាបាល​ គ្រួ​បង្រៀន​ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ បុគ្គល​សាធារណៈ​ និង​សិល្បករ​ជាដើម​ គួរ​ចាប់ផ្តើម​បង្ហាញ​គំរូ​ល្អ​ ក្នុង​ការ​បំផុស​ពី​ការ​អាន​ដើម្បី​ឱ្យ​សាធារណជន​បានឃើញ​។ អ្នក​ទាំងអស់​នោះ​ ភាគច្រើន​ជា​អ្នកមាន​ឥទ្ធិពល​ចំពោះ​សង្គម​ ហេតុនេះ​ប្រសិនបើ​យើង​ឃើញថា​ ពួកគាត់​ចាប់ផ្តើម​អាន​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ហើយ​នោះ​ នឹង​មាន​មនុស្ស​កាន់តែ​ច្រើន​ឡើង​ៗចាប់ផ្តើម​ងាក​មករ​កសៀវភៅ​ ច្រើនជាង​សម្ភារ​និយម​ ដើម្បី​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​ ឬហ៊ឺហា​ជាដើម​។ ចំណែក​ឯវិធីសាស្ត្រ​សំខាន់​មួយផ្សេងទៀត​នោះ​ គឺ​គួរ​មាន​ការ​លើកទឹកចិត្ត​តាម​គ្រប់រូប​ភាព​ចំពោះ​អ្នកអាន​សៀវភៅ​ដោយ​ការ​ផ្តល់​តម្លៃ​ និង​គោរព​ចំពោះ​អ្នក​ផ្តល់​រង្វាន់​ ឬកាដូ​ ជា​សៀវភៅ​ ឬអាន​សៀវភៅ​នៅ​ទី​សាធារណៈ​ជាដើម​៕

Advertisement