កសិករ​គួរ​បង្កើន​សមត្ថភាព​ដោយ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​បង្កើត​ឡើង​ដោយ​ខ្មែរ​

កម្ពុជា​ ជា​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​កសិករ​ ខណៈ​ផ្ទៃដី​ទំនេរ​សម្រាប់​ធ្វើ​កសិកម្ម​មាន​ចំនួន​ច្រើន​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​។ បើ​ផ្អែកលើ​ស្ថានភាព​នេះ​ ប្រជាជន​គួរតែ​សម្បូរហូរហៀរ​ទៅ​ដោយ​ភោគផល​កសិកម្ម​ តែ​អ្វី​ដែល​ជា​ឧបសគ្គ​គឺ​ ប្រជាជន​មិនទាន់​មានចំណេះ​ដឹង​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​ដី​ឱ្យ​អស់​លទ្ធភាព​នៅឡើយ​។

កញ្ញា​ ម៉េ​ង ស្រី​លីន​ សហ​ស្ថាបនិក​កម្មវិធី​ Smart​ Farm​ Assistance​ ដែល​ជា​កម្មវិធី​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​ក្នុង​កសិដ្ឋាន​តាម​បច្ចេកវិទ្យា​ បាន​លើកឡើង​ថា​ កសិករ​គួរ​ចាប់ផ្តើម​បង្វែរ​ការ​ធ្វើ​កសិកម្ម​តាម​បែប​ប្រពៃណី​ទាំងស្រុង​ មក​ប្រើប្រាស់​បច្ចេកវិទ្យា​មួយចំនួន​ដែល​បង្កើត​ឡើង​ដោយ​អ្នកជំនាញ​ដែល​ជា​ប្រជាជន​ខ្មែរយើង​វិញ​។

ផលប្រយោជន៍​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​គាត់​មាន​ភាព​ងាយស្រួល​ និង​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ គឺ​ដោយសារតែ​ក្រុម​ដែល​បង្កើត​កម្មវិធី​បច្ចេកវិទ្យា​នៅក្នុង​ស្រុក​ គឺ​រៀបចំឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្ទាល់​នៅក្នុង​មូលដ្ឋាន​ ឬនៅ​ក្នុង​តំបន់​នានា​ក្នុង​ប្រទេស​។ ហេតុនេះ​គម្រោង​ទាំងអស់​នោះ​ អាច​នឹង​មាន​ភាព​សុី​ចង្វាក់​គ្នា​ល្អជា​មួយ​នឹង​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​។ ពាក់ព័ន្ធ​នឹង​តម្លៃ​ ក៏​ជា​ចំណុច​មួយ​គួរ​ពិចារណា​ផង​ដែរ​ ព្រោះ​គម្រោង​នានា​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​ គឺ​រៀបចំ​ដើម្បី​ឆ្លើយតប​ជាមួយនឹង​កសិករ​ ឬអ្នក​ដែល​មានបំណង​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជួយ​ដល់​កសិកម្ម​នៅក្នុង​ស្រុក​ ហេតុនេះ​រាល់​គម្រោង​គឺ​គណនា​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​កសិករ​អាច​មានលទ្ធភាព​ប្រើប្រាស់​បាន​។

កញ្ញា​ ម៉េ​ង ស្រី​លីន​ បាន​និយាយ​ថា​៖ «កសិករ​ ឬអ្នក​ដែល​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ កុំ​មាន​ការ​បារម្ភ​ថា​ វា​ជា​រឿង​លំបាក​។ តាមពិត​ទៅ​ វា​មិន​លំបាក​យល់​ ឬលំបាក​ប្រើប្រាស់​នោះ​ទេ​។ ប្រជាជន​យើង​ម្នា​ក់ៗ​សុទ្ធតែ​មាន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ ហើយ​កម្មវិធី​ខ្លះ​ ប្រើ​ត្រឹមតែ​ SMS​ តែប៉ុណ្ណោះ​ ហេតុ​នេះ​វា​អាច​នឹង​ងាយ​ជាង​កម្មវិធី​បណ្តាញ​សង្គម​មួយ​ចំនួន​ផង​»។

អ្នកជំនាញ​បច្ចេកវិទ្យា​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​សម្រាប់​វិស័យ​កសិកម្ម​ ជា​ការ​វិនិយោគ​ដ៏​ឆ្លាតវៃ​មួយ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​កសិករ​ចំណាយ​ច្រើនតែ​ម្តង​ តែ​ទទួល​បាន​ចំណូល​ច្រើនជាង​មុន​ សន្សំសំចៃ​ច្រើនជាង​មុន​ និង​អាច​ធ្វើ​ឱ្យ​គាត់​មាន​ភាព​ងាយស្រួល​ច្រើនជាង​មុន​។ ការ​ចំណាយ​ដែល​កសិករ​ត្រូវ​ធ្វើ​ គឺ​ចំណាយ​លើ​ការ​ដំឡើង​ឧបករណ៍​ តែ​ឧបករណ៍​ដែល​ដំឡើង​នោះ​ គាត់​អាច​ប្រើប្រាស់​បាន​យូរឆ្នាំ​។ ក្រៅពី​នេះ​ គាត់​ទទួល​បានផល​ចំណេញ​យ៉ាងច្រើន​មកវិញ​ ដូចជា​គាត់​ចំណេញ​ថ្លៃ​ពលកម្ម​ ព្រោះ​កាលណា​គាត់​ប្រើប្រាស់​បច្ចេកវិទ្យា​ គាត់​មិន​ចាំបាច់​ប្រើប្រាស់​មនុស្ស​ច្រើន​ដើម្បី​គ្រប់គ្រង​កសិដ្ឋាន​របស់​គាត់​ទៀត​នោះ​ទេ​។ ក្រៅពី​នេះ​ គាត់​អាច​នឹង​ចំណេញ​ធន​ធាន​ផ្សេង​ៗបន្ថែម​ទៀត​ ដូចជា​ចំណេញ​ឥន្ធនៈ​សម្រាប់​បូមទឹក​ និង​ការប្រើ​ប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាក់ស្តែង​ ប្រសិនបើ​គាត់​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ទឹក​ក្នុង​កសិដ្ឋាន​ គាត់​នឹង​មិនបាច់​បារម្ភ​ថា​ ប្រើប្រាស់​ទឹក​លើសកម្រិត​ឥតប្រយោជន៍​នោះ​ទេ​ ព្រោះ​នៅពេល​មាន​ទឹក​គ្រប់គ្រង​ ប្រព័ន្ធ​នឹង​បង្ហាញ​សញ្ញា​ឱ្យ​បិទ​ ឬបើក​បាន​ពី​ចម្ងាយ​តាមរយៈ​ទូរស័ព្ទ​ដៃ​ភ្លាម​។

បង្ហាញ​លើ​ចំណុច​ស្រដៀងគ្នា​នេះ​ដែរ​ លោក​ ស្វែង​ឌី​ សិទ្ធី​ផន​ សហ​ស្ថាបនិក​កម្មវិធី​បច្ចេកវិទ្យា​គ្រប់គ្រង​សំណើម​សម្រាប់​ការ​ចិញ្ចឹម​ចង្រិត​ បាន​លើកឡើង​ថា​ កសិករ​គួរ​ចាប់ផ្តើម​សិក្សា​ និង​ស្វែងយល់​ពី​បច្ចេកវិទ្យា​មួយចំនួន​ដែល​ត្រូវ​បាន​គេ​អភិវឌ្ឍ​ឡើង​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​កសិកម្ម​ ឬចិញ្ចឹមសត្វ​ជាដើម​។ សម្រាប់​អ្នក​គ្មាន​ដី​កសិកម្ម​ធំៗ​ ក៏អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រើប្រាស់​លើ​ទីតាំង​តូច​ៗរបស់​គាត់​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​បាន​ផង​ដែរ​ ដូចជា​ការ​ចិញ្ចឹម​ចង្រិត​ ឬការ​ធ្វើ​កសិដ្ឋាន​ខ្នាត​តូច​ជាដើម​។ ការ​ធ្វើបែប​នេះ​ នឹង​ធ្វើ​ឱ្យ​គាត់​មានលទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​ជីវភាព​បាន​ល្អ​ផង​ និង​បង្កើន​ទិន្នផល​កសិកម្ម​សម្រាប់​ចែកចាយ​ក្នុង​ទីផ្សារ​ស្រុក​ផង​។ លោក​ ស្វែង​ឌី​ សិទ្ធី​ផន​ បាន​និយាយ​ថា​៖ «នៅ​ពេល​យើង​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​ មានន័យថា​ យើង​បាន​ចាប់ផ្តើម​ឈានជើង​បន្តិច​ម្តង​ៗទៅ​រក​ការ​អភិវឌ្ឍ​សម្រាប់​ការប្រកួត​ប្រជែង​។ ជាក់ស្តែង​ នៅ​បណ្តា​ប្រទេស​នានា​ គេ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗទៅ​បាន​ ក៏ដោយសារតែ​គេ​ចាប់ផ្តើម​ពី​បច្ចេក​វិទ្យា​ងាយ​ៗទៅ​សិន​ដែរ​»។

អ្នកជំនាញ​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​យើង​មាន​ដី​ មាន​ភោគផល​ច្រើន​ តែ​យើង​ខ្វះ​បច្ចេកវិទ្យា​ដើម្បី​កែច្នៃ​ទិន្នផល​កសិកម្ម​របស់​យើង​ឱ្យ​មានការ​រីកចម្រើន​។ បន្ថែម​ពីលើ​នេះ​ កសិករ​មួយចំនួន​ក៏​មិនបាន​ព្យាយាម​ក្នុង​ការ​ស្វែងយល់​ ឬសាកល្បង​អ្វី​ដែល​ថ្មី​ដែរ​។ ហេតុនេះ​ប្រសិនបើ​គាត់​ចាប់ផ្តើម​សាកល្បង​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​ធ្វើ​កសិកម្ម​ គាត់​នឹង​មើលឃើញ​ថា​ តាមពិត​វា​មិន​លំបាក​នោះ​ទេ​ ហើយ​វា​ងាយស្រួល​ជាង​អ្វី​ដែល​គាត់​ធ្លាប់ធ្វើ​កន្លងមក​ទៀតផង​។ បន្ថែម​ពីលើ​នេះ​ ចំនួន​ទិន្នផល​ដែល​គាត់​ទទួល​បាន​អាច​នឹង​មាន​កំណើន​ល្អ​ជាង​មុន​ ព្រោះ​តាមរយៈ​បច្ចេកវិទ្យា​គាត់​អាច​គ្រប់គ្រង​បាន​នូវ​រាល់​ព័ត៌មាន​ និង​កត្តា​ប្រឈម​នានា​ដែល​ពាក់ព័ន្ធ​នឹង​កសិដ្ឋាន​របស់​គាត់​។ ហេតុ​នេះ​នៅពេល​គាត់​ដឹង​ច្បាស់​ពី​បញ្ហា​ គាត់​នឹងអាច​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​ទិន្នផល​ក៏​មានការ​កើនឡើង​ទៅតាម​នោះ​ដែរ​។

គួរ​បញ្ចាក់​ថា​ បច្ចុប្បន្ន​នេះ​ និស្សិត​ និង​អ្នកជំនាញ​ថ្មី​ៗមួយចំនួន​ បាន​ចាប់ផ្តើម​ព្យាយាម​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​កសិកម្ម​ និង​វិស័យ​ផ្សេង​ៗទៀត​ ដើម្បី​យក​បញ្ហា​ទាំងអស់​នោះ​មក​ដោះស្រាយ​ដោយ​ប្រើប្រាស់​នវានុវត្តន៍​ថ្មី​ៗ។ ការ​គាំទ្រ​ដល់​គម្រោង​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​របស់​យុវជន​ជំនាន់​ថ្មី​ គឺជា​ការចូលរួម​ចំណែក​អភិវឌ្ឍ​ ឬជំរុញ​កំណើន​នៃ​ទំនើបកម្ម​ ក៏ដូចជា​ផលិតកម្ម​នៅក្នុង​ស្រុក​ឱ្យ​មានការ​កើនឡើង​ដូច​ប្រទេសជិតខាង​ដែរ​។ ប្រសិនបើ​យើង​មាន​ផលិតករ​ច្រើន​ ដែល​អាច​មាន​សមត្ថភាព​បង្កើត​ផលិត​ផល​ថ្មី​ៗដោយខ្លួនឯង​ ហើយ​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​របស់​ប្រជាជន​កាន់តែ​ច្រើន​ នោះ​យើង​នឹង​ទទួល​បានផល​ចំណេញ​សម្រាប់​ប្រទេស​ទាំងមូល​៕

Advertisement