រដ្ឋមន្ត្រី​អប់រំថា​លទ្ធផល​ប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រសើរជាងឆ្នាំមុន​

សម័យប្រឡង​មធ្យមសិក្សាទុតិយភូមិ ឬគ្រប់គ្នាហៅថាប្រឡងបាក់ឌុប ​នឹងធ្វើឡើងនៅថ្ងៃទី 21 ខែសីហា ឆ្នាំ2017 ខាងមុខ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡានាពេលថ្មីៗនេះ។ ចំណែកឯ​ថ្ងៃចេញលទ្ធផល​នៅតាមមណ្ឌលប្រឡងនីមួយៗ​ នឹងប្រកាស​នៅ​ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 សម្រាប់មណ្ឌល​ប្រឡង​នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 សម្រាប់មណ្ឌល​ប្រឡង​នៅខេត្តផ្សេងៗទៀត។

ពាក់ព័ន្ធនឹងការប្រឡងនៅឆ្នាំនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន​លើកឡើង​ថា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ​ឆ្នាំនេះនឹងទទួលបាន​លទ្ធផល​រឹតតែប្រសើរជាងឆ្នាំកន្លងទៅ ដោយសារការខិតខំប្រឹងប្រែង​របស់សិស្សានុសិស្ស​ ការចូលរួម​លើកទឹកចិត្តពីមាតាបិតា​ អ្នកអាណាព្យាបាលសិស្ស ជាពិសេស​ការយកចិត្តទុកដាក់​បង្រៀន​ពីសំណាក់​លោកគ្រូ អ្នកគ្រូ ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់កម្រិត​ថ្នាក់ ដែលជាកត្តាសំខាន់ធ្វើឱ្យ​សមត្ថភាព​សិស្សានុសិស្ស​មានការរីកចម្រើន​កើនឡើង​ជាបន្តបន្ទាប់។

សម្រាប់​ការប្រឡង​នៅក្នុងឆ្នាំ 2017 នេះ មានបេក្ខជន​ប្រឡង​សរុប​ទាំងវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ចំនួន​ 130,112នាក់ និងមានមណ្ឌលប្រឡង​ចំនួន 178 មណ្ឌល ចែកចេញជា 4,155 បន្ទប់នៅទូទាំងរាជធានីខេត្ត៕

Advertisement