Dominar 400cc ម៉ូតូថ្មីត្រៀមបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជា សប្ដាហ៍នេះ

ថ្មីទៀតហើយសម្រាប់អ្នកនិយមចូលចិត្តជិះម៉ូតូធំ ដោយម៉ូតូម៉ូដែលថ្មីមានកម្លាំង 400cc បំពាក់បច្ចេកវិទ្យាដ៏ទំនើបរបស់ប្រទេសឥណ្ឌា ម៉ាក Dominar 400cc នឹងត្រៀមបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជានៅក្នុងសប្ដាហ៍នេះហើយ។

នាយកគ្រប់គ្រងផ្នែកលក់របស់ម៉ូតូ Bajaj Auto Limited លោក ភួង សុផល បានប្រាប់អ្នកយកព័ត៌មានឡារ៉ែន តាមរយៈទូរស័ព្ទថា ក្រុមហ៊ុននឹងសម្ពោធដាក់លក់ម៉ូតូស៊េរីថ្មីមួយទៀតសម្រាប់ទីផ្សារកម្ពុជាយើងជាមួយនឹងកម្លាំងខ្លាំងជាងមុន បច្ចេកវិទ្យាក៏កាន់តែទំនើប ប៉ុន្តែមានតម្លៃសមរម្យជាងគូប្រកួតប្រជែង។ លោកបន្តថា ច្រើនឆ្នាំមកហើយដែលក្រុមហ៊ុននាំយក និងដាក់លក់ម៉ូតូ Bajaj ក្នុងទីផ្សារមួយនេះជាមួយនឹងកម្លាំងត្រឹមតែ 200 cc ប៉ុណ្ណោះ ប៉ុន្តែពេលនេះក្រុមហ៊ុនចង់ណែនាំម៉ូតូស៊េរីថ្មីដែលមានកម្លាំងខ្លាំងដល់ទៅ 400cc សម្រាប់អ្នកគាំទ្រកម្ពុជា។

លោកថា៖ «ប្រហែលក្នុងសប្ដាហ៍នេះ Dominar400cc អាចមានលក់ហើយ ជាមួយនឹងតម្លៃប្រមាណ 4,200ដុល្លារ ហើយមានតែ 2 ពណ៌ប៉ុណ្ណោះ គឺ ស និងពណ៌គ្រាប់អម្ពិល»។

លោក ភួង សុផល បន្ថែមទៀតថា រយៈពេលជាង 5ឆ្នាំមកនេះ Bajaj Auto Limited លក់បានតែម៉ូតូតម្លៃក្រោម 3000 ដុល្លារ ឬថ្លៃជាងនេះតិចតួចប៉ុណ្ណោះ មានជាអាទិ៍ម៉ូតូ Pulsar NS200 ម៉ូដែលនេះមានការគាំទ្រពីអ្នកប្រើប្រាស់ច្រើនលើសលុប សូម្បីតែបច្ចុប្បន្នវានៅតែលក់ដាច់បើទោះបីវាហួសឆ្នាំហើយក្ដី។

សម្រាប់ម៉ូតូ Bajaj Dominar400cc មានម៉ាស៊ីនប្រភេទ Triple spark 4-valve DTS-i បំពាក់ដោយប្រព័ន្ធធុងទឹកត្រជាក់ Liquid Cooled ជាមួយនឹងកម្លាំង 373 cc ដោយមានល្បឿនស្ទុះពី 0 ទៅ 100 គីឡូម៉ែត្រប្រើពេលតែ 8.3 វិនាទី និងមានប្រព័ន្ធហ្រ្វាំងថាស ABS មុខក្រោយ៕

Advertisement