សិស្សពូកែៗបង្ហាញវិធីសាស្ត្រត្រៀមប្រឡង​បាក់ឌុប​

ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប ជាការប្រឡង​សំខាន់មួយ​សម្រាប់សិស្សវិទ្យាល័យ ហើយសិស្សគ្រប់គ្នាតែងតែមានការបារម្ភ​ខ្លាំងនៅពេលដែល​ថ្ងៃជិតប្រឡងបានចូលមកដល់។

ពាក់ព័ន្ធនឹងបញ្ហានេះអតីតសិស្សពូកែ​ដែល​ធ្លាប់បាននិទ្ទេស B+ យុវជន​ នាង កុសល បានលើកឡើងថា ការប្រឡងបាក់ឌុបជាការប្រឡងសំខាន់មួយ​ដែលត្រូវយកចិត្តទុកដាក់ខ្លាំង​ព្រោះ​​វាជាដំណាក់កាល​សំខាន់បំផុត​សម្រាប់រយៈពេល 12ឆ្នាំក្នុងការសិក្សាតាំងពី​បឋមសិក្សារហូតដល់​ថ្នាក់វិទ្យាល័យ។ ជាលក្ខណៈបេក្ខជន​ប្រឡង​គួរ​រៀបចំខ្លួនឱ្យបានល្អ ដោយការ​ត្រៀមសម្រាប់មុនពេលប្រឡង និងពេលប្រឡងផ្ទាល់។

សម្រាប់រយៈពេលមុនប្រឡងសិស្សគួរ​ត្រៀមខ្លួន​សិក្សាដោយធ្វើការប្រឡងសាកល្បង​តាមរយៈ​វិញ្ញាសា​ដែលធ្លាប់បានប្រឡងកាលពីឆ្នាំមុនៗ ឬ​សាកល្បងប្រមូល​ឯកសារ​ដែលគ្រូធ្លាប់បានបង្រៀន​ដើម្បីធ្វើតេស្ត​ឱ្យបានច្រើន។ ម្យ៉ាងវិញទៀត សិស្ស​គួរ​ធ្វើការសង្ខេបមេរៀន ឱ្យបានខ្លីបំផុតតាមដែលអាចធ្វើទៅបានព្រោះនៅពេលដែល​ពួកគេ​សង្ខេប​មេរៀនបានច្រើនពួកគេនឹងងាយ​ចងចាំចំណុចសំខាន់នៃមេរៀន ព្រមទាំង​មានទំនុកចិត្តខ្ពស់ថែមទៀតផង។

អតីតសិស្សពូកែទូទាំងប្រទេសផ្នែក​រូបវិទ្យា យុវជន ​ពេជ្ជ ដេវីដ ធ្លាប់បានប្រាប់ថា ដើម្បីត្រៀមប្រឡង​សំខាន់ៗ​យើងគួរ​រៀបចំ​មេរៀន​របស់យើងឱ្យមានរបៀបរៀបរយជាមុនសិន ដូចជាមេរៀន​ផ្នែកទ្រឹស្តី និងផ្នែកលំហាត់ជាដើម។ ការ​រៀបចំ​មេរៀនឱ្យមានរបៀបនេះអាចជួយដល់សិស្សឱ្យ​មានភាពងាយស្រួលក្នុងការកំណត់ពេលវេលាសម្រាប់ខ្លួនឯងថា​ត្រូវ​រំឭកផ្នែកណាមុន ហើយត្រូវសង្ខេប ឬអនុវត្តដោយវីធីណាខ្លះ​ដើម្បី​ធានា​​គ្រប់មេរៀន ឬភាគច្រើននៃមេរៀន​ត្រូវ​បានកត់ទុកក្នុងខួរក្បាលបើទោះបីជាមិនអាចចងចាំទាំងអស់ក៏ដោយ។ នៅពេលដែល​មានចំណេះដឹង​គ្រប់គ្រាន់ហើយ ឬ​នៅពេលដែល​បានរំឭក​ច្បាស់លាស់ហើយ សិស្ស​នឹង​មានទំនុកចិត្ត​ហើយ​អាចប្រឡងដោយគ្មានភាពភ័យខ្លាច៕

Advertisement