ក្រសួង​អប់រំ​នឹង​ពង្រីក​ថ្នាក់​អក្ខរ​កម្ម​តាម​រោងចក្រ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួកគាត់​អភិវឌ្ឍ​សមត្ថភាព​

ការអប់រំ​ពេញ​មួយ​ជីវិត​ ជា​ចំណុច​សំខាន់​ថ្មី​មួយ​ដែល​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ព្រោះ​បច្ចុប្បន្ន​នេះ​ យើង​បាន​បញ្ជ្រាប​ការអប់រំ​គ្រប់​លទ្ធភាព​ដើម្បី​ឱ្យ​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ទទួល​បានការ​សិក្សា​ ដូចជា​កម្មវិធី​អប់រំ​មូលដ្ឋាន​តាម​បច្ចេកវិទ្យា​ កម្ម​វី​ធី​អក្ខរកម្ម​នៅ​តាម​រោងចក្រ​ និង​កម្មវិធី​អប់រំ​ជាច្រើន​ផ្សេងទៀត​។

នៅក្នុង​កម្មវិធី​អប់រំ​សំ​ខាន់​ៗទាំងអស់​នោះ​ ការអប់រំ​ថ្នាក់​អក្ខរកម្ម​នៅ​តាម​រោងចក្រ​ជា​កម្មវិធី​ប្រកប​-ដោយ​ប្រសិទ្ធភាព​មួយ​ក្នុង​ការអប់រំ​ និង​អភិវឌ្ឍន៍​សមត្ថភាព​របស់​កម្មករ​កម្មការិនី​ឱ្យ​ទទួល​បានការ​សិក្សា​ពេញ​មួយ​ជីវិត​ និង​មានលទ្ធភាព​ក្នុង​ការ​បន្ត​សិក្សា​ដើម្បី​ទទួល​បានការ​បណ្តុះបណ្តាល​បន្ត​សម្រាប់​ស្វែងរក​ប្រាក់ចំណូល​បន្ថែម​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ឯកឧត្តម​ រស់​ សុ​វាចា​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ក្រសួង​អប់រំ​ នឹង​បង្កើន​ចំនួន​ថ្នាក់​អក្ខរកម្ម​នៅ​តាម​រោងចក្រ​ដើម្បី​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​កម្មករ​-កម្មការិនី​ និង​ដើម្បី​ចូលរួម​លើកកម្ពស់​ផលិតភាព​ការងារ​ឱ្យ​កាន់តែ​ខ្ពស់​ ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឱ្យ​គាត់​មាន​សមត្ថភាព​បង្កើត​ប្រាក់ចំណូល​បន្ថែម​។

ការអប់រំ​កម្រិត​អក្ខរកម្ម​នេះ​ក៏អាច​ជួយ​ឱ្យ​កម្មករ​-កម្មការិនី​មានការ​រស់នៅ​កាន់តែ​ប្រសើរ​ផង​ដែរ​ ព្រោះ​មុខវិជ្ជា​ដែល​យើង​នឹង​បង្រៀន​ពួកគាត់​គឺ​ មាន​ដូចជា​ការ​រៀនអក្សរ​ខ្មែរ​ គណិតវិទ្យា​ និង​មា​នប​ញ្ជូ​លការ​អប់រំ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ សុវត្ថិភាព​ការងារ​ បញ្ហា​ចរាចរណ៍​ និង​ការគ្រប់គ្រង​ថវិកា​ជាដើម​។

ឯកឧត្តម​ រស់​ សុ​វាចា​ បាន​មានប្រសាសន៍​ថា​៖ «បច្ចុប្បន្ន​នេះ​ថ្នាក់​អក្ខរកម្ម​មាន​ចំនួន​ប្រមាណ​ 13ថ្នាក់​ ដែល​មាន​បេក្ខជន​បញ្ចប់​ការសិក្សា​ចំនួន​ 334នាក់​។ នៅ​ថ្ងៃ​ខាង​មុ​ខន​យើង​នឹង​មានបំណង​បង្កើន​ចំនួន​ឱ្យ​បាន​កាន់តែ​ច្រើន​នៅ​តាម​រោងចក្រ​សហគ្រាស​នានា​»។

ឯកឧត្តម​ថា​ កម្មវិធី​បង្រៀន​អក្ខរកម្ម​ដល់​កម្មករ​កម្មការិនី​នេះ​អាច​ធ្វើ​នៅ​បន្ទប់​ប្រជុំ​ បណ្ណាល័យ​តាម​រោងចក្រ​ ឬនៅ​ការិយាល័យរដ្ឋបាល​ជាដើម​។

ហើយ​ចំពោះ​ម៉ោង​សិក្សា​វិញ​ គឺ​អាច​មាន​រយៈពេល​ជិត​2ម៉ោង​ និង​មាន​រយៈពេល​ 4ខែ​។ ហេតុនេះ​កម្មករ​កម្មការិនី​ អាច​ចុះឈ្មោះ​ចូលរៀន​ដើម្បី​បង្កើន​បំណិន​ជីវិត​ ក៏ដូចជា​ចំណេះដឹង​បន្ថែម​សម្រាប់​ជំរុញ​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅពី​កម្មវិធី​នេះ​ អ្នក​ដែល​មិនបាន​បញ្ចប់​ការសិក្សា​នៅ​សាលា​រដ្ឋ​ក៏អាច​ចុះឈ្មោះ​សិក្សា​តាម​បច្ចេកវិទ្យា​តាមរយៈ​កម្មវិធី​អប់រំ​កម្រិត​មូលដ្ឋាន​ (BEEP​) ដើម្បី​សិក្សា​ និង​ទទួល​បាន​សញ្ញាបត្រ​ដែល​មានតម្លៃ​ស្មើនឹង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​បាន​ផង​ដែរ​។

កម្មវិធី​សិក្សា​ដ៏​មាន​សារៈសំខាន់​នេះ​អាច​ជា​ច្រក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ឱកាស​ដល់​ប្រជាជន​ខ្មែរ​ទូទៅ​មាន​លទ្ធភាព​ទៅ​សិក្សា​ជំនាញ​បច្ចេក​ទេស​ផ្សេង​ៗបាន​យ៉ាង​ងាយស្រួល​៕

Advertisement