សារព័ត៌មាន​ មានឥទ្ធិពលអ្វីខ្លះ​ចំពោះ​វិស័យអប់រំ?

សារព័ត៌មាន ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃសង្គម ហើយមាន​ប្រទេសខ្លះ​ចាត់ទុកសារព័ត៌មាន​ថាជា​អំណាចទី4 នៃប្រទេសថែមទៀតផង ព្រោះសារព័ត៌មានជាផ្នែកមួយក្នុងការកសាងសមត្ថភាពនៃគំនិតរបស់ប្រជាជន និងជាសំឡេងរបស់​ប្រជាជននៅក្នុងប្រទេស​ថែមទៀតផង។

ពាក់ព័ន្ធនឹងបញ្ហានេះគណៈកម្មការក្លិបអ្នកកាសែតកម្ពុជាលោក ឆាយ សុផល បានលើកឡើងថា សារព័ត៌មាន​ មានឥទ្ធិពល​លើវិស័យជាច្រើននៅក្នុងសង្គម ជាពិសេស​វិស័យអប់រំ។ តាមរយៈ​ព័ត៌មានគ្រប់ភាគីក្នុងសង្គម​នឹងឃើញពីភាពវិជ្ជមាន និងអិវជ្ជមាន​ ឬចំណុចខ្វះខាតនានាដែលត្រូវកែតម្រួវ។ កញ្ចក់សង្គមមួយនេះ​ក៏​ជាផ្នែកមួយមិនអាចខ្វះបាន​ផងដែរចំពោះការអភិវឌ្ឍវិស័យអប់រំ ព្រោះ​បញ្ហាផ្សេងៗដែលកើតចេញពីការផលិតរបស់អ្នកសារព័ត៌មាន អាចនឹងក្លាយជា​ចំណុចសំខាន់សម្រាប់ការស្វែងយល់​របស់អ្នកជំនាញលើការអភិវឌ្ឍ​ផ្នែកសិក្សាធិការ។

 

អ្នកជំនាញសារព័ត៌មានខាងលើបានបង្ហាញផងដែរថា បញ្ហា​សម្ភារ បញ្ហា​គ្រូ និង​បញ្ហា​ប្រឈម​នានា​ដែល​អ្នកសារព័ត៌មាន​បាន​សរសេរ​អាច​នឹង​ធ្វើឱ្យ​មានការ​កែប្រែ ឬ​បញ្ចេញ​សំឡេង​ឱ្យ​កាន់តែខ្លាំង​ដើម្បី​បង្កើន​ការយកចិត្តទុកដាក់​ដ​ល់​សាលា​នានា​នៅ​ទូទាំងប្រទេស។ សម្រាប់​ការសិក្សា​ជាទូទៅ​វិញ អ្នកសារព័ត៌មាន​ក៏បាន​សរសេរ​អត្ថបទ​ចំណេះដឹង​ជា​ប្រភេទ​បទ​យកការណ៍ ឬ​សម្ភាសដើម្បី​អប់រំ​ច្រើន​ដល់​ប្រជាជន​ដែល​អាចធ្វើ​ឱ្យមាន​ការផ្លាស់​ប្តូរ និង​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​កាន់តែ​ប្រសើរឡើង។
លោក ឆាយ សុផល បាននិយាយថា៖ «​ព័ត៌មាន​អប់រំ ដែល​បង្ហាញ​ពី​ការសិក្សា​ស្រាវជ្រាវ និង​ការបង្កើត​គំនិតថ្មីៗ អាចធ្វើឱ្យ​ប្រជាជន​នៅក្នុង​ប្រទេស​ទទួលបាន​នូវ​ចំណេះដឹងថ្មីៗដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​អភិវឌ្ឍ​ការគិត​ដើម្បី​បង្កើត​សកម្ម​ភាពជា​វិជ្ជមាន​នៅក្នុង​សង្គម។ ចាប់ផ្តើម​ពី​ការអភិវឌ្ឍ​គុណភាព​របស់​ប្រជាជន​ប្រទេសជាតិ​ក៏​នឹង​រីកចម្រើន​តាម​នោះដែរ»។

ស្រដៀងគ្នានេះដែរ លោក ឈាវ ណាក់ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ បានថ្លែងថា ព័ត៌មាន​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​ជាពិសេស គឺ​លើ​ការអប់រំ​ប្រជាជន​នៅក្នុង​ប្រទេស។ វា​អាចជួយ​តម្រង់ទិសដល់បុគ្គលគ្រប់ផ្នែកដើម្បី​​ពង្រឹង​ប្រព័ន្ធ​អប់រំ​ឱ្យ​ស្ថិតក្នុង​គន្លង​ត្រឹមត្រូវ មាន​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​ខ្ពស់។

លោក ឈាវ ណាក់ បាន​បន្តទៀតថា៖ “ព័ត៌មាន​នឹងធ្វើ​ឱ្យ​ការអប់រំ​ទូទៅ​មានការ​ចូលរួមចំណែក​កាន់តែ​សកម្ម មាន​ភាព​ប្រកួតប្រជែង មានការ​កំណត់​ទិសដៅ​ច្បាស់លាស់ និង​មានការ​សម្រេចចិត្ត​ត្រឹមត្រូវ ជាពិសេស​ទស្សនៈវិស័យ​វែងឆ្ងាយ​សម្រាប់​ការអប់រំ»។

អ្នកជំនាញខាងលើ​បានលើកឡើងផងដែរថា ព័ត៌មាន​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការអប់រំ​ប្រជាជន​ឱ្យបាន​យល់ដឹង​ពី​ការប្រែប្រួល​នៃ​ដំណើរ​របស់​សង្គម ហើយ​ត្រៀមខ្លួន​ឱ្យស្រប​ទៅតាម​ស្ថានភាព​របស់​សង្គម។ ក្រៅពីនេះ​ការចូលរួមចំណែក​ពី​សារព័ត៌មាន អាច​នឹង​បង្ក​ភាពងាយស្រួល​ដល់​ក្រសួង​អប់រំ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​របស់​ប្រជាជន និង​សិស្សានុសិស្ស​ដែល​កំពុង​សិក្សាផងដែរ៕

Advertisement