ឆ្នាំ2020 កម្ពុជា​ចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា 5G

វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5G ដែល​រៀបចំឡើង​ដោយ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន(ហៅ​កាត់​ថា CAICT)សម្រាប់​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី6 ដល់​ថ្ងៃទី10 ខែមករា ឆ្នាំ2020 កន្លងទៅ​នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បិទ​បញ្ចប់​ហើយ​ក្រោម​អធិបតីភាព​រដ្ឋលេខាធិកា​រ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

វគ្គ​បណ្តុះបណ្តាល​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធ​ដល់​មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ស្តីអំពី​គោលនយោបាយ​សម្រាប់​ការគាំទ្រ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ 5G និង​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​បទពិសោធ​អំពី​ការដាក់​ពង្រាយ 5G របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ប្រទេស​មួយចំនួនទៀត។

ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា៖“បច្ចេកវិទ្យា​5G គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដ៏​សំខាន់ ក្នុង​ការកសាង​បណ្តាញ​ត​ភ្ជាប់​ដ៏​ពេញលេញ និង​វៃឆ្លាត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ជំរុញឱ្យមាន​ផែនទី​បង្ហាញផ្លូវ​នៃ​ការរៀបចំ​ប្រព័ន្ធ​5G (5G roadmap)និង​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ2020 នេះ”។

ឯកឧត្តម​បាន​បន្តថា៖“នៅ​ប៉ុន្មាន​ខែ​ខាងមុខ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC)នឹងធ្វើ​ការ​លើ​ការរៀបចំ​ផែនទី​បង្ហាញ ផ្លូវ សម្រាប់​បច្ចេកវិទ្យា 5G (5G roadmap) និង​ប្តេជ្ញា​ជំរុញការអភិវឌ្ឍ​ប្រព័ន្ធ 5G នៅ​ឆ្នាំ2020 សម្រាប់​ប្រទេស​កម្ពុជា។

ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ភាពចាស់ទុំ​នៃ​ខ្សែចង្វាក់​ឧស្សាហកម្ម 5G នឹងមិន​ត្រឹមតែ​ជំរុញ​ការផ្លាស់ប្តូរ និង​ការធ្វើឱ្យ​ឧស្សាហកម្ម​បែប​ប្រពៃណី​មាន​ភាពប្រសើរឡើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចូលរួម​បង្កើត​មុខជំនួញថ្មីៗ ជាច្រើន​ទៀតផង​ដែរ”។

ឯកឧត្តម​បាន​បញ្ជាក់ថា៖“បច្ចេកវិទ្យា​5G បាន​ក្លាយជា​កម្លាំង​ថាមពល​ថ្មី​មួយទៀត ដែល​អាចឱ្យ​យើង​អាច​ទាញយក​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី4 និង​ជា​កត្តា​ជំរុញ​មួយ​ក្នុង​ការសម្រេច​ចក្ខុវិស័យ​ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ទៅជា​ប្រទេសមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050 ”។

គួរបញ្ជាក់​ផងដែរ​ថា CAICT គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ស្ថិតក្រោម​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន (MIIT)។ CAICT បាននិងកំពុង​ផ្តល់នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធសាស្ត្រ ផែនការ គោលនយោបាយ ស្តង់ដា ការសាកល្បង និង​វិញ្ញាបនបត្រ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ព័ត៌មាន និង​កម្មវិធី​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​ចិន។

តាមរយៈ​ការបណ្តុះបណ្តាល​រយៈពេល 5ថ្ងៃ​កន្លងមកនេះ ក៏បាន​លើកឡើង​នូវ​ប្រធានបទ​ជាច្រើន​ដូចជា យុទ្ធសាស្ត្រ​នៃ​បច្ចេកវិទ្យា ​5G និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ជាស​កល និង​សម្រាប់​ប្រទេស​ចិនប្រធានបទ​ស្តីអំពី​ស្តង់ដា និង​បច្ចេកវិទ្យា​ 5G ការចែករំលែក​ហេដ្ឋារចនាសម្ព័ន្ធ​5G ផែនការ និង​ការគ្រប់គ្រង​វិសាល​គម​ន៍​ (Spectrum) សន្តិសុខ​អុីន​ធើ​ណិ​តនៃ​ប្រព័ន្ធ​ 5G សេវាកម្ម និង​កម្មវិធីផ្សេងៗនៃ​បច្ចេកវិទ្យា​5G។ល។ ក្រៅពីនោះ វគ្គ​បណ្តុះបណ្តាល​ក៏មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន China Unicom និង China Telecom ដើម្បី​ចែករំលែក​នូវ​បទពិសោធ​របស់​ពួកគេ អំពី​ការដាក់​ពង្រាយ​ប្រព័ន្ធ 5G ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ចិន​ផងដែរ។

ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Lu Jianwen អគ្គនាយករង​នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន (MIIT) លោកស្រី Wang Zhiqin អនុប្រធាន​នៃ CAICT និង​លោក Victor Zhang អគ្គនាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ដែល​នេះ​ជា​កិច្ចពិភាក្សា​ស៊ីជម្រៅ​ស្តីអំពី​គំរូ​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​5G នៅ​កម្ពុជា​តាម​ទស្សនៈ​នៃ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន (MIIT) បណ្ឌិត្យសភា​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​ចិន(CAICT) និង​ក្រុមហ៊ុន Huawei។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ពិព័រណ៍ R&D (Executive Briefing Center) នៃ​ក្រុមហ៊ុន Huawei នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន Huawei បានបង្ហាញ​នូវ​ផលិតផល និង​ដំណោះស្រាយ​ចុងក្រោយ នៃ​ប្រព័ន្ធ​5G និង​បទ​បង្ហាញ​ស្តីអំពី​បទពិសោធ​នៃ​បច្ចេកវិទ្យា​5G សម្រាប់​ទីផ្សារ​ពិភពលោក។

នៅក្នុងពេល​ទស្សនកិច្ច​នោះ គណ:ប្រតិភូ​កម្ពុជា​បាន​ស្វែងយល់​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា 5G នៅក្នុង​វិស័យផ្សេងៗ ដូចជា ទីក្រុង​ឆ្លាត​វៃ ការអប់រំ​ឆ្លាត​វៃសុខាភិបាល​ឆ្លាត​វៃ សន្តិសុខ​សណ្តាប់ធ្នាប់ និង​វិស័យផ្សេងៗទៀត​ដែល​បច្ចេកវិទ្យា​នេះ​នឹង​ជួយ​ដល់​ការបង្កើន​ប្រសិទ្ធភាព​ការងារ និង​គុណភាព​នៃ​ជីវិត​នាពេល​អនាគត និង​ជាពិសេស គឺ​ការចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា​5G សម្រាប់​កម្ពុជា​នៅ​ឆ្នាំ2020 នេះ៕

Advertisement