វេសឡាញ ចេញវិធានការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCov) ក្នុងបណ្តាញសាលារៀនរបស់ខ្លួន

ស្របពេលដែលអាណាព្យាបាលសិស្សជាច្រើនកំពុងមានការព្រួយបារម្ភពី​សុវត្ថិភាពសុខភាព​របស់កូនៗនៅក្នុងសាលារៀន​ ក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុប បានចាប់ផ្តើមចេញ​យុទ្ធនាការ​ទប់ស្កាត់ជំងឺ​សួតដោយវីរុស​កូរ៉ូណាថ្មី (2019-nCov) នៅក្នុងបណ្តាញសាលារៀនរបស់ខ្លួនដើម្បីជួយបញ្ជៀសសិស្សានុសិស្សរបស់ខ្លួនពីមេរោគថ្មីនេះ។

លោក គង់ សំនៀង  ប្រធាននាយក​ប្រតិបត្តិការនៃក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថាបញ្ហាជំងឺរលាកសូតដែលកើតឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCov) នេះជាបញ្ហាមួយដែលអាណាព្យាបាលជាច្រើនមានការព្រួយបារម្ភ ជាពិសេស​គឺបារម្ភពីសុវត្ថិភាពរបស់កូនៗ តែស្ថានភាពជាក់ស្តែងបើតាមការបញ្ជាក់របស់អ្នកជំនាញដែលបណ្តាញព័ត៌មាន​ផ្លូវការនានាបានផ្សព្វផ្សាយថាមេរោគដែលនាំឱ្យកើតជំងឺនេះបានកើតឡើងច្រើនតែតំបន់ត្រជាក់ខ្លាំងតែប៉ុណ្ណោះ។ សម្រាប់កម្ពុជាដែលមានសីតុណ្ហភាពក្តៅ មេរោគនេះមិនសូវជាមានឥទ្ធិពលខ្លាំងប៉ុន្មាននោះទេ តែទោះជាយ៉ាងនេះក្តីយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា​ព្រោះសុខភាពជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ។ ដោយមើលឃើញពីសារៈសំខាន់នៃការរក្សាសុខភាពសម្រាប់សិស្សានុសិស្ស និងកាន់តែពិសេស​ក្នុងស្ថានភាពដែល​មានការព្រួយបារម្ភពីការរីករាលដាលនៃមេរោគ​រលាកសួតដោយវីរ៉ុសកូរ៉ូណាថ្មីនេះ ទើបបណ្តាញសាលារៀនរបស់វេសឡាញទាំងអស់បានចាប់ផ្តើម​អនុវត្តនូវសកម្មភាពសំខាន់ៗជាច្រើន។

លោកថា ជាវិធានការបន្ទាន់សម្រាប់គ្រប់សាខាទាំងអស់គឺត្រូវតាមដាន​ការវាស់ស្ទង់កម្តៅសិស្សមុនចូលថ្នាក់រៀនគ្រប់កម្រិតដើម្បីធានាថាសិស្សដែលមានសីតុណ្ហភាពលើស 38អង្សារសេ​អាចនឹងថែរក្សាសុខភាពបានទាន់ពេលវេលា។ បន្ថែមពីលើនេះគឺត្រូវលៀងដៃសិស្សគ្រប់គ្នានឹងសាប៊ូកំចាត់មេរោគ ឬអាកុល គ្រប់គ្នាមុនពេលចូលសាលារៀន។ លើសពីនេះទៅទៀតនៅគ្រប់សាខាទាំងអស់គឺបានត្រៀមទិញម៉ាស់ សាប៊ូ និងសម្ភារៈបរិក្ខាជាច្រើនផ្សេងទៀតដើម្បីផ្តល់ដល់សិស្សានុសិស្សប្រើប្រាស់ក្នុងគោលបំណងការពារពីការឆ្លងមេរោគផ្សេងៗ។ ដោយឡែកសម្រាប់សិស្សដែលមានអាការៈមិនស្រួល សាលានឹងទំនាក់ទំនងទៅអាណាព្យាបាលដើម្បីជូនពួកគេទៅផ្ទះវិញ។ ហើយក្នុងនោះសាលាក៏បានណែនាំឱ្យអាណាព្យាបាលទាំងអស់ប្រញ៉ាប់ទៅជួបគ្រូពេទ្យប្រសិនបើរកឃើញថាកូនៗរបស់គាត់មានអាការៈមិនសូវស្រួលខ្លួនដូចជាឡើងកម្តៅខ្ពស់ ហៀរសំបោរ ឬមានអាការៈដូចទៅនឹងការប្រកាសរបស់ក្រសួងសុខាភិបាល។ ដោយឡែកចំពោះសិស្សដែលបានទៅលេងប្រទេសចិនថ្មីក្នុងអំឡុងពេលមួយសប្តាហ៍ យើងបានស្នើសុំឱ្យគាត់សម្រាកនៅផ្ទះ 1 ទៅ2សប្តាហ៍ដើម្បីតាមដានសុខភាពឱ្យបានល្អជាមុនសិន។

លោក គង់ សំនៀង បាននិយាយថា៖ «​សម្រាប់គ្រប់បន្ទប់រៀនទាំងអស់ដែលមានបង្អូច យើងនឹងឱ្យគាត់បិទម៉ាស៊ីនត្រជាក់ បើកបង្អួច​ឱ្យមានពន្លឺ និងកម្តៅចូលខ្លះ ដើម្បីឱ្យមានលំហូរខ្យល់​ចេញ-ចូលល្អ ព្រោះជាទូទៅជំងឺផ្តាសាយមិនសូវឆ្លង ឬងាប់មេរោគក្នុងសីតុណ្ហភាពក្តៅ»។

លោក គង់ សំនៀង បានបន្ថែមទៀតថា សូមអាណាព្យាបាល​សិស្សកុំមានការព្រួយបារម្ភខ្លាំងពេកពីបញ្ហាការរីករាលដាល​នៃជំងឺថ្មីនេះ ព្រោះដូចលោកបានបញ្ចាក់ហើយថា​តាមការបង្ហាញពីបណ្តាញព័ត៌មានផ្លូវការជាច្រើន រួមទាំង​ការណែនាំរបស់វិជ្ជបណ្ឌិតមួយចំនួនផងបានឱ្យដឹងថា ប្រភេទជំងឺរលាកសួតនេះកើតឡើងពីប្រភេទមេរោគផ្តាសាយទេ។ ចំពោះស្ថានភាពកម្ពុជាយើង គឺខុសគ្នាពីស្ថានភាពនៅប្រទេសចិន ដោយសីតុណ្ហភាពនៅកម្ពុជាមិនអាចធ្វើឱ្យ​មេរោគឆ្លងមកងាយៗនោះទេ តែយើងក៏មិនត្រូវធ្វេសប្រហែសដែរ ជាពិសេសគឺបញ្ហាអនាម័យ។ ហេតុនេះប្រសិនបើយើងបានចូលរួមរក្សាអនាម័យល្អហើយ និងព្រមទាំងមានការយកចិត្តទុកដាក់ពីសាលាផង សូមបញ្ជូនកូនទៅសាលារៀនជាធម្មតាដើម្បីកុំឱ្យមានការប៉ះពាល់ដល់ការសិក្សា។

គួរបញ្ជាក់ផងដែរថាមកដល់ពេលនេះ​នៅកម្ពុជាមានការរកឃើញអ្នកដែលឆ្លងមេរោគរលាកសួតថ្មី កើតពីវីរុសកូរ៉ូណា (2019-Ncov) តែម្នាក់ប៉ុណ្ណោះ ហើយតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា អ្នកដែលផ្ទុកមេរោគនេះ​ត្រូវបានដាក់ដាច់ដោយឡែក និងថែទាំដោយយកចិត្តទុកដាក់បំផុតពីមន្ត្រីជំនាញ។ ចំពោះស្ថានភាពសុខភាពវិញ គឺស្ថិតក្នុងស្ថានភាពនឹងនរនោះទេ ខណៈក្រសួង និងភាគីពាក់ព័ន្ធកំពុងចេញយុទ្ធនាការទប់ស្កាត់ ក៏ដូចជាព្យាយាមគ្រប់លទ្ធភាពដើម្បីកុំឱ្យមានការឆ្លង ឬរីករាលដាលនៅក្នុងប្រទេសកម្ពុជា៕

Advertisement