វេសឡាញ ចេញវិធានការទប់ស្កាត់ជំងឺរលាកសួតថ្មីក្នុងបណ្តាញសាលារៀនរបស់ខ្លួន

ស្របពេលដែលអាណាព្យាបាលសិស្សជាច្រើនកំពុងមានការព្រួយបារម្ភពីសុវត្ថិភាពសុខភាពរបស់កូនៗនៅក្នុងសាលារៀន ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុបបានចាប់ផ្តើមចេញយុទ្ធនាការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅក្នុងបណ្តាញសាលារៀនរបស់ខ្លួនដើម្បីជួយបញ្ចៀសសិស្សានុសិស្សរបស់ខ្លួនពីមេរោគថ្មីនេះ។

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា បញ្ហាជំងឺរលាកសូតដែលកើតឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCov) នេះជាបញ្ហាមួយដែលអាណាព្យាបាលជាច្រើនមានការព្រួយបារម្ភ ជាពិសេស គឺបារម្ភពីសុវត្ថិភាពរបស់កូនៗ តែស្ថានភាពជាក់ស្តែង បើតាមការបញ្ជាក់របស់អ្នកជំនាញដែលបណ្តាញព័ត៌មានផ្លូវការនានាបានផ្សព្វផ្សាយថា មេរោគដែលនាំឱ្យកើតជំងឺនេះ បានកើតឡើងច្រើនតែក្នុងតំបន់ដែលត្រជាក់ខ្លាំងតែប៉ុណ្ណោះ។

សម្រាប់កម្ពុជាដែលមានសីតុណ្ហភាពក្តៅ មេរោគនេះមិនសូវជាមានឥទ្ធិពលខ្លាំងប៉ុន្មានទេ តែទោះជាយ៉ាងនេះក្តី ក៏យើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាដែរ ព្រោះសុខភាពជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ និងដោយមើលឃើញពីសារៈសំខាន់នៃការរក្សាសុខភាពសម្រាប់សិស្សានុសិស្ស និងកាន់តែពិសេសក្នុងស្ថានភាពដែលមានការព្រួយបារម្ភពីការរីករាលដាលនៃជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនេះ ទើបបណ្តាញសាលារៀនរបស់វេសឡាញទាំងអស់បានចាប់ផ្តើមអនុវត្តនូវសកម្មភាពសំខាន់ៗជាច្រើន។

លោកថ្លែងថា ជាវិធានការបន្ទាន់សម្រាប់គ្រប់សាខាទាំងអស់ គឺត្រូវតាមដានការវាស់ស្ទង់កម្តៅសិស្សមុនចូលថ្នាក់រៀនគ្រប់កម្រិត ដើម្បីធានាថា សិស្សដែលមានសីតុណ្ហភាពលើស 38អង្សារសេអាចនឹងថែរក្សាសុខភាពបានទាន់ពេលវេលា។ បន្ថែមពីលើនេះ គឺត្រូវលាងដៃសិស្សគ្រប់គ្នានឹងសាប៊ូកម្ចាត់មេរោគ ឬអាល់កុល គ្រប់គ្នាមុនពេលចូលបន្ទប់រៀន។

លើសពីនេះទៅទៀត នៅគ្រប់សាខាទាំងអស់ គឺបានទិញម៉ាស់ សាប៊ូ និងសម្ភារបរិក្ខារជាច្រើនផ្សេងទៀត ដើម្បីផ្តល់ដល់សិស្សានុសិស្សប្រើប្រាស់ក្នុងគោលបំណងការពារពីការឆ្លងមេរោគផ្សេងៗ។

ដោយឡែកសម្រាប់សិស្សដែលមានអាការមិនស្រួល សាលានឹងទំនាក់ទំនងទៅអាណាព្យាបាលដើម្បីជូនដំណឹង ហើយក្នុងនោះសាលាក៏បានណែនាំឱ្យអាណាព្យាបាលទាំងអស់ប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ប្រសិនបើរកឃើញថា កូនៗរបស់គាត់មានអាការមិនសូវស្រួលខ្លួន ដូចជាឡើងកម្តៅខ្ពស់ ហៀរសំបោរ ឬមានអាការដូចទៅនឹងការប្រកាសរបស់ក្រសួងសុខាភិបាល។

ដោយឡែកចំពោះសិស្សដែលបានត្រឡប់មកពីដើរលេងនៅប្រទេសចិនថ្មី ៗ យើងបានស្នើសុំឱ្យគាត់សម្រាក
នៅផ្ទះ 1 ទៅ 2សប្តាហ៍សិន ដើម្បីតាមដានសុខភាពឱ្យបានល្អជាមុនសិន។

លោក គង់ សំនៀង បានមានប្រសាសន៍ថា៖ «សម្រាប់គ្រប់បន្ទប់រៀនទាំងអស់ដែលមានបង្អូចយើងនឹងឱ្យគាត់បិទម៉ាស៊ីនត្រជាក់ បើកបង្អួចឱ្យមានពន្លឺ និងកម្តៅថ្ងៃចូលខ្លះ ដើម្បីឱ្យមានរបាយខ្យល់ចេញចូលល្អព្រោះជាទូទៅមេរោគនៃជំងឺផ្តាសាយ នឹងមិនសូវឆ្លង ឬងាប់តែម្ដងក្នុងសីតុណ្ហភាពក្តៅ»។

លោក គង់ សំនៀង បានបន្ថែមទៀតថា សូមអាណាព្យាបាលសិស្សទាំងអស់ កុំមានការព្រួយបារម្ភខ្លាំងពេក ពីបញ្ហាការរីករាលដាលនៃជំងឺថ្មីនេះ ព្រោះដូចលោកបានបញ្ជាក់ហើយថា តាមការបង្ហាញពីបណ្តាញព័ត៌មានផ្លូវការជាច្រើន រួមទាំងការណែនាំរបស់វេជ្ជបណ្ឌិតមួយចំនួនផងនោះ បានឱ្យដឹងថា ប្រភេទជំងឺរលាកសួតថ្មីនេះ កើតឡើងពីប្រភេទមេរោគផ្តាសាយទេ។

ចំពោះស្ថានភាពកម្ពុជាយើង គឺខុសគ្នាពីស្ថានភាពនៅប្រទេសចិនដោយសីតុណ្ហភាពនៅកម្ពុជាមិនអាចធ្វើឱ្យមេរោគឆ្លងមកងាយៗនោះទេ តែយើងក៏មិនត្រូវធ្វេសប្រហែសដែរ ជាពិសេស គឺបញ្ហាអនាម័យ។

ហេតុនេះប្រសិនបើយើងបានចូលរួមរក្សាអនាម័យល្អហើយ និងព្រមទាំងមានការយកចិត្តទុកដាក់ពីសាលាផង សូមបញ្ជូនកូនទៅសាលារៀនជាធម្មតា ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ការសិក្សា។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ នៅកម្ពុជាមានការរកឃើញអ្នកដែលឆ្លងមេរោគរលាកសួតថ្មី បណ្ដាលពីវីរុសកូរ៉ូណា (2019-Ncov) តែម្នាក់ប៉ុណ្ណោះ ហើយតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ក៏បានឱ្យដឹងផងដែរថា អ្នកដែលផ្ទុកមេរោគនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងថែទាំព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីមន្ត្រីជំនាញ។

ចំពោះស្ថានភាពសុខភាពវិញ គឺស្ថិតក្នុងស្ថានភាពនឹងនរជាធម្មតាទេ ខណៈក្រសួង និងភាគីពាក់ព័ន្ធកំពុងចេញយុទ្ធនាការទប់ស្កាត់ ក៏ដូចជាព្យាយាមគ្រប់លទ្ធភាពដើម្បីកុំឱ្យមានការឆ្លង ឬរីករាលដាលនៃមេរោគនេះនៅក្នុងប្រទេសកម្ពុជា៕

Advertisement