កម្ពុជាកំពុងខ្វះកម្លាំង​ពលកម្មជំនាញមធ្យមបច្ចេកទេស

កង្វះ​ពលកម្មជំនាញ​ផ្នែក​បច្ចេកទេសជា​បញ្ហា​ប្រឈម​មួយរបស់កម្ពុជា ខណៈ​វិស័យ​កសិកម្មឧស្សាហ​កម្ម  និង​សំណង់មាន​ការ​លើក​ឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែចំនួន​និស្សិត​ដែលចូលរៀន​ជំនាញ​បច្ចេកទេសនៅមានកម្រិតតិចតួចនៅឡើយ។

ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបានថ្លែងថា ប្រសិន​បើ​ក្រឡេក​មើល​ទីផ្សារ​ការងារ​ជាក់ស្តែង និង​ការ​បណ្តុះបណ្តាល​នៅ​កម្ពុជា គឺមាន​ភាព​ផ្ទុយ​គ្នា​ទាំង​ស្រុង ព្រោះ​បើ​យោង​តាម​ទិ​ន្នន័យ​នាពេល​ថ្មីៗ​នេះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ធន​ធាន​មនុស្ស​ដែល​រៀន​ចប់​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ រហូត​ដល់​ថ្នាក់​បណ្ឌិត​មាន​ចំនួន​ដល់​ទៅ 249,869 នាក់នៅចន្លោះឆ្នាំ 2015 ខណៈ​ដែល​ធនធាន​មនុស្ស​កម្រិត​មូលដ្ឋាន និង​កម្រិត​មធ្យម​បច្ចេកទេសមាន​ចំនួន​ត្រឹម​តែ 32,769 ​នាក់​តែ​ប៉ុណ្ណោះ។ ចំណុចនេះ​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​អតុល្យភាព​នៃ​ការ​ផ្គត់ផ្គង់​ធនធាន​មនុស្ស​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា ព្រោះ​ធនធាន​មនុស្ស​ដែល​ស្ថិត​ក្នុង​កម្រិតខ្ពស់​ត្រូវ​សល់ ឬ​ធ្វើ​ការខុសជំនាញ ហើយ​បែរជាខ្វះខាត​ធនធាន​ផ្នែកកម្មករជំនាញ និង​មធ្យម​យ៉ាង​ច្រើន​លើសលប់។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងផងដែរថា តម្រូវការទីផ្សារ​ការងារ​នៅ​កម្ពុជាត្រូវ​បាន​បែង​ចែក​ជា​3​កម្រិត​ធំៗ ទី1 កម្រិត​មូលដ្ឋាន​សំដៅ​លើ​កម្មករ​ជំនាញ កម្មករ​ពាក់កណ្តាល​ជំនាញ ឬ​កម្មករគ្មាន​ជំនាញ ទី2 តម្រូវការ​ពលកម្មកម្រិត​មធ្យម និង​ទី3 គឺ​តម្រូវការ​ពលកម្ម​កម្រិត​ខ្ពស់​បំផុត​។ តម្រូវការ​ការងារ​នៅ​កម្រិតមូលដ្ឋាន​មាន​ចំនួន​ច្រើនជាង​គេ​បំផុត បន្ទាប់​មក​គឺ​តម្រូវការ​កម្រិត​មធ្យម ហើយ​ចុងក្រោយ​គេគឺ​តម្រូវការ​ពលកម្ម​កម្រិត​ខ្ពស់​ជា​កម្រិត​ជំនាញ​ដែល​សង្គម​ត្រូវការ​តិចតួច​។ ជាក់ស្តែងប្រសិន​បើ​យើង​ក្រឡេក​មើល​ការដ្ឋាន​សំណង់មួយ​យើង​នឹង​ឃើញថា ​គេ​ត្រូវការ​អ្នក​គ្រប់គ្រង ឬ​វិស្វករ​តែ​ម្នាក់​ប៉ុណ្ណោះ ហើយបន្ទាប់​មក​គេ​អាចត្រូវការ​មេការ​សាង​សង់​ពីរ​បីនាក់តែ​ស្ថិត​នៅ​ក្រោមបីនាក់​នោះ​គឺ​មាន​កម្មករ​ជំនាញ​ជាច្រើន​ដែលត្រូវការ​ជា​ចាំបាច់៕

Advertisement