ស្វែងយល់​ពី​ចំណុច​ខ្វះខាត​ និង​ចេះ​កំណត់​ចំណុច​អាទិភាព​ នេះ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​រៀន​ឱ្យ​ពូកែ​

ការសិក្សា​ជា​ចំណុច​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​រីកចម្រើន​នៅក្នុង​ជីវិត​ ព្រោះ​មុននឹង​ក្លាយជា​អ្នកជំនាញ​ ឬក្លាយជា​ម្ចាស់​អាជីវកម្ម​ល្អ​ម្នាក់​នៅ​ថ្ងៃ​អនាគត​ យើង​ត្រូវ​ដុសខាត់​សមត្ថភាព​ជាមួយនឹង​ការសិក្សា​រៀនសូត្រ​នៅក្នុង​សាលា​ជាមុន​សិន​។ ថ្វី​ដ្បិតតែ​មនុស្ស​គ្រប់គ្នា​ត្រូវការ​សិក្សា​ តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​រៀន​បាន​ពូកែ​ និង​ទទួល​បាន​លទ្ធ​លផល​ល្អ​ក្នុង​ជីវិត​ដូចគ្នា​នោះ​ទេ​។ វា​ទាមទារ​ឱ្យ​មាន​វិធី​សាស្រ្ត​ក្នុង​ការគ្រប់គ្រង​ ឬវិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដើម្បី​ឱ្យ​ក្លាយជា​អ្នករៀន​ពូកែ​បាន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ យុវជន​ តៅ​ វី​ល្លៀម​ អតីត​សិស្ស​ពូកែ​និទ្ទេស​ A បាន​លើកឡើង​ថា​ដើម្បី​ក្លាយជា​សិស្ស​ពូកែ​ អ្នក​សិក្សា​ទាំងអស់​ចាំបាច់​ត្រូវតែ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​ល្អ​ ជាពិសេស​យុវវ័យ​ដែល​កំពុង​សិក្សា​នៅ​កម្រិតមធ្យម​សិក្សា​។ នៅក្នុង​វ័យ​នេះ​ ជា​វ័យ​ដែល​មានការ​អូសទាញ​ច្រើន​ ព្រោះ​ជា​វ័យ​ដែល​ងាយ​ជក់​ជាមួយនឹង​បច្ចេកវិទ្យា​ ងាយ​អូសទាញ​ដោយ​ការកម្សាន្ត​ខាងក្រៅ​ និង​ជា​ពេល​ដែល​លំបាក​គ្រប់គ្រង​ខ្លួនឯង​បំផុត​។ ហេតុនេះ​ ប្រសិនបើ​យើង​ចេះ​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ដោយ​ការកំណត់​ចំណុច​អាទិភាព​សម្រាប់​មេរៀន​នី​មួយ​ៗ នោះ​យើង​នឹងអាច​គ្រប់គ្រង​ការសិក្សា​បាន​ដោយ​មិន​លំបាក​ខ្លាំងពេក​នោះ​ទេ​។ ជា​ធម្មតា​នៅពេល​ដែល​ទុក​មេរៀន​ឱ្យ​នៅ​គរ​ ឬច្របូកច្របល់​ជាមួយគ្នា​នោះ​ យើង​នឹង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ ហើយ​លំបាក​ដោះស្រាយ​ តែ​ប្រសិនបើ​យើង​ព្យា​យាម​ស្វែងយល់​ពី​ខ្លួនឯង​ច្បាស់​ យើង​នឹងអាច​រៀបចំផែនការ​សិក្សា​បាន​ល្អ​។

យុវជន​ តៅ​ វី​ល្លៀម​ បាន​និយាយ​ថា​៖ «ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឱ្យ​បាន​កាន់តែ​ខ្លាំង​ យើង​ចាំបាច់​ត្រូវ​ដឹងពី​ចំណុចខ្លាំង​ និង​ចំណុចខ្សោយ​របស់​ខ្លួនឯង​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​។ ក្រោយពេល​យើង​ដឹង​ច្បាស់​ហើយ​ថា​ យើង​ខ្សោយ​ត្រង់​ចំណុច​ណាខ្លះ​ ឬមាន​ចន្លោះប្រហោង​ច្រើន​លើ​ចំណុច​ណាខ្លះ​ យើង​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​កែ​លម្អ​ចំណុច​ខ្វះខាត​ទាំងអស់​នោះ​»។

សិស្ស​ពូកែ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ការ​ផ្លាស់​ប្តូរ​ចំណុចខ្សោយ​ ឬទម្លាប់​មិនល្អ​ដែល​ជា​មេរោគ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ ព្រោះ​ជា​ធម្មតា​នៅពេល​ដែល​យើង​រៀន​ អារម្មណ៍​អូសទាញ​ក៏​ចាប់ផ្តើម​កើតមាន​ដំណាលគ្នា​នេះ​ដែរ​។ ហេតុនេះ​ចាំបាច់​ត្រូវ​មាន​វិធី​សាស្រ្ត​ក្នុង​ការ​យកឈ្នះ​អារម្មណ៍​អូសទាញ​អវិជ្ជមាន​ដោយ​ការកំណត់​គោលដៅ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ និង​យក​ក្តី​ស្រមៃ​ដើម្បី​ទប់ស្កាត់​ភាព​អសកម្ម​។

យុវជន​រូប​នេះ​លើកឡើង​ផង​ដែរ​ថា​ ជាឧទាហរណ៍​ជាក់ស្តែង​ គាត់​ជា​មនុស្ស​ដែល​ចូលចិត្ត​លេង​ទូរស័ព្ទ​ដៃ​ ហើយ​បញ្ហា​នេះ​បាន​រំខាន​ខ្លាំង​ដល់​ការរៀនសូត្រ​ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​ល្អ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ តែ​ដោយសារតែ​គាត់​រក​ឃើញ​ចំណុចខ្សោយ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​គាត់​ចាប់ផ្តើម​កំណត់​គោលដៅ​ ថា​នឹង​ក្លាយជា​សិស្ស​ពូកែ​ឱ្យ​បាន​ ជាពិសេស​ទទួល​បាន​និទ្ទេស​ល្អ​ឱ្យ​បាន​។ រូបភាព​នៃ​គោលដៅ​ទាំងអស់​នេះ​ហើយ​ជា​ចំណុច​ដែល​គាត់​ចាប់ផ្តើម​យក​មក​ទប់​ចំណង់​មិនល្អ​ ដែល​ចេះតែ​អូសទាញ​ឱ្យ​គាត់​ទៅលេង​ទូ​ស័ព្ទ​នៅពេល​រៀន​។ រាល់ពេល​រៀនសូត្រ​ គាត់​បាន​នឹកឃើញ​ដល់​គោលដៅ​ធំ​បំផុត​នោះ​ ហើយ​កំណត់​ថា​ការ​ខិតខំ​រៀន​ជា​ចំណុច​អាទិភាព​ដំបូង​បំផុត​ ប្រសិន​បើ​មិនបាន​រៀនចប់​តាម​ការកំណត់​នោះ​ទេ​ គាត់​មិន​អាច​ប៉ះ​បច្ចេកវិទ្យា​បានទេ​។

ទន្ទឹម​នឹងគ្នា​នេះ​ដែរ​ លោក​ ចេង​ បូរិ​ទ្ធ​ អតីត​សិស្ស​ពូកែ​ និង​ជា​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​ក៏បាន​លើកឡើង​ដែរ​ថា​ ការ​ខំប្រឹង​រៀន​តែមួយមុខ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​សម្រាប់​អ្នក​ចង់​រៀន​ពូកែ​ព្រោះ​មាន​អ្នកខ្លះ​គាត់​ខំប្រឹង​ប្រែង​រៀន​ដែរ​ តែ​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​។ បញ្ហា​នេះ​មក​ពី​គាត់​មិនបាន​គ្រប់គ្រង​ផែនការ​សិក្សា​ឱ្យ​បាន​ល្អ​ គឺ​គិតតែ​ខំរៀន​ក្នុង​ស្ថានភាព​ច្របូកច្របល់​។ លោក​ថា​ សម្រាប់​អ្នក​សិក្សា​ភាគច្រើន​ គឺ​ខិតខំ​ដោយពេល​ជាពិសេស​ពេល​ជិត​ប្រឡង​ម្តង​ៗ ទើប​ពួកគាត់​ខំរៀន​ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​គាត់​ខំ​ខ្លាំង​ និង​គំហុក​ខ្លាំងពេក​ តែ​មិន​ទទួល​បានផល​ល្អ​។ ចំណែក​ឯអ្នក​ខ្លះទៀត​ខំរៀន​មុខវិជ្ជា​ជាច្រើន​ក្នុង​ពេល​តែមួយ​ឬរៀន​តាម​អារម្មណ៍​ដោយ​គ្មាន​ផែនការ​ និង​គ្មាន​កាលវិភាគ​ច្បាស់លាស់​ ដែល​ធ្វើ​ឱ្យ​គាត់​ពូកែ​ដោយ​មុខវិជ្ជា​ ហើយ​ធ្វើ​ឱ្យ​មុខវិជ្ជា​មួយចំនួន​ទៀត​មាន​បញ្ហា​ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​លទ្ធផល​ប្រឡង​របស់​គាត់​មិន​ទទួល​បាន​លទ្ធផល​ល្អ​។

លោក​ ចេង​ បូរិ​ទ្ធ​ បាន​និយាយ​ថា​៖ «ដើម្បី​ឱ្យ​ការសិក្សា​មាន​ភាព​រលូន​ និង​ងាយ​គ្រប់គ្រង​ អ្នក​សិក្សា​ទាំងអស់​គួរ​កំណត់​ផែនការ​ឱ្យ​បាន​ច្បាស់​ និង​ស្វែងយល់​ពី​ចំណុច​ដែល​ត្រូវ​អភិវឌ្ឍ​ឱ្យ​បាន​ច្រើន​ដើម្បី​ងាយស្រួល​បំពេញបន្ថែម​»។

លោ​កបូរិ​ទ្ធ​ បាន​បន្ថែម​ផង​ដែរ​ថា​ អ្នក​សិក្សា​មិន​អាច​រៀន​តែ​មុខវិជ្ជា​ដែល​ខ្លួន​ចូលចិត្ត​ខ្លាំង​ ហើយ​បោះបង់ចោល​មុខវិជ្ជា​ដែល​មិនសូវ​ចូលចិត្ត​នោះ​ទេ​។

ពួកគេ​ចាំបាច់​ត្រូវតែ​ខិតខំ​ឱ្យ​មាន​តុល្យភាព​ទើប​អាច​ទទួល​បាន​ជោគជ័យ​ ព្រោះ​នៅពេល​ប្រឡង​គេ​មិន​ប្រឡង​តែ​ 1មុខវិជ្ជា​នោះ​ទេ​។ ហេតុនេះ​ ប្រសិនបើ​គាត់​ដឹង​ច្បាស់​ថា​ គាត់​ខ្សោយ​ចំណុច​ណា​ គាត់​អាច​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់​ ហើយ​រៀបចំផែនការ​ដោយ​កំណត់​ម៉ោង​ឱ្យ​ច្រើន​លើ​មុខវិជ្ជា​ដែល​ខ្សោយ​នោះ​និង​ទុក​ពេល​សម​ល្មម​ដើម្បី​រំឭក​ ឬអភិវឌ្ឍ​បន្ថែម​នូវ​មុខវិជ្ជា​ដែល​ខ្លួន​ខ្លាំង​រួច​ទៅ​ហើយ​។ ការ​ធ្វើបែប​នេះ​ជា​វិធី​ដែល​សិស្ស​ពូកែ​ភាគច្រើន​ធ្វើ​ ហើយ​វា​ក៏​ជា​ចំណុច​ដែលកាត់​បន្ថយ​ភាព​ភ័យខ្លាច​នៅក្នុង​ពេល​ប្រឡង​បាន​ផង​ដែរ​ ព្រោះ​នៅពេល​យើង​យល់ដឹង​បាន​ច្រើន​គួរសម​ពី​គ្រប់​ផ្នែក​ហើយ​ យើង​នឹង​អាច​មាន​ជំនឿ​ចិត្ត​ថា​ លទ្ធផល​របស់​យើង​នឹងអាច​ចេញ​មក​ល្អ​ បើ​ទោះបីជា​មិន​ឥត​ខ្ចោះ​ក៏ដោយ​៕

Advertisement