គំនិត​បង្កើត​ថ្មី​ ចាប់ផ្តើម​ពី​ភាព​មិនល្អ​ ​តែ​អាច​ទទួល​បាន​លទ្ធផល​ឥត​ខ្ចោះ​នៅ​ថ្ងៃណាមួយ​

ការ​ធ្វើ​នវានុវត្តន៍​ ឬការបង្កើត​ផលិតផល​ថ្មី​ ជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការរស់នៅ​របស់​មនុស្ស​ម្នា​ក់ៗ​ តែ​អ្វី​ដែល​ជា​ឧបសគ្គ​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​មិន​អាចប​ង្កើត​គំ​និ​តថ្មី​ៗបាន​ គឺ​ការ​មិន​ហ៊ាន​ចាប់ផ្តើម​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ ស៊ូ​ សាវឿ​ន អ្នក​បណ្តុះបណ្តាល​ធនធានមនុស្ស​បាន​លើកឡើង​ថា​ ការបង្កើត​គំនិត​ថ្មី​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​នា​ពេល​បច្ចុប្បន្ន​ ព្រោះ​មិនថា​ការ​ធ្វើអាជីវកម្ម​ ឬការ​ធ្វើការងារ​នោះ​ទេ​ អ្នក​ដែល​មាន​សមត្ថភាព​បង្កើត​គំនិត​ថ្មី​ ឬអ្នក​ដែល​អាចប​ង្កើត​សមិទ្ធ​ផល​ថ្មី​ៗ ភាគច្រើន​ជា​អ្នក​ដែល​មានប្រៀប​ និង​សំខាន់​លើ​គ្រប់​បញ្ហា​ទាំងអស់​។

គំនិត​បង្កើត​ថ្មី​អាច​ធ្វើ​ឱ្យ​មនុស្ស​ទាក់ទាញ​បាន​នូវ​ដំណោះស្រាយ​បញ្ហា​ថ្មី​ៗ រួម​ទាំង​បង្កើត​បាន​ភាព​ទាក់ទាញ​ក្នុងចំណោម​មនុស្សជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​គាត់​ងាយ​ប្រកួតប្រជែង​នៅក្នុង​ពិភព​ដែល​គាត់​កំពុង​ធ្វើ​ថែមទៀត​ផង​។ ប្រសិនបើ​គាត់​ជា​អ្នកធ្វើការ​ងារ​ ឬជា​អ្នកលក់​ដូរ​ គាត់​នឹង​ទទួល​បាន​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ពីអ​តិថិ​ជន​ តែ​ប្រសិនបើ​គាត់​ជា​ម្ចាស់​អាជីវកម្ម​វិញ​ អាជីវកម្ម​របស់​គាត់​នឹង​មាន​ភាពល្អ​ប្លែក​គេ​ (Unique​)។ ទោះជា​យ៉ាងនេះ​ក្តី​ បើ​ទោះបី​ជា​មនុស្ស​គ្រប់គ្នា​ដឹង​ថា​ ការបង្កើត​ថ្មី​ ជា​រឿង​សំខាន់​យ៉ាងណាក៏ដោយ​ ក៏​មាន​មនុស្ស​មិន​ច្រើន​ទេ​ ដែល​ហ៊ាន​ចាប់ផ្តើម​ធ្វើ​។

លោក​ ស៊ូ​ សាវឿ​ន បាន​និយាយ​ថា​៖ «បញ្ហា​ដែល​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​មិន​ហ៊ាន​បង្កើត​អ្វី​ដែល​ថ្មី​គឺ​មក​ពី​ពួកគេ​មិន​ហ៊ាន​ចាប់ផ្តើម​ ឬរង់​ចាំ​គំនិត​ឥត​ខ្ចោះ​សិន​ ទើប​ចាប់ផ្តើម​»។

លោក​បន្ត​ថា​ គ្មាន​ការ​ចាប់ផ្តើម​ណា​សុទ្ធតែ​ល្អឥតខ្ចោះ​នោះ​ទេ​ ព្រោះ​ការបង្កើត​ថ្មី​ភាគច្រើន​កើតឡើង​ពី​ការ​មើលឃើញ​ពី​បញ្ហា​មួយចំនួន​នៅក្នុង​ការរស់នៅ​ ហើយ​បន្ទាប់ពី​មើលឃើញ​បញ្ហា​ទាំងអស់​នោះ​ ដំណោះស្រាយ​ក៏​នឹង​លេចឡើង​ដោយ​ផ្អែកលើ​ចំណេះដឹង​ និង​បទ​ពិសោធ​ផ្ទាល់ខ្លួន​។ ជា​ធម្មតា​ទេ​ នៅក្នុង​ដំណាក់កាល​ការ​ចាប់ផ្តើម​នេះ​ គំនិត​របស់​យើង​តែងតែ​មិនសូវ​ល្អឥតខ្ចោះ​ប៉ុន្មាន​ទេ​ព្រោះ​បទ​ពិសោធ​ និង​ចំណេះដឹង​របស់​យើង​អាច​នៅ​មានកម្រិត​ តែ​ប្រសិនបើ​យើង​បន្ត​ព្យាយាម​ស្វែងយល់​ ហើយ​បន្ត​អភិវឌ្ឍ​វា​ម្តង​បន្តិច​ៗនោះ​ យើង​នឹងអាច​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ថ្ងៃណាមួយ​មិនខាន​។ ជាឧទាហរណ៍​ជាក់ស្តែង​ ប្រសិនបើ​យើង​មើលទៅ​លើ​គំនូរជីវចល​ (Cartoon​) របស់​ផលិត​កម្ម​ល្បី​ៗលើ​ពិភពលោក​មួយចំនួន​ ដូចជា​រូប​កណ្តុរ​ មី​គីយ៍​ (Mickey​ Mouse​) កាលពី​ដំបូង​ឡើយ​ យើង​នឹង​ឃើញថា​ វា​គ្រាន់តែ​ជា​រូបគំនូរ​សាមញ្ញ​ និង​ពិបាក​មើល​ 1សន្លឹក​តែប៉ុណ្ណោះ​ តែ​បន្តិច​ម្តង​ៗ វា​ត្រូវ​បាន​អភិវឌ្ឍ​រហូត​ក្លាយជា​តួ​តុក្កតា​ដ៏​គួរ​ឱ្យ​ស្រឡាញ់​។ ហេតុនេះ​សម្រាប់​អ្នក​ចង់​បង្កើត​គំនិត​ថ្មី​ ឬបង្កើត​សមិទ្ធ​ផល​ថ្មី​ៗ ក៏​ដូចគ្នា​ដែរ​ យើង​អាច​នឹង​ចាប់ផ្តើម​ពី​គំនិត​ធម្ម​តាៗ​ បន្ទាប់មក​ក៏​អភិវឌ្ឍ​វា​ រហូត​ឱ្យ​ក្លាយជា​ផលិតផល​ ឬគំនិត​ប្រកបដោយ​គុណ​តម្លៃ​ខ្ពស់​នា​ពេល​អនាគត​បាន​។

ផលិតផលបង្កើតថ្មីដែលជាស្នាដៃយុវជនខ្មែរ

ស្រប​ជាមួយគ្នា​នេះ​ដែរ​ លោក​ អ៊ុន​ មាស​សម្បត្តិ​ សហ​ស្ថាបនិក​គម្រោង​ Wechould​ ដែល​ជា​គម្រោង​បច្ចេកវិទ្យា​សម្រាប់​ជួយ​អ្នកទេសចរ​ឱ្យ​ជួល​ម៉ូតូ​បាន​ជិះ​យ៉ាង​ងាយស្រួល​នោះ​ ក៏បាន​លើកឡើង​ដែរ​ថា​ គ្រប់​គំនិត​បង្កើត​ថ្មី​ សុទ្ធតែ​មានប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់គ្នា​ គ្រាន់តែ​ភាព​ជោគជ័យ​របស់​វា​អាស្រ័យ​លើ​សេចក្តី​ក្លាហាន​របស់​យើង​ក្នុង​ការបង្កើត​វា​ឡើង​ ឬមិន​ហ៊ាន​បង្កើត​វា​ឡើង​តែប៉ុណ្ណោះ​។

ប្រសិនបើ​យើង​ហ៊ាន​បង្កើត​គំ​និ​តថ្មី​ៗទាំងអស់​នោះ​ឡើង​ យើង​អាច​នឹង​ប្រឈម​នឹង​ឧប​សគ្គ​ខ្លះ​ៗ តែ​ក្រោយពេល​ឆ្លងកាត់​ឧបសគ្គ​មួយចំនួន​នោះ​បាន​ហើយ​ យើង​នឹង​មើលឃើញ​ថា​ ស្នាដៃ​ ឬគំនិត​របស់​យើង​នឹង​កាន់តែ​មានតម្លៃ​សម្រាប់​មនុស្ស​គ្រប់គ្នា​។ មុននឹង​បង្កើត​សមិទ្ធផល​ថ្មី​ ឬគំនិត​នវានុវត្តន៍​នី​មួយ​ៗឡើង​ សុទ្ធតែ​មាន​បញ្ហា​ប្រឈម​ដែល​ធ្វើ​ឱ្យ​យើង​មានគំនិត​រារែក​ចិត្ត​ ដូចជា​ការ​មិនសូវ​ឱ្យ​តម្លៃ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ អ្នកដទៃ​មិនទាន់​មើលឃើញ​ពី​ប្រយោជន៍​នៃ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ព្រម​ជាមួយ​ការរិះគន់​ ជាដើម​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ប្រសិនបើ​យើង​ជម្នះ​វា​ ដើម្បី​អភិវឌ្ឍ​ជាប់​ជាប្រចាំ​ នោះ​យើង​នឹង​ឃើញថា​ ថ្ងៃណាមួយ​អ្វី​ដែល​យើង​បង្កើត​នោះ​នឹង​ត្រូវ​ទទួលស្គាល់​ដោយ​មនុស្សជា​ច្រើន​។

លោក​ អ៊ុន​ មាស​សម្បត្តិ​ បាន​និយាយ​ថា​៖ «ពីមុន​ក្រុម​របស់ខ្ញុំ​ក៏​មិនទាន់​មានគំនិត​បង្កើត​កម្មវិធី​ដូច​បច្ចុប្បន្ន​នេះ​ដែរ​ តែ​អ្វី​ដែល​យើង​ចង់​ធ្វើ​ គឺ​បង្កើត​កម្មវិធី​អ្វី​ម្យ៉ាង​ ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​មនុស្ស​ទូទៅ​កំពុង​ជួបប្រទះ​»។

លោក​បាន​បន្ថែម​ថា​ បន្តិច​ម្តង​ៗយើង​ចាប់ផ្តើម​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​នៅ​ជុំវិញ​ខ្លួន​រហូត​បង្កើត​បាន​គំនិត​ថា​ យើង​គួរតែ​បង្កើត​គម្រោង​ដើម្បី​ជួល​របស់​ តែ​គំនិត​ដំបូង​នោះ​លំបាក​អនុវត្ត​សម្រាប់​ស្ថានភាព​ជាទូទៅ​នៅក្នុង​ប្រទេស​របស់​យើង​។

ហេតុនេះ​យើង​ក៏​បន្ត​អភិវឌ្ឍ​វា​បន្ថែម​ទៀត​ឱ្យ​ក្លាយជា​កម្មវិធី​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រតិបត្តិ​ករ​ទេសចរណ៍​ ឬអ្នករក​ស៊ី​ជួល​ម៉ូតូ​ក្នុង​តំបន់​ទេសចរណ៍​ និង​អ្នកទេសចរ​ដែល​ត្រូវការ​សេវាកម្ម​នេះ​។ លោក​ថា​ តាមពិត​ទៅ​គំនិត​ដំបូង​ក៏​មិនទាន់​ល្អ​ដែរ​ ហើយក៏​មាន​មនុស្សជា​ច្រើន​យល់ថា​ មិន​គួរ​ធ្វើ​ តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​បន្តសកម្មភាព​ និង​ការ​គិត​ ដើម្បី​សម្រួច​អ្វី​ដែល​យើង​ចង់​ធ្វើ​នោះ​ឱ្យ​ក្លាយជា​កម្មវិធី​ដ៏​មានប្រយោជន៍​មួយ​៕

Advertisement