យុវជន​ចង់​ឃើញ​ប្រជាជន​យល់ដឹង​ពី​ទិវា​នៃ​ក្តី​ស្រឡាញ់​ និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​

កម្ពុជា​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ដ៏​ល្បីល្បាញ​និង​ចំណាស់​មួយ​នៅ​លើ​ពិភពលោក​ តែ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​ផង​ដែរ​នោះ​ គឺ​ប្រជាជន​ខ្មែរ​អាច​ទទួលយក​បាន​នូវ​ផ្នត់គំនិត​ដ៏​ទូលំទូលាយ​ពីគ្រប់ទិស​ទី​ និង​អាច​រស់នៅ​ដោយ​គ្មាន​ជម្លោះ​សាសនា​នៅក្នុង​ប្រទេស​។ ទោះជា​យ៉ាងនេះ​ក្តី​ ជា​ទូទៅ​វប្បធម៌​ខាងក្រៅ​មួយចំនួន​ឥទ្ធិពល​វិជ្ជមាន​ផង​និង​អវិជ្ជមាន​ផង​សម្រាប់​ស្រទាប់​យុវជន​។ ផល​វិជ្ជមាន​ គឺ​ប្រជាជន​អាច​នឹង​ទទួល​បាន​នូវ​ផ្នត់គំនិត​ថ្មី​ៗក្នុង​ការរស់នៅ​ក្នុង​សង្គម​ពហុ​វប្បធម៌​ តែ​ផល​អវិជ្ជមាន​អាច​នឹង​កើតមានឡើង​ នៅពេល​យើង​យល់​មិន​ច្បាស់​ពីអ​ត្ថ​ន័យ​ដើម​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ ហើយ​អនុវត្ត​ឱ្យ​ក្លាយទៅជា​រឿង​មិនល្អ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ យុវជន​ ហម​ សុខ​នី​ប្រធាន​ក្រុម​យុវជន​ Inspired​ to​ read​ បាន​លើក​ឡើង​ថា​ទិវា​នៃ​ក្តី​ស្រឡាញ់​ កាលពីមុន​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា​ ជា​ថ្ងៃបុណ្យ​សង្សារ​ ដែល​វា​បាន​ផ្តល់​ផល​ប៉ះពាល់​យ៉ាងច្រើន​ដល់​សង្គម​កម្ពុជា​ ជាពិសេស​ក្នុង​ស្រទាប់​យុវជន​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ដោយសារតែ​ប្រជាជន​មិនទាន់​យល់ដឹង​ច្រើន​ យើង​ឃើញថា​មានការ​ព្រួយបារម្ភ​ជាច្រើន​នៅក្នុង​អំឡុង​ថ្ងៃ​នោះ​ដូចជា​ការ​ដឹកដៃ​គ្នា​ចូលផ្ទះ​សំណាក់​ ការ​ធ្វើ​រឿង​មិន​គួរគប្បី​ ឬការ​ធ្វើ​រឿងរ៉ាវ​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​យុវវ័យ​ ជាដើម​។ ក្រោយមក​ ដោយសារតែ​មានការ​អប់រំ​ច្រើន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ និង​ដោយសារ​តែ​មានការ​យល់ដឹង​ច្រើន​ក្នុង​ស្រទាប់​យុវវ័យ​ យើង​ឃើញថា​ យុវជន​ចាប់ផ្តើម​មានការ​យល់ដឹង​ ហើយ​កាត់បន្ថយ​ផល​ប៉ះពាល់​បាន​ច្រើន​ និង​ងាក​មក​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​វិញ​ម្តង​។

យុវជន ហម សុខនី ប្រធានក្រុមយុវជន Inspired to read

យុវជន​ ហម​ សុខ​នី​ បាន​និយាយ​ថា​៖ «តាម​ពិត​ទៅ​ ទិវា​នៃ​សេចក្តី​ស្រឡាញ់​ ទោះបីជា​មិនមែន​ជាវ​ប្ប​ធម៌​របស់​ខ្មែរ​ក៏ដោយ​ តែ​វា​ក៏​មិនមែន​ជា​រឿង​អាក្រក់​អ្វី​ដែរ​សម្រាប់​ការអនុវត្ត​។ គ្រប់​ជនជាតិ​ទាំងអស់​លើ​ពិភពលោក​សុទ្ធតែ​ត្រូវការ​ក្តី​ស្រឡាញ់​ហើយ​ចែករំលែក​ក្តី​ស្រឡាញ់​ចំពោះ​គ្នានឹងគ្នា​ ជា​រឿង​ល្អ​ គ្រាន់តែ​យើង​ចាំបាច់​ត្រូវ​យល់​ឱ្យ​បាន​ច្បាស់​ពីអ​ត្ថ​ន័យ​ ទើប​យើង​មិន​អនុវត្ត​ខុស​ទិសដៅ​»។

យុវជន​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ទិវា​នៃ​ក្តី​ស្រឡាញ់​ គ្រាន់តែ​ជា​ថ្ងៃមួយ​ ដើម្បី​រំឭក​ពី​ក្តី​ស្រឡាញ់​តែប៉ុណ្ណោះ​ តែ​ក្តី​ស្រឡាញ់​ពិតប្រាកដ​យើង​អាច​ចែករំលែក​បាន​គ្រប់ពេលវេលា​ និង​រាល់ថ្ងៃ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​ ហេតុនេះ​កុំ​ចាត់ទុកថា​ ថ្ងៃ​ដែល​គួរ​ចែករំលែក​ក្តី​ស្រឡាញ់​មានតែ​ 1ថ្ងៃនេះ​។ ម្យ៉ាងវិញទៀត​ ទិវា​នេះ​នៅ​លើ​ពិភពលោក​គេ​មិនមែន​ប្រារព្ធ​ ឬគិតថា​ជា​ថ្ងៃ​ពិសេស​សម្រាប់​តែ​គូស្នេហ៍​នោះ​ទេ​ តែ​ជា​ថ្ងៃ​ដែល​គួរ​ចែករំលែក​ក្តី​ស្រឡាញ់​ពិត​ប្រាកដ​ចំពោះ​មនុស្ស​គ្រប់គ្នា​ ដូចជា​ការចែក​រំលែក​ក្តី​ស្រឡាញ់​ពី​ប្តី​-ប្រពន្ធ​ ក្តី​ស្រឡាញ់​ចំពោះ​បងប្អូន​ ក្តី​ស្រឡាញ់​ចំពោះ​មិត្តភក្តិ​ ក្តី​ស្រឡាញ់​លោកគ្រូ​អ្នកគ្រូ​ ឬសាស្ត្រា​ចារ្យ​ដែល​បាន​បង្ហាត់បង្រៀន​យើង​ និង​ក្តី​ស្រឡាញ់​ចំពោះ​ឪពុក​-ម្តាយ​ ជាដើម​។

មាន​អ្នកខ្លះ​ទៀត​ គេ​ឆ្លៀតយក​ថ្ងៃនេះ​ ធ្វើជា​ថ្ងៃល្អ​ដើម្បី​ធ្វើទាន​ដល់​អ្នក​ក្រីក្រ​ ឬអ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ ដើម្បី​ចែករំលែក​ក្តី​ស្រឡាញ់​ក៏មានដែរ​។ ហេតុនេះ​សូមកុំ​យល់​ច្រឡំ​ ហើយ​កុំ​ឆ្លៀតឱកាស​យក​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​ ទៅ​ធ្វើជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ខ្លួនប្រាណ​ឱ្យ​គូស្នេហ៍​ ឬជា​ថ្ងៃ​ធ្វើអ្វី​មួយ​ដែល​មិន​ត្រឹមត្រូវ​ឱ្យ​សោះ​។

បន្ថែម​ពីលើ​នេះ​ ប្រសិនបើ​យើង​ចេះ​ច្នៃ​ឱ្យ​ល្អ​ យើង​អាច​ប្រើ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​ ឱ្យ​ក្លាយជា​ថ្ងៃ​ដ៏​មានប្រយោជន៍​ជាច្រើន​សម្រាប់​ការរស់នៅ​ក្នុង​សង្គម​របស់​យើង​ តាមរយៈ​ការ​ជូន​កាដូ​ដែល​មាន​តម្លៃ​សម្រាប់​មនុស្សជា​ទីស្រឡាញ់​របស់​យើង​គ្រប់​ៗគ្នា​។ ជាក់ស្តែង​ នៅក្នុង​ព័ត៌មាន​អន្តរជាតិ​មួយចំនួន​គេ​ណែនាំ​ឱ្យ​ទិញ​សៀវភៅ​ជូន​គ្នា​ ដើម្បី​ជា​កាដូ​ដល់​មនុស្សជា​ទីស្រឡាញ់​។ ការ​ធ្វើបែប​នេះ​ អាច​ធ្វើ​ឱ្យ​យើង​ជំរុញ​ការ​អាន​បាន​ល្អ​ប្រសើរ​ផង​ បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ប្រកបដោយ​ចេតនា​វិជ្ជមាន​ផង​ និង​ជួយ​ឱ្យ​អ្នក​ដែល​យើង​ជូន​កាដូ​នោះ​ ទទួល​បាន​ការ​អភិវឌ្ឍ​ចំណេះដឹង​បាន​សម្រាប់​អភិវឌ្ឍ​ជីវិត​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជា​រៀងរាល់​ឆ្នាំ​ក្រសួង​អប់រំ​យុវជន​ និងកីឡា​ និង​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​ បាន​ចេញ​សេចក្តី​ណែនាំ​ដើម្បី​កុំឱ្យ​សិស្ស​ឆ្លៀតពេល​នេះ​ឈប់សម្រាក​ ឬធ្វើអ្វី​ដែល​មិន​ត្រឹមត្រូវ​។ ក្រសួង​តែងតែ​ជំរុញ​ឱ្យ​លោកគ្រូ​-អ្នកគ្រូ​ អាណាព្យាបាល​ និង​អ្នកដទៃ​ទៀត​ពន្យល់​ណែនាំ​ឱ្យ​យុវជន​បាន​យល់ដឹង​ឱ្យ​ច្បាស់​ពីអ​ត្ថ​ន័យ​នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​។ ហេតុនេះ​អាណាព្យាបាល​ឬក្រុម​គ្រួសារ​នី​មួយ​ៗ គួរ​ឆ្លៀតពេល​ស្វែងយល់​និង​បញ្ជ្រាប​ការអប់រំ​ចំ​ពោះ​កូន​ៗឱ្យ​ចេះ​ចែករំលែក​ក្តី​ស្រឡាញ់​ និង​ភាព​កក់ក្តៅ​ដោយ​ផ្លូវ​ត្រឹមត្រូវ​ទាំង​សម្រាប់​ជីវិត​ក្នុង​គ្រួសារ​ ក៏ដូចជា​ការ​ប្រាស្រ័យ​ទាក់ទង​នៅ​ខាងក្រៅ​ជាដើម​៕

Advertisement