សិស្សនៃកម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានតាមអុីនធើណិតបានប្រឡងបញ្ចប់ និងអាចបន្តសិក្សាកម្រិតវិជ្ជាជីវៈបាន

សិស្សនៃកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP)ដែលត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលយុវជន ដែលបានបោះបង់ការសិក្សាឱ្យទទួលបានការអប់រំសម្រាប់បន្តអភិវឌ្ឍន៍ជំនាញរបស់ខ្លួន បានប្រឡងបញ្ចប់ជាលើកទី1 នៅអង្គការមូលនិធិកុមារកម្ពុជា។

បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងមាន 4ដងក្នុង 1ឆ្នាំសម្រាប់កម្មវិធីសិក្សាសមមូលកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP) ដោយសិស្សដែលបានបញ្ចប់ការសិក្សាអាចទទួលបានសញ្ញាបត្រស្មើនឹងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ សិស្សទាំងអស់ដែលប្រឡងបញ្ចប់ដោយជោគជ័យ អាចនឹងចុះឈ្មោះចូលរៀននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ឬវិទ្យាល័យបច្ចេកទេសបាន។

ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP) ជាកម្មវិធីយ៉ាងមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាដែលបានបោះបង់ការសិក្សា ឬមិនមានឱកាសបានសិក្សានៅក្នុងសាលាឱ្យមានលទ្ធភាពងាកមកសិក្សាវិញតាមរយៈបច្ចេកវិទ្យា បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

កម្មវិធីសិក្សាទាំងអស់នៃកម្មវិធីនេះត្រូវបានដាក់បញ្ចូលទៅក្នុងបច្ចេកវិទ្យាដែលសិស្សទាំងអស់អាចសិក្សាបាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជាទូរស័ព្ទដៃស្មាតហ្វូន ឬតាមរយៈកុំព្យូទ័រជាដើម។

ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ «ការបង្កើតឡើងនូវកម្មវិធីសមមូលអប់រំកម្រិតនេះជាផ្នែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ព្រោះសិស្សដែលបានបញ្ចប់ការសិក្សាទាំងអស់ពីកម្មវិធីនេះ នឹងអាចមានសញ្ញាបត្រទទួលស្គាល់ដើម្បីបន្តការសិក្សាបច្ចេកទេសបាន»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP) ជាផ្នែកសំខាន់សម្រាប់ការសិក្សាពេញមួយជីវិត ព្រោះមិនថាយើងអាយុប៉ុន្មាន ឬស្ថិតនៅទីណានោះទេ បើយើងចង់សិក្សា មានឆន្ទៈក្នុងការអភិវឌ្ឍចំណេះដឹង គឺសុទ្ធតែអាចសិក្សាឡើងវិញបាន។

ម្យ៉ាងវិញទៀតអ្វីដែលកាន់តែងាយស្រួលសម្រាប់ការសិក្សាគឺប្រជាជនបច្ចុប្បន្ននេះ ស្ទើរគ្រប់គ្នាសុទ្ធតែមានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ហេតុនេះពួកគេគ្រាន់តែផ្លាស់ប្តូរពេលវេលាមួយចំនួនពីការលេងបណ្តាញសង្គម មកធ្វើការងារអភិវឌ្ឍន៍សមត្ថភាព គេអាននឹងទទួលបានការអប់រំយ៉ាងល្អ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ឆ្នាំ2020នេះ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP) បានពង្រីកមណ្ឌលរបស់ខ្លួនរហូតដល់ទៅ 13ខេត្ត និងមានគម្រោងពង្រីកឱ្យបាន 15ខេត្តក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្ននេះកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត មានសិស្សចុះឈ្មោះចូលរួមចំនួន 2,064នាក់ចំនួននេះអាចនឹងមានការកើនឡើងបន្ថែមទៀតនៅគ្រប់រាជធានីខេត្តនៅក្នុងប្រទេសកម្ពុជា៕

Advertisement