កម្ពុជាវិនិយោគជិត 90លានដុល្លារបន្ថែមលើ វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាថវិកាប្រមាណ 88.23លានដុល្លារអាមេរិកត្រូវបានដាក់បញ្ចូលទៅក្នុងមូលនិធិសម្រាប់វិនិយោគលើគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្ពុជា។ គម្រោងដ៏សំខាន់នេះទទួលបានមូលនិធិពីថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដោយចំណាយរយៈពេល 5ឆ្នាំ ចាប់ពីឆ្នាំ 2019 រហូតដល់ឆ្នាំ2024។

ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមចំណែកពង្រឹងគុណភាពនៃការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញក្នុងឧស្សាហកម្មសំខាន់ៗនានានៅកម្ពុជា។ វានឹងធ្វើឱ្យមានធនធានមនុស្សកាន់តែច្រើនលើវិស័យកម្មន្តសាលវិស័យសំណង់ វិស័យអគ្គិសនី និងអេឡិចត្រូនិក។

បន្ថែមពីលើនេះ គម្រោងនេះក៏នឹងចូលរួមពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាជំនាញតាមវិស័យ និងភ្ជាប់ទំនាក់ទំនងល្អក្នុងការអភិវឌ្ឍជំនាញ ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញថ្មី ការបណ្តុះបណ្តាលជំនាញឡើងវិញ និងការបំប៉នជំនាញបន្ថែម ដល់កម្លាំងពលកម្មដែលកំពុងបំពេញការងារនៅគ្រប់វិស័យទាំងអស់នាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖«មូលនិធិសម្រាប់វិនិយោគលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ជាយន្តការយ៉ាងសំខាន់មួយសម្រាប់ជ្រោមជ្រែងធនធានមនុស្សឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»។

បើតាមឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថាភ្នាក់ងារដែលអនុវត្តគម្រោងនេះ គឺភាគីពាក់ព័ន្ធនានាជាពិសេសគឺ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដូចជាសួនបច្ចេកទេសវិជ្ជាជីវៈភ្នំពេញ វិទ្យាស្ថានពហុបច្ចេកទេសភូមភាគតេជោសែនស្វាយរៀង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង និងវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដែលគ្រឹះស្ថានទាំងអស់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីលើនេះ គ្រឹះស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួលបានថវិកាសម្រាប់អភិវឌ្ឍន៍ផងដែរ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

ចំណែកឯអ្នកពាក់ព័ន្ធដ៏សំខាន់មួយទៀតនោះ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានតួនាទីក្នុងការត្រួតពិនិត្យលើកញ្ចប់ថវិកាសម្រាប់វិនិយោគដោយផ្តោតលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានដូចជាអគារសិក្សា អន្តេវាសិកដ្ឋាន រោងជាង ឧបករណ៍សិក្សា សម្ភារបរិក្ខារនានា គម្រោងអភិវឌ្ឍន៍បុគ្គលិក និងការអភិវឌ្ឍបណ្តុះបណ្តាលនានា។

តាមរយៈគម្រោងនេះគ្រឹះស្ថានអប់រំដែលទទួលបានថវិកាទាំងអស់ នឹងអាចអភិវឌ្ឍខ្លួនឱ្យក្លាយជាគ្រឹះស្ថានឈានមុខគេនៅកម្ពុជា ដែលនឹងមានសមត្ថភាពបណ្តុះបណ្តាលអ្នកបច្ចេកទេសប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារការងារក្នុងប្រទេស ជាពិសេសផ្នែកឧស្សាហកម្ម និងបច្ចកវិទ្យាជាដើម។

បើតាមការបញ្ជាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គោលដៅសំខាន់ៗនៃគម្រោងវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជានេះមានចំនួន3 សំខាន់ៗ គឺទី1 គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាព និងភាពឆ្លើយតបទៅនឹងកម្រិតសញ្ញាបត្របច្ចេកទេស បរិញ្ញាបត្ររងបច្ចេកទេស និងឯកទេសជាដើម។

ចំណុចសំខាន់ទី2 គឺវានឹងជួយលើកកម្ពស់កម្មវីធីសិក្សាផ្អែកលើការងារ (Work Based Learning Program) ជាមួយដៃគូឧស្សាហកម្ម ព្រោះការអប់រំបច្ចេកទេសអាចសិក្សាបណ្តើរ អនុវត្តការងារបណ្តើរនៅក្នុងក្រុមហ៊ុនឯកជន ឬសហគ្រាសបាន។ ចំណុចសំខាន់ទី3 គឺគម្រោងនេះនឹងអាចពង្រីកយន្តការនៃការផ្តល់ហិរញ្ញប្បទានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគំនិតបង្កើតថ្មី (នវានុវត្តន៍)៕

Advertisement