អ្នកវិទ្យាសាស្រ្តរកឃើញថា ការនិយាយជាមួយក្មេងតូចច្រើន អាចជួយឱ្យគេរៀនឆាប់ចេះ

មនុស្សធំជាច្រើនយល់ថា ក្មេងតូចដែលមិនទាន់ចេះនិយាយ ប្រហែលជាមិនទាន់ចេះស្តាប់ និងមិនទាន់យល់ពីអ្វីដែលមនុស្សធំនិយាយទេមើលទៅ។

ហេតុនេះហើយទើបគេមិនសូវយកចិត្តទុកដាក់រវីរវល់ជាមួយក្មេងតូចប៉ុន្មានទេ នៅពេលដែលក្មេងតូចស្ថិតក្នុងវ័យដែលមិនទាន់អាចឆ្លើយតបឬមិនទាន់ចេះនិយាយ។ សកម្មភាពនេះត្រូវបានគេរកឃើញថា មិនមែនជារឿងល្អសម្រាប់កុមារតូចនោះទេ ព្រោះថ្មីៗនេះអ្នកវិទ្យាសាស្រ្តខាងការអភិវឌ្ឍកុមារតូច បានរកឃើញថា ក្មេងតូចៗអាចចេះស្តាប់ និងចេះគិតតាំងពីពួកគេនៅតូចៗម៉្លេះ។

យោងតាមការបញ្ជាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើងថា អ្នកវិទ្យាសាស្រ្តកុមារបានរកឃើញថា ការនិយាយជាមួយកុមារតូចៗ អាចជួយឱ្យពួកគេចំណាំពាក្យបានច្រើន និងរៀនឆាប់ចេះទាំងការនិយាយ និងការចងចាំលើផ្នែកផ្សេងៗទៀតនៅពេលពួកគេធំឡើង។ តាមការបញ្ជាក់របស់ស្ថាប័នវិទ្យាសាស្ត្រអប់រំអាមេរិក PNAS (Proceedings of the National Academy of Sciences of the United States of America) បានឱ្យដឹងថា ការព្យាយាមនិយាយមិនច្បាស់តាមកុមារ ឬបញ្ចេញសំឡេងតាមកុមារតូចមិនមែនជាវិធីល្អនោះទេសម្រាប់កុមារក្នុងការអភិវឌ្ឍសមត្ថភាព តែអាណាព្យាបាលគួរនិយាយពាក្យច្បាស់ៗ និងព្យាយាមទំនាក់ទំនងឱ្យបានច្រើនដោយការនិយាយជាមួយពួកគេបើទោះបីជាទារក ឬកុមារតូចមិនទាន់ចេះនិយាយតបមកយើងក៏ដោយ។

អ្នកអប់រំក្នុងស្ថាប័នខាងលើបានណែនាំថាអាណាព្យាបាលអាចព្យាយាមសាកល្បងនិយាយជាមួយកុមារតូចនូវពាក្យយឺតៗដដែលៗ ឬពាក្យទាំងឡាយណាដែលពួកគេងាយចងចាំដើម្បីពិនិត្យមើលពីការឆ្លើយតបរបស់ពួកគេ។

ច្បាស់ណាស់កុមារនឹងចងចាំ ឬយល់នូវអត្ថន័យដែលយើងកំពុងនិយាយ ព្រោះពួកគេពួកគេអាចមានសមត្ថភាពចាប់បាននូវអ្វីដែលមនុស្សធំចង់ឱ្យគេធ្វើ។

ម្យ៉ាងវិញទៀត ទន្ទឹមនឹងការព្យាយាមនិយាយជាមួយពួកគេ យើងក៏គួរទុកឱកាសឱ្យពួកគេធ្វើតាម រៀនបញ្ចេញសំឡេងតាម ឬឆ្លើយតបតាមដំណាក់កាល។

នៅពេលដែលពួកគេមិនទាន់ចេះនិយាយ យ៉ាងហោចណាស់ក៏អាចធ្វើឱ្យពួកគេឆ្លើយតបដោយកាយវិការ ដូចជាការណែនាំឱ្យគេសើច ឬឱ្យគេធ្វើសកម្មភាពណាងាយៗដើម្បីដឹងថា ពួកគេអាចយល់ ឬមិនទាន់យល់នូវអ្វីដែលមនុស្សធំកំពុងទំនាក់ទំនងជាមួយគេ។

ការទំនាក់ទំនងជាមួយកូនជួយអភិវឌ្ឍការចងចាំបានល្អ​​​​​​

អ្នកវិទ្យាសាស្រ្តរកឃើញថា កុមារតូច ដែលមានអាណាព្យាបាលភ្ជាប់ទំនាក់ទំនងល្អ ឬមានវិធីសាស្រ្តក្នុងការទំនាក់ទំនង និងបង្រៀនបានល្អ ភាគច្រើនជាក្មេងដែលមានសមត្ថភាពឆាប់ចេះនិយាយមុនអាយុ និងអាចចងចាំពាក្យបានល្អជាងក្មេងដទៃ2ដង។

នៅពេលពួកគេចូលសាលារៀន ការចងចាំពីភាសា​ និងការយល់ពីអត្ថន័យនៃពាក្យនីមួយៗមានភាពឆាប់រហ័ស ហើយគេអាចនឹងរៀនបានលឿនជាងកុមារដែលអាណាព្យាបាលមិនបានហ្វឹកហាត់ ឬនិយាយជាមួយពួកគេពេលពួកគេនៅតូច។

ការចាប់ឱកាសអភិវឌ្ឍន៍សមត្ថភាពក្នុងការអភិវឌ្ឍភាសានៅវ័យក្មេងនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រអប់រំរកឃើញថា មានប្រយោជន៍ខ្លាំងណាស់​សម្រាប់ពេញមួយជីវិតតែម្តងព្រោះពួកគេអាចនឹងឈានទៅអភិវឌ្ឍសមត្ថភាពផ្នែកដទៃទៀតលឿនជាងកុមារទូទៅ។

ជាឧទាហរណ៍ កុមារម្នាក់មានសមត្ថភាពចងចាំផ្នែកភាសាល្អ ពួកគេក៏នឹងមានសមត្ថភាពអាន ឬចូលចិត្តអានផងដែរនៅពេលពួកគេធំឡើង។ ហេតុនេះហើយទើបធ្វើឱ្យពួកគេមានប្រភពព័ត៌មានច្រើនជាងក្មេងដទៃទៀត ឬមានកម្រិតបញ្ញា (IQ) ខ្ពស់ជាងក្មេងផ្សេងៗដែលទទួលបានព័ត៌មានតិចតួចពីការអាន ឬពីការស្តាប់ជាដើម។

តាមការបញ្ជាក់របស់ស្ថាប័នអប់រំ Sutton Trust នៅឆ្នាំ2010 បានបញ្ជាក់ថាកុមារអាយុ 5ឆ្នាំ មកពីគ្រួសារដែលមិនបានអប់រំល្អ ឬមិនបានភ្ជាប់ទំនាក់ទំនងល្អរវាងអាណាព្យាបាល និងកូនតូច មានកម្រិតយល់ដឹងផ្នែកពាក្យយឺតជាងកុមារដែលទទួលបានការភ្ជាប់ទំនាក់ទំនងល្អជាមួយមនុស្សធំដល់ទៅ 16ខែ។

ហេតុនេះអាណាព្យាបាលគួរចាប់ឱកាសនេះឱ្យបានប្រសិនបើកំពុងមានកូនតូចនៅក្នុងផ្ទះ​កុំឱ្យឱកាសនៃការអប់រំដ៏ល្អនេះរំលងផុត ដោយការយល់ឃើញថាកុមារមិនយល់អ្វីទាំងអស់៕

Advertisement