អ្នកជំនាញចិត្តសាស្ត្របញ្ជាក់ថាអាណាព្យាបាលជាច្រើនលើពិភពលោកកំពុងបង្រៀនកូនខុស

ស្ទើរគ្រប់អាណាព្យាបាលទាំងអស់លើពិភពលោក សុទ្ធតែចង់អប់រំកូនឱ្យក្លាយជាមនុស្សល្អ តែអ្វីដែលជាបញ្ហាប្រឈម និងធ្វើឱ្យកូនៗក្លាយជាមនុស្សកាន់តែអាក្រក់ គឺវិធីសាស្ត្របង្រៀនដែលអាណាព្យាបាលភាគច្រើនប្រើចំពោះកូន គឺជាវិធីសាស្រ្តមិនត្រឹមត្រូវ។

លោក Adam Grant អ្នកជំនាញចិត្តសាស្រ្ត បានលើកឡើងថា អាណាព្យាបាលជាច្រើន គិតថា
រាល់ពេលកូនធ្វើខុសគឺត្រូវតែទទួលពិន័យដើម្បីអប់រំពួកគេកុំឱ្យដើរជាន់កំហុសដដែល។ មានអ្នកខ្លះអង្គុយចាំមើលតែសកម្មភាពរបស់កូន ឱ្យតែកូនធ្វើខុស ឬមានឥរិយាបថមិនល្អភ្លាម គាត់នឹងស្តីបន្ទោស ដាក់ពិន័យ និងប្រាប់ភ្លាមថា រឿងដែលក្មេងកំពុងធ្វើនោះជារឿងខុស ហើយធ្វើតាមគាត់ទើបជារឿងត្រឹមត្រូវ។ ការធ្វើបែបនេះ ពេលខ្លះអាចធ្វើឱ្យក្មេងក្លាយជាមនុស្សម្នាក់ដែលដើរត្រូវបន្ទាត់របស់មនុស្សទូទៅ តែមិនប្រាកដថាអាចធ្វើឱ្យក្មេងក្លាយជាមនុស្សខ្លាំងបាននោះទេ ព្រោះគ្រាន់ដឹងថាសកម្មភាពបែបណាខុស ហើយសកម្មភាពបែបណាត្រូវមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ជីវិតមនុស្សម្នាក់ៗ។

លោកបានបញ្ជាក់ថា ការអប់រំតាមបែបបុរាណ គឺភាគច្រើនជំរុញឱ្យមនុស្សធ្វើអ្វីដដែលៗនៅលើបន្ទាត់មួយដូចៗគ្នា គឺរស់នៅក្នុងទម្លាប់ដូចៗគ្នា មានសកម្មភាពដូចៗគ្នា និងការគិតដូចៗគ្នា។ គ្រាន់តែក្មេងដើរខុសបន្ទាត់តែបន្តិច បើទោះបីជារឿងនោះល្អ ឬមិនសូវល្អក៏ដោយក៏មនុស្សធំភាគច្រើនតម្រង់មករកភាពដើមវិញ។

ចំណុចនេះបានបង្កើតឱ្យមានបញ្ហាជាច្រើនសម្រាប់អនាគតរបស់មនុស្សលើពិភពលោក ដែលយើងកំពុងត្រូវការមនុស្សប្រកបដោយសមត្ថភាពខ្លាំងជាងមុន មានថាមពលនៃភាពច្នៃប្រឌិតខ្ពស់ជាងមុន និងមានភាពឆ្លាតវៃមុតស្រួចជាងមុន។

លោក Adam Grant បាននិយាយថា៖ «ជាធម្មតានៅក្នុងសហគមន៍ នីមួយៗយើងមើលឃើញថា នៅពេលគេឃើញមានមនុស្សណាម្នាក់ចេញពីសហគមន៍នោះ ហើយក្លាយជាមនុស្សជោគជ័យ ឬក្លាយជាមនុស្សដែលមានសមិទ្ធផលជីវិតខ្លាំងមនុស្សគ្រប់គ្នាតែងតែគិតថាគាត់ជាមនុស្សអស្ចារ្យ
(Hero)។ អ្វីដែលនៅពីក្រោយភាពអស្ចារ្យនេះគឺសិល្បៈក្នុងការអប់រំរបស់អាណាព្យាបាល»។

អ្នកជំនាញខាងលើបានបញ្ជាក់ថា ជាធម្មតាបើគេមើលលើមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ៗ មានសមត្ថភាពខ្លាំងនៅក្នុងពិភពលោក គេនឹងឃើញថាអ្នកខ្លាំងទាំងអស់នោះទទួលការអប់រំបានល្អទាំងក្នុងសាលា និងក្នុងគ្រួសារ។ ការឆ្លើយតបដោយវិជ្ជមានរបស់អាណាព្យាបាលក្នុងការបណ្តុះផ្នត់គំនិតល្អ ទើបជាចម្លើយយ៉ាងសំខាន់ដែលរុញច្រានឱ្យក្មេងក្លាយជាមនុស្សខ្លាំង មិនមែនដើរតាមទម្លាប់ដដែលៗនោះទេ។ អ្វីដែលអាណាព្យាបាលឆ្លាតវៃទាំងអស់នោះធ្វើ គឺបង្រៀនកូនឱ្យចេះធ្វើអ្វីថ្មីៗ ក្នុងវិធីខុសប្លែកពីទម្លាប់ពិន័យដដែលៗ ហើយពួកគេអភិវឌ្ឍសមត្ថភាពកូនដោយការលើកទឹកចិត្ត។

ជំនួសឱ្យការពិន័យនៅពេលធ្វើខុសគេ គាត់អាចលួងលោមកូនឱ្យមើលឃើញពីហេតុ និងផលនៃសកម្មភាព បន្ទាប់មកក៏ជំរុញកូនឱ្យធ្វើអ្វីដោយផ្អែកលើភាពខ្លាំងរបស់ខ្លួន។ ពេលខ្លះគាត់អាចខុសគេបន្តិចមែនតែគាត់ខ្លាំងខុសគេ មិនមែនខុសគេដោយភាពផ្តេសផ្តាសនោះទេហេតុនេះប្រសិនបើយើងមើលឃើញពីគុណសម្បត្តិនៃសកម្មភាពរបស់កូនច្បាស់លាស់ហើយ យើងគួរជំរុញ និងចេះផ្តល់រង្វាន់។ កុំបង្រៀនមនុស្សដោយភាពឈឺចាប់ តែត្រូវចេះដាស់ស្មារតីដោយថាមពលនៃភាពរីករាយ ឱ្យកូនចេះរស់ក្នុងសេចក្តីសុខ និងការអភិវឌ្ឍ ជាជាងអំពើហិង្សា។

អ្នកចិត្តសាស្ត្រខាងលើបានបញ្ជាក់ផងដែរថា ជំនួសឱ្យការកំណត់បន្ទាត់ឱ្យកូនដើរ យើងគួរពង្រឹងសមត្ថភាពនៃការពិចារណាឱ្យបានល្អ បង្រៀនកូនឱ្យមានភាពចាស់ទុំ និងចេះប្រើប្រាស់ហេតុផលដើម្បីដោះស្រាយបញ្ហាក្នុងការរស់នៅជាក់ស្តែង។

នៅពេលក្មេងមានប្រភពចំណេះដឹងច្បាស់លាស់ក្នុងការវិភាគ ពិចារណាស៊ីជម្រៅ និងមានទម្លាប់រស់នៅល្អហើយ យើងនឹងមិនចាំបាច់ខ្វល់ច្រើនថាគាត់នឹងអាចប្រឈមនឹងបញ្ហា ឬធ្វើអ្វីខុសប្លែកពីទម្លាប់របស់មនុស្សទូទៅនោះទេ ព្រោះយើងដឹងច្បាស់ថាគាត់មានប្រព័ន្ធការពារមួយដ៏ល្អរួចបាត់ទៅហើយ។ ម្យ៉ាងវិញទៀត យើងដឹងច្បាស់ណាស់ថាទោះជាយ៉ាងណាក៏ដោយអាណាព្យាបាលនឹងមិនអាចលែងដៃពីកូនបាននោះទេ បើទោះបីជាដឹងថាគេមានវិធីសាស្ត្រគិតល្អហើយក៏ដោយ។ ហេតុនេះអ្វីដែលអាណាព្យាបាលអាចធ្វើបាន គឺចែករំលែកបទពិសោធ និងជួយប្រឹក្សាជាមួយកូននៅពេលពួកគេត្រូវការជំនួយ ឬសង្ស័យថាគាត់មិនទាន់អាចបែងចែកហេតុផលនៃសកម្មភាពទាំងឡាយណាដែលគ្រោះថ្នាក់ដល់ជីវិតរបស់គាត់៕

Advertisement