កម្ពុជាកំពុងពង្រឹងខ្លាំងលើការអប់រំកុមារតូច

ការអប់រំកុមារតូច គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ព្រោះកុមារគឺជាវ័យដែលអាចអភិវឌ្ឍបានលឿន និងជាគ្រឹះនៃការអប់រំ។ កាលណាកុមារតូចៗមានមូលដ្ឋានចំណេះដឹងខ្ពស់ នោះពួកគេនឹងអាចមានសមត្ថភាពកាន់តែប្រសើរ នៅពេលពួកគេក្លាយជាយុវជន ឬប្រជាជនសកម្មនាថ្ងៃអនាគត។ ហេតុនេះហើយ ទើបក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីជំរុញឱ្យមានការអភិវឌ្ឍកុមារតូចឱ្យកាន់តែប្រសើរឡើង។

នៅពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីថ្មីដើម្បីអប់រំកុមារគឺកម្មវិធី «កុមាររៀន កុមារចេះ» ដែលកម្មវិធីនេះបង្កើតឡើងតាមរយៈបទពិសោធ និងការចូលរួមរបស់អ្នកពាក់ព័ន្ធផ្អែកលើភ័ស្តុតាងនៃការសិក្សាស្រាវជ្រាវ លើការសិក្សានៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានាពេលកន្លងមក។

ការផលិតកញ្ចប់សម្ភារសិក្សាទាំងអស់នៅក្នុងកម្មវិធីនេះទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ អង្គការយូនេស្កូ អង្គការយូនីសេហ្វ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បើតាមបទពិសោធ និងការសង្កេតជាក់ស្តែង នៅឆ្នាំ2010 យើងឃើញថា បរិមាណសិស្សប្រមាណ 30% ទៅ 40% មិនទាន់ចេះអាន និងសរសេរអក្សរឱ្យបានស្ទាត់ជំនាញនៅឡើយ ដែលចំណុចនេះ គឺទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើការត្រួតពិនិត្យពីវិធីសាស្រ្តបង្រៀនឡើងវិញ ដើម្បីឱ្យសិស្សទទួលបានការអប់រំកាន់តែល្អ។ បន្ទាប់ពីអនុវត្តនូវវិធីសាស្ត្រប្រកប និងវិធីសាស្រ្តមួយចំនួនទៀតយើងឃើញថា ចំនួនសិស្សដែលមិនចេះអាន និងសរសេរស្ទាត់ជំនាញបានថយចុះ ពោលគឺ សិស្ស25% ក្នុងចំណោមសិស្សដែលមិនចេះកាលពីមុន បានចេះអាន និងសរសេរឡើងវិញ។ ហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងដៃគូបានបង្រួបបង្រួមវិធីសាស្ត្រដែលយើងបានសាកល្បងជាច្រើនមកនេះឱ្យក្លាយជាវិធីសាស្ត្រដែលមាន 7ជំហាន ដែលចាប់ផ្តើមពីការប្រកប ស្គាល់តួអក្សរ ស្គាល់សូរ និងបន្ទាប់មកចេះសរសេរឃ្លា តែងឃ្លា តែងល្បះ និងចុងក្រោយ គឺយើងប្រើប្រាស់វិធីបុរាណបែបសរុប។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «សិស្សចំនួន 30% ទៅ40% មិនចេះអាន និងសរសេរអក្សរខ្មែរច្បាស់លាស់ ហេតុនេះនៅពេលគាត់ឡើងទៅរៀននៅកម្រិតមធ្យមសិក្សា គាត់ច្បាស់ណាស់ប្រាកដជាមិនចេះអាន និងសរសេរច្បាស់ទេ។ នៅពេលនោះយើងនឹងលំបាកអនុវត្តការពង្រឹងគុណភាពអប់រំនៅកម្រិតមធ្យមសិក្សា។

ហេតុនេះហើយទើបយើងឃើញថា នៅថ្នាក់ទី7 មានអត្រាបោះបង់ការសិក្សាខ្ពស់ដែលយើងត្រូវតែយកចិត្តទុកដាក់»។

កម្មវិធី «កុមាររៀន កុមារចេះ» ជាកម្មវិធីដែលដាក់ឱ្យប្រើប្រាស់នូវកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅបឋមសិក្សា ដើម្បីធ្វើយ៉ាងណាឱ្យសិស្សមានមូលដ្ឋានចំណេះដឹងខ្ពស់ផ្នែកអំណាន ការសរសេរ និងការស្គាល់លេខ។

នៅពេលពួកគេមានប្រភពចំណេះដឹងល្អពួកគេអាចនឹងកាត់បន្ថយការបោះបង់ការសិក្សា ក៏ដូចជាអាចអភិវឌ្ឍសមត្ថភាពបានល្អនៅពេលពួកគេចូលមធ្យមសិក្សា។ សម្ភារដែលដាក់បញ្ចូលទៅក្នុងកម្មវិធីនេះ មានដូចជាសៀវភៅណែនាំសម្រាប់គ្រូ និងឯកសារបង្រៀន និងរៀនសម្រាប់ប្រើប្រាស់ក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាសម្រាប់ថ្នាក់ទី1 និងទី2 ដែលឯកសារទាំងអស់នេះ នឹងបំពេញបន្ថែមលើសៀវភៅសិក្សាគោលភាសាខ្មែរដែលមានស្រាប់។

គ្រូបង្រៀនថ្នាក់ទី1 និងថ្នាក់ទី2 ទាំងអស់នឹងទទួលបានការបណ្តុះបណ្តាល និងណែនាំវិធីសាស្ត្រថ្មីៗទាំងអស់នេះ។ បន្ទាប់ពីបណ្តុះបណ្តាលរួច ពួក-គាត់នឹងទទួលបានការចុះជួយពីសំណាក់គ្រូបង្វឹក និងអ្នកប្រឹក្សាគរុកោសល្យអំពីវិធីសាស្ត្របង្រៀនថ្មីនេះបន្ថែមទៀត។

ក្នុងឆ្នាំសិក្សា 2018-2019 និងឆ្នាំសិក្សា 2019-2020 កញ្ចប់សម្ភារអំណានថ្នាក់ដំបូងត្រូវបានយកមកអនុវត្តនៅសាលាបឋមសិក្សាចំនួន 2,100កន្លែង និងមានសិស្សទទួលផលប្រមាណ 150,000នាក់ ស្ថិតក្នុងខេត្តកំពង់ធំ សៀមរាប ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពត និងឧត្តរមានជ័យ ព្រមទាំងនៅតាមសាលារៀនចំនួន 130កន្លែង នៅតាមបណ្តាខេត្តដទៃទៀតដែលបាន និងកំពុងអនុវត្តដោយអង្គការដៃគូនានា។ ចំណែកឯកញ្ចប់សម្ភារគណិតវិទ្យា គឺកំពុងអនុវត្តសាកល្បងនៅក្នុងខេត្តសៀមរាបដែលគ្រោងនឹងពង្រីកទៅកាន់តំបន់ដទៃ-
ទៀតនៅឆ្នាំក្រោយ។

ដើម្បីធានាដល់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សាជារួម ក្រសួងអប់រំ នឹងពង្រីកការការអនុវត្តកម្មវិធី «កុមាររៀន កុមារចេះ» ទៅគ្រប់សាលាបឋមសិក្សាទូទាំងប្រទេស និងបញ្ចូលទៅក្នុងកម្មវិធីនៃការបណ្តុះបណ្តាលគ្រូនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបឋមសិក្សាទូទាំងប្រទេស៕

Advertisement