រោងចក្រ Sharp ធ្លាប់ផលិត TV ឥឡូវប្តូរមកផលិតម៉ាស់ឱ្យបាន 15ម៉ឺន ក្រោយជួបបញ្ហាផ្ទុះកូរ៉ូណាខ្លាំងនៅជប៉ុន

ក្រុមហ៊ុន Sharp គ្រោង​នឹង​ចាប់​ផ្ដើម​ផលិត​ម៉ាស់​អនាម័យ ​នៅក្នុងរោងចក្រ​ 1កន្លែង​​របស់​ខ្លួន​ក្នុង​ប្រទេស​ជប៉ុន ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​​កើន​ឡើង​ខ្លាំង​ដោយ​សារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Associated Press រោងចក្រ​ដែល​ Sharp នឹងធ្វើការ​ផលិត​ម៉ាស់អនាម័យនោះ​ គឺ​ស្ថិត​នៅក្នុង​​ទីក្រុង Kameyama ដែល​ជា​ធម្មតា ​គឺ​ប្រើ​សម្រាប់​​ផលិត​ផ្ទាំង​អេក្រង់ LCD ​ទ្រង់ទ្រាយ​ធំ និង​ជា​រោងចក្រ​ដំឡើង​ទូរទស្សន៍។

Sharp នឹង​ប្រើ​រោងចក្រ​នេះ​ ផលិត​ម៉ាស់​អនាម័យឱ្យបានចំនួន​ 150,000បន្ទះ ​ក្នុង​ 1​ថ្ងៃត្រឹម​ដំណាច់​ខែ​មីនា​នេះ ហើយ​នឹង​បន្ត​ពង្រីក​ឱ្យបានដល់​ 500,000 បន្ទះ ក្នុង​ 1​ថ្ងៃ។

Sharp មិន​បាន​ប្រាប់​អំពី​តម្លៃ​លក់ និង​ផែនការ​ចែក​ចាយ​ម៉ាស់​អនាម័​នេះ​នៅ​ឡើយ​ទេ។ គួរជម្រាបដែរថា រោងចក្រ​ខាង​លើ​នេះ ​​គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ខ្សែចង្វាក់​ផលិតកម្ម​​ម៉ាស់អនាម័យ ព្រោះ​មាន​គុណភាព​ខ្ពស់​​ខាង​ផ្នែក​អនាម័យ៕​​​​​​

Advertisement