Ads លក់ម៉ាស់កើនខ្លាំងពេក Facebook នឹងបិទលែងឱ្យផ្សព្វផ្សាយ

យោង​តាម​ការ​ប្រកាស​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​ Facebook បាន​បង្ហោះ​សេចក្តី​ជូន​ដំណឹង​មួយ ​ក្នុង​គោលបំណង​ទប់​ស្កាត់​​ពាណិជ្ជកម្ម​លក់​ម៉ាស់​ការពារ ក្នុងអំឡុង​យុទ្ធនាការ​ទប់ស្កាត់វីរុស COVID-19 ​ដែលកំពុង​ផ្ទុះ​ខ្លាំង​​ឡើង។

Facebook បាន​ប្រកាស​ថា ​នឹង​ធ្វើ​ការ​ហាម​ឃាត់​ជា​បណ្ដោះ​អាសន្ន​លើ​ការ​​ Boost លក់​ម៉ាស់​អនាម័យ និង​ការ​លក់​ម៉ាស់​មុខ​នៅ​លើ​ Market Place ​(ទីតាំង​លក់​ទំនិញ​អនឡាញ) របស់​ខ្លួន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រោយ​​ពី​​មាន​ការ​កេង​ប្រវ័ញ្ច​ជុំវិញ​​ បញ្ហាវីរុសCOVID-19។

ក្រៅ​ពី​ហាម​ឃាត់​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ម៉ាស់អនាម័យ និង​ការ​លក់​ម៉ាស់​សម្អាតផ្ទៃមុខលើ Martket Place ហើយ​នោះ Facebook ក៏​បាន​ហាម​ឃាត់​​លើ​ការ​ផ្សព្វផ្សាយ​​​ដំណឹង​មិន​ពិត ​អំពី​ការ​ព្យាបាល ឬ​​វិធីសាស្ត្រ​ការពារ​មិន​ពិត​នានា​សម្រាប់​ វីរុស COVID-19 ផង​ដែរ។

​វិធានការ​ទាំង​នេះ​ ក៏​នឹង​ត្រូវ​អនុវត្ត​លើ Instagram ផង​ដែរ។ Adam Mosseri ជា​ប្រធាន​ផ្នែក​ Instagram បាន​និយាយ​ថា​ ៖ “គ្រឿង​ផ្គត់ផ្គង់​មាន​តិច តម្លៃ​កើន​ឡើង​ ហើយ​​យើង​ប្រឆាំង​នឹង​មនុស្ស​ដែល​កេងប្រវ័ញ្ច​​ក្នុង​ស្ថានភាព​អាសន្ន​បែប​នេះ”

ក្រៅ​ពី​ Facebook ហាង​លក់​ទំនិញ​អនឡាញ​ដទៃ​ទៀត រួម​មាន​ eBay និង Amazon ក៏​បាន​កែ​សម្រួល​ច្បាប់​របស់​ខ្លួន​ ជុំវិញ​ផលិតផល​ដែល​ទាក់ទង​នឹង​វីរុស COVID-19។

Amazon បាន​ដក​ចេញ​នូវ​ឈ្មួញ​​មួយ​ចំនួន​ ដែល​បាន​​ដំឡើង​ថ្លៃ​នូវ​ម៉ាស់ និង​ទឹក​លាង​ដៃ​ផង​ដែរ។​​​​​

​​​eBay បាន​ហាម​ឃាត់​រាល់​ការ​លក់ ​ម៉ាស់អនាម័យ ទឹក​លាង​ដៃ និង​កន្សែង​ជូត​សម្អាត​សម្លាប់​មេរោគ ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ៕

Advertisement