បំណងល្អ! …បើកំពុងប្រើកម្មវិធី VPN ចូរឆាប់លុបចោលទៅ ព្រោះមានគេរកឃើញថា អ្នកដែលបង្កើតកម្មវិធីនេះមក គឺដើម្បីលួចយក Data របស់អ្នក

ប្រភព​ព័ត៌មាន​ BuzzFeed News បានផ្សព្វផ្សាយថា យ៉ាងហោចណាស់ក៏មានជាង 20កម្មវិធីដែរ ដែលក្រុមហ៊ុន Sensor Tower បានប្រើប្រាស់ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Sensor Tower បានប្រើកម្មវិធីដ៏ពេញនិយមរបស់គេមានដូចជា Luna VPN និង Unlimited VPN នៅក្នុង Google Play Store ហើយ Luna VPN និង AdBlock Focus នៅក្នុង Apple App Store ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។

ក្រុមហ៊ុន Sensor Tower អាចជ្រៀតចូលក្នុងទូរស័ព្ទ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលកម្មវិធី (Root Certificate) ជាកម្មវិធីដែលគេអាចប្រើដើម្បីទាញយកទិន្នន័យ។

ចាប់តាំងពីឆ្នាំ2015 មក ក្រុមហ៊ុននេះ បានដាក់ឱ្យប្រើកម្មវិធីចំនួនប្រមាណ 20 សម្រាប់ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS។

នៅពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានលុបចោលកម្មវិធី AdBlock Focus ចំណែកឯក្រុមហ៊ុន Android វិញ បានលុបចោលកម្មវិធី Mobile Data ហើយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់អ្នកប្រើប្រាស់ឱ្យលុបចោលកម្មវិធីពីក្រុមហ៊ុន Sensor Tower ព្រមទាំងកម្មវិធីណាដែលលោកអ្នកមានការសង្ស័យ ព្រោះថា អ្វីដែលគ្រោះថ្នាក់បំផុតនោះ គឺលោកអ្នកប្រហែលជាគិតថា កម្មវិធីទាំងនោះមានអត្ថប្រយោជន៍ណាស់សម្រាប់លោកអ្នក តែការពិត វាគ្រាន់តែជានុយដើម្បីទាក់លួចយកទិន្នន័យរបស់លោកអ្នកប៉ុណ្ណោះ៕

Advertisement