អាណាព្យាបាលគួរចូលរួមយុទ្ធនាការ “តោះ- អានរៀងរាល់ថ្ងៃ” ដើម្បីអនាគតកុមារកម្ពុជា

ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយដៃគូបង្កើតយុទ្ធនាការ តោះអានរៀងរាល់ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី6 ដល់ថ្ងៃទី15 ខែមីនា ឆ្នាំ2020 នេះ ដើម្បីជំរុញឱ្យមានការអានកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា និងជាពិសេស គឺសម្រាប់កុមារ។

បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា យុទ្ធនាការ “តោះអានរៀងរាល់ថ្ងៃ” គឺជាយុទ្ធនាការដែលមានគោលបំណងផ្សព្វផ្សាយការអាន និងជំរុញទឹកចិត្តឱ្យឪពុកម្តាយ ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ បណ្ណារក្ស និងអ្នកពាក់ព័ន្ធនានា បង្កើតនូវទម្លាប់វិជ្ជមានមួយក្នុងការចំណាយពេលវេលាអានជាមួយនឹងកូន ប្អូន ក្មួយ ចៅ ក៏ដូចជាសិស្សានុសិស្សក្នុងរយៈពេលនៃយុទ្ធនាការ និងបន្តទម្លាប់នេះក្នុងសកម្មភាពប្រចាំថ្ងៃ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាក្រសួងអប់រំបានដាក់ចេញនូវកំណែទម្រង់ជាច្រើនដើម្បីអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែប្រសើរ មានគុណភាពប្រកបដោយសមធម៌ និងបរិយាប័ន្ន និងផ្តល់ឱកាសលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ នៅក្នុងនោះ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយនឹងអង្គការមូលនិធិអាស៊ី និងដៃគូអភិវឌ្ឍន៍នានា រៀបចំជាយុទ្ធនាការមួយដែលមានឈ្មោះថា “តោះអានរៀងរាល់ថ្ងៃ” ដែលមានរយៈពេល 10ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី6 ដល់ថ្ងៃទី15 ខែមីនា ឆ្នាំ2020។ យុទ្ធនាការដ៏មានសារៈសំខាន់នេះ លើកទឹកចិត្តឱ្យអាណាព្យាបាលក្រុមគ្រួសារ លោកគ្រូ-អ្នកគ្រូ និងបណ្ណារក្ស ចំណាយពេលអានជាមួយកូនៗ សិស្សានុសិស្ស និងកុមារដើម្បីបង្កើតនូវបរិយាកាសរីករាយជាមួយគ្នា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាការអានជាផ្នែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគុណភាពកុមារ ព្រោះកាលណាកុមារតូចៗមានទម្លាប់អានច្រើន ពួកគេនឹងមានប្រភពចំណេះដឹងច្រើន ហើយការសិក្សារបស់ពួកគេក៏នឹងមានភាពល្អប្រសើរឡើងតាមហ្នឹងដែរ។ កាលណាកុមារតូចអានបានច្រើន នៅពេលពួកគេធំឡើង មេរៀនទាំងឡាយនៅក្នុងកម្មវិធីសិក្សា ជាពិសេសមេរៀនអំណាន ក៏អាចធ្វើឱ្យរៀនបានពូកែ និងឆាប់យល់ដែរ។ បន្ថែមពីលើនេះ ប្រសិនបើអាណាព្យាបាលចេះបង្កើតទម្លាប់អានបានល្អនៅក្នុងផ្ទះផងនោះ ក្មេងៗនឹងអាចរីករាយជាមួយនឹងការអាន ដែលធ្វើឱ្យពួកគេចងចាំពាក្យបានល្អជាងមុន ហើយលទ្ធភាពនៃការសរសេរ ឬតែងសេចក្តីក៏ល្អផងដែរ។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖ «ការចំណាយពេលវេលាអានជាមួយកុមារ អាចជួយឱ្យកុមារឆាប់ចេះពាក្យថ្មីៗ បង្កើតក្តីស្រមៃ និងមានទម្លាប់វិជ្ជមានក្នុងការអាន។ សូមចូលរួមយុទ្ធនាការតោះអានរាល់ថ្ងៃ ដើម្បីចាប់ផ្តើមអានជាមួយកុមារ»។

ឯកឧត្តមក៏បានលើកឡើងផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាលការអានដល់កុមារ ដើម្បីឱ្យពួកគេចាប់ផ្តើមមានសមត្ថភាពអំណានកាន់តែខ្ពស់នៅកម្រិតបឋមសិក្សា។ ជាក់ស្តែងកន្លងមក ក្រសួងអប់រំ បានដាក់ចេញនូវកម្មវិធីអំណានដំបូងដើម្បីឱ្យកុមារទាំងអស់មានសម្ភារអំណានគ្រប់គ្រាន់ ក៏ដូចជាមានកម្មវិធីសិក្សាមួយប្រកបដោយប្រសិទ្ធភាពសម្រាប់បង្កើនសមត្ថភាពអានឱ្យបានល្អ។

លោក សុខ ឡាក់ ស្ថាបនិកបណ្ណាល័យបញ្ញវន្ត បានលើកឡើងថា ការបណ្តុះឥរិយាបថនៃការអានដល់កុមារ គឺជាគំរូប្រកបដោយប្រសិទ្ធភាពមួយ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

បច្ចុប្បន្ននេះ យើងឃើញថា ពិភពលោកកំពុងប្រែប្រួលយ៉ាងលឿន ហើយការប្រកួតប្រជែងក៏កំពុងតែមាន កាន់តែខ្លាំងក្លាផងដែរ។ ហេតុនេះដើម្បីបណ្តុះបណ្តាលឱ្យមានធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់បំពេញតម្រូវការនាពេលអនាគត លុះត្រាតែកុមារនាពេលបច្ចុប្បន្នចូលចិត្តអាន ហើយវប្បធម៌អំណានត្រូវបានអនុវត្តនៅគ្រប់ទីកន្លែងទាំងនៅក្នុងសាលារៀន នៅក្នុងសហគមន៍ និងនៅក្នុងក្រុមគ្រួសារនីមួយៗ។

លោក សុខ ឡាក់ បាននិយាយថា៖ «ការអភិវឌ្ឍកុមារត្រូវបានអ្នកអប់រំជាច្រើនមើលឃើញថា ផ្តល់ផលចំណេញច្រើនណាស់សម្រាប់អនាគត។

ហេតុនេះការបណ្តុះបណ្តាលវប្បធម៌អំណាន ឬការអានជាមួយកុមារ ជាផ្នែកយ៉ាងសំខាន់ដែលអាចទាញបាននូវផលចំណេញយ៉ាងខ្ពស់សម្រាប់សង្គម»។

ស្ថាបនិកបណ្ណាល័យខាងលើបានបន្ថែមទៀតថា ដើម្បីជំរុញឱ្យកុមារកាន់តែមានសមត្ថភាពអានកាន់តែខ្លាំង យើងគ្រប់គ្នាគួរតែលើកទឹកចិត្ត និងបើកចិត្តឱ្យទូលាយដើម្បីស្វែងយល់ពីសារៈសំខាន់នៃសៀវភៅកុមារ។ កុំគិតថា សៀវភៅកុមារមានតម្លៃថ្លៃ មានរូបច្រើន ឬមិនសូវមានអក្សរដែលធ្វើឱ្យអានបានតិច ឬមិនចង់ចំណាយប្រាក់ទិញជាដើម តែត្រូវងាកមកគិតថា វាជាឧបករណ៍ដ៏មានសារៈសំខាន់ដែលអាចរុញច្រានកុមារ ឱ្យក្លាយជាមនុស្សម្នាក់ដែលមានសមត្ថភាព និងអាចអានបាននូវគ្រប់ប្រភេទឯកសារនៅថ្ងៃខាងមុខ។ ចំណែកឯអ្នកបង្កើតសៀវភៅកុមារ ក៏គួរតែព្យាយាមបង្កើនប្រសិទ្ធភាព និងភាពច្នៃប្រឌិតឱ្យកាន់តែទាន់សម័យឡើង ដើម្បីធ្វើយ៉ាងណាជំរុញឱ្យមានជម្រើសកាន់តែច្រើនសម្រាប់អប់រំកុមារ៕

Advertisement