Amazon ត្រូវការបុគ្គលិក 10ម៉ឺននាក់ ពេលផ្ទុះ COVID-19 ដោយសារលក់ដាច់ខ្លាំង

នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ កាលពី​ថ្ងៃ​ចន្ទកន្លង​ទៅ បានឱ្យដឹងថា ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Amazon ចង់​ជួល​បុគ្គលិក​​ផ្នែក​ឃ្លាំង​ផ្ទុក​ទំនិញ និង​ដឹក​ជញ្ជូន​បន្ថែមទៀត​ចំនួន 10ម៉ឺន​នាក់ ដើម្បី​បំពេញ​​​តម្រូវ​ការ​​ដែល​មាន​ការ​កើន​ឡើង​ខ្លាំង អំឡុង​ពេល​ផ្ទុះការឆ្លងរាលដាលនៃមេរោគ COVID-19។

ក្រុមហ៊ុន​ក៏​នឹង​បន្ថែម​ប្រាក់​កម្រៃ​គិត​ម៉ោង ​សម្រាប់​បុគ្គលិក​ក្នុង​ផ្នែក​នេះដោយ​បន្ថែម​ 2 ដុល្លារ​ទៀត សម្រាប់​នៅ​សហរដ្ឋអាមេរិក រហូត​​ដល់​ខែ​មេសា។ ស្រប​ពេល​ដែល​ពលរដ្ឋ​អាមេរិក​កាន់​តែ​ច្រើន​ កំពុងសម្ងំ​នៅ​ក្នុង​ផ្ទះ ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា ពួក​គេ​បាន​ងាក​ទៅ​​ប្រើ​ហាង​លក់​ទំនិញ​អនឡាញ​ដូច​ជា Amazon ដើម្បី​ទិញ​គ្រឿង​ទេស​ និង​សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ។

Amazon បាន​ប្រាប់​អតិថិជន​របស់​ខ្លួន​ថា​ អាច​នឹង​មាន​ការ​ពន្យារ​ពេល​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ ហើយ​ក្រុមហ៊ុន​ក៏​បាន​អស់​ស្តុក​​ទំនិញ​មួយចំនួនដែល​មាន​គេ​រក​ទិញ​ច្រើន​ផង​ដែរ។ ​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ លោក​ Dave Clark ដែល​ជា​អនុប្រធាន​ប្រតិបត្តិ​ទូទាំង​ពិភពលោក​ បាន​និយាយ​ថា ៖ “យើង​ចង់​ឱ្យ​មនុស្ស​ទាំង​នោះ​ដឹង​ថា​ ពួក​យើង​ស្វាគមន៍​ពួក​គេ​មក​កាន់​ក្រុម​របស់​យើង ​រហូត​ដល់​គ្រប់​យ៉ាង​ត្រឡប់​ទៅ​ដូច​ដើមវិញ​”

រដ្ឋ​មួយ​ចំនួន ​ដូច​ជា​ New York និង​រដ្ឋ​ Ohio ជា​ដើម បាន​បិទ​ហាង​ជា​ច្រើន​​កន្លែង​ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា ដែល​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​បុគ្គលិក​​ជា​ច្រើន​នាក់​លែង​មាន​ការងារ​ធ្វើ និង​មិន​មាន​ប្រាក់​ចំណូល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត។ ដោយ​ឡែក​ Amazon គឺ​ចង់​បាន​មនុស្ស​ទាំង​នោះ​មក​បម្រើ​ការងារ​នៅ​ឃ្លាំង​ទំនិញ​របស់​ខ្លួន៕

Advertisement