ការអានធ្វើឱ្យគុណភាពនៃភាពឆ្លាត ខាងអារម្មណ៍ (EQ) ល្អប្រសើរ

ការអានធ្វើឱ្យគុណភាពនៃភាពឆ្លាត ខាងអារម្មណ៍ (EQ) ល្អប្រសើរ

នៅក្នុងពិភពលោក នាយុគសម័យថ្មីនេះ មនុស្សគ្រប់គ្នាត្រូវការសមត្ថភាពកាន់តែច្រើនដើម្បីរស់នៅប្រកបដោយភាពអភិវឌ្ឍ និងសេចក្តីសុខ។ ខុសពីពីអតីតកាល ដែលគិតថាមានត្រឹមតែគុណភាពនៃបញ្ញា្ញា (IQ) បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាត្រូវការភាពឆ្លាតខាងអារម្មណ៍ (EQ) ដើម្បីរស់នៅក្នុងភាពស្ងប់សុខ ដោះស្រាយបញ្ហាក្នុងជីវិតបានល្អ និងអាចធ្វើការងារជាក្រុមបានល្អនៅគ្រប់ទីកន្លែងទាំងអស់។

នៅក្នុងចំណោមវិធីសាស្រ្តបង្កើនភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ទាំងអស់ ការអានសៀវភៅត្រូវបានគេមើលឃើញថាជាវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងអារម្មណ៍ បង្កើនភាពរឹងមាំផ្នែកផ្លូវចិត្ត និងសមាធិខ្ពស់។

លោក គីម ដារ៉ា ស្ថាបនិកស្ថាប័នបណ្តុះបណ្តាល Start Up Cambodia បានលើកឡើងថា តាមការសង្កេតរបស់លោក ការអានអាចជួយឱ្យការរស់នៅទទួលបានលទ្ធផលល្អប្រសើរយ៉ាងច្រើន។ លោកថានៅពេលលោកធ្លាក់ទឹកចិត្ត លោកចាប់ផ្តើមអានសៀវភៅ ហើយជាលទ្ធផលក្រោយពេលអានរយៈពេល 2ម៉ោង ទៅ3ម៉ោងក្រោយ អារម្មណ៍របស់លោកបានចាប់ផ្តើមល្អប្រសើរ។ បន្ថែមពីលើនេះ ពេលលោកបាត់បង់ជំនឿចិត្ត លោកចំណាយពេលអានប្រមាណជា 2 ទៅ3ម៉ោង ក៏ចាប់ផ្តើមមានអារម្មណ៍ថាល្អប្រសើរផងដែរ។ មានពេលខ្លះទៀតលោកមានអារម្មណ៍ថាខ្ជិល លោកក៏ចាប់យកសៀវភៅមកអានផងដែរដើម្បីឱ្យមានអារម្មណ៍ចង់ធ្វើការឡើងវិញ។

លោក គីម ដារ៉ា បាននិយាយថា៖ «ទោះបីជាខ្ញុំមិនមែនជាអ្នកលក់សៀវភៅ ឬជាអ្នកនិពន្ធសៀវភៅលក់ ក៏ខ្ញុំនៅតែឱ្យតម្លៃដល់ការអាន ព្រោះការអានបានជួយខ្ញុំច្រើន»។

អ្នកអប់រំខាងលើបានលើកឡើងថា ក្រៅពីបញ្ហាខាងលើ សៀវភៅក៏អាចធ្វើឱ្យយើងគ្រប់គ្រងកំហឹងបានល្អផងដែរ ព្រោះនៅពេលយើងខឹងនឹងអ្នកណាម្នាក់ ក្រោយពេលអានសៀវភៅប្រហែលជា2 ម៉ោងអារម្មណ៍ក៏ចាប់ផ្តើមស្រស់ស្រាយឡើងវិញ។ មានពេលខ្លះទៀតនៅពេលយើងគាំងគំនិតគិតអ្វីមិនចេញ ការអានអាចជាវិធីល្អមួយក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ ព្រោះសៀវភៅអាចផ្តល់គំនិតច្រើនដើម្បីពិចារណា ឬបង្ហាញជាពន្លឺច្រើនសម្រាប់ជួយឱ្យការគិតកាន់តែទូលំទូលាយ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហម សុខនី សហស្ថាបនិកក្លិបយុវជនអ្នកអានសៀវភៅ បានលើកឡើងថាក្រោយពេលអានសៀវភៅច្រើនស្ថានភាពអារម្មណ៍របស់មនុស្សនឹងប្រែប្រួល។ ជាក់ស្តែងយើងឃើញថាអ្នកចំណាយពេលវេលាអានសៀវភៅជាទៀតទាត់ភាគច្រើនជាមនុស្សដែលអាចប្រមូលអារម្មណ៍ និងមានភាពផ្តោតខ្ពស់ ព្រោះការអានសៀវភៅជាប្រភេទល្អនៃការសមាធិម្យ៉ាងដែលអាចធ្វើឱ្យអារម្មណ៍របស់យើងស្ងប់ និងផ្តោតបានល្អ។

បន្ថែមពីលើនេះ អ្នកអានសៀវភៅច្រើនក៏ជាមនុស្សដែលគ្រប់គ្រងកំហឹងបានល្អផងដែរ ព្រោះជាក់ស្តែង យើងឃើញថាមនុស្សឆេវឆាវដែលចាប់ផ្តើមអានសៀវភៅច្រើនឆ្នាំទៅ គាត់បែរជាក្លាយជាមនុស្សថ្មីដែលគិតវែងឆ្ងាយជាងមុន ស្គាល់ពីអារម្មណ៍របស់មនុស្សខាងក្រៅច្រើនជាងមុន និងក្លាយជាមនុស្សម្នាក់ដែលចាប់ផ្តើមប្រើប្រាស់ហេតុផលក្នុងការដោះស្រាយបញ្ហាបានយ៉ាងល្អ។

លោក ហម សុខនី បាននិយាយថា៖ «យើងគ្រប់គ្នាតែងតែព្យាយាមធ្វើគ្រប់លទ្ធភាពដើម្បីរក្សាសុខភាពផ្លូវកាយ ដូចជាការហាត់ប្រាណ ការញ៉ាំអាហារសុខភាព ឬការបង្កើតទម្លាប់ល្អក្នុងការរស់នៅជាដើម តែពេលខ្លះយើងភ្លេចគិតថាសុខភាពផ្លូវចិត្តក៏សំខាន់ផងដែរក្នុងការកសាងក្តីសុខក្នុងជីវិត។ ក្នុងចំណោមវិធីសាស្រ្តល្អៗជាច្រើនក្នុងការកសាងសេចក្តីសុខក្នុងចិត្ត ការអានសៀវភៅ ក៏ជាផ្នែកចម្បងមួយផងដែរក្នុងការជំរុញឱ្យស្ថានភាពផ្លូវចិត្តមានភាពនឹងនរ»។

លោក សុខនី បានបន្ថែមទៀតថា សម្រាប់អ្នកមិនទាន់បានអានសៀវភៅ ហើយកំពុងមានអារម្មណ៍ថាខ្លួនឯងឆេវឆាវ មានអារម្មណ៍ឆាប់ខឹង ឆាប់ភ័យ ឆាប់ភ្លេច ឬធ្វើការងារមិនសូវផ្តោត អាចសាកល្បងចាប់សៀវភៅអានដើម្បីព្យាបាលបញ្ហាទាំងអស់នោះ។

ការអានសៀវភៅដំបូងអាចជារឿងលំបាកសម្រាប់អ្នកមិនសូវចូលចិត្តអាន ព្រោះវាអាចធ្វើឱ្យយើងងងុយគេង ធុញទ្រាន់ ស្ត្រេស ឬអាចធ្វើឱ្យយើងមានអារម្មណ៍នៅមិនសុខជាដើមតែក្រោយពេលចាប់ផ្តើមស្វែងរកចំណុចជក់ចិត្ត ឬបង្កើតចំណូលចិត្តអានបានហើយ យើងនឹងមានអារម្មណ៍ថាវាចាប់ផ្តើមធ្វើឱ្យជីវិតរបស់យើងកាន់តែមានសេចក្តីសុខ។ ជាក់ស្តែង អារម្មណ៍នៅពេលអានសៀវភៅ គឺជាពេលដ៏ស្ងប់ស្ងាត់ បិទភាពទុក្ខកង្វល់ និងរឿងជ្រួលច្របល់ទាំងឡាយក្នុងការរស់នៅ ហើយចូលទៅក្នុងពិភពនៃការស្រមើស្រមៃប្រកបដោយភាពស្រស់ស្អាត វិជ្ជមាន និងក្តីសង្ឃឹម។ ក្រៅពីនេះ យើងឃើញថាសៀវភៅបច្ចុប្បន្ននេះមានគ្រប់ប្រភេទ និងសម្បូរបែប ហេតុនេះសៀវភៅក៏អាចក្លាយជាទីប្រឹក្សាដ៏ល្អផងដែរនៅពេលយើងមានបញ្ហា។ ពិតណាស់ថាក្នុងសម័យបច្ចេកវិទ្យាយើងអាចប្រើប្រាស់អ៊ីនធើណិតដើម្បីដោះស្រាយចម្ងល់បាន តែប្រភពជាច្រើនក្នុងអ៊ីនធើណិតមិនប្រាកដថាមានតម្លៃ ឬត្រឹមត្រុវនោះទេ ខុសពីសៀវភៅដែលមុននឹងចេញផ្សាយត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់។ ហេតុនេះសូមចាប់ផ្តើមអានដើម្បីបង្កើនគុណភាពជីវិតឱ្យកាន់តែខ្លាំង ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Advertisement