Ninja robots ត្រូវបានដាក់ឱ្យប្រើនៅពេទ្យក្នុងប្រទេសថៃ ជំនួសបុគ្គលិកពេទ្យ

មន្ទីរពេទ្យនានានៅក្នុងប្រទេសថៃ កំពុងដាក់ឱ្យប្រើប្រាស់ “Ninja robots” ដើម្បីស្ទង់កម្តៅ និងការពារសុខភាពបុគ្គលិកពេទ្យ នៅសមរភូមិជួរមុខដែលធ្វើការហួសកម្លាំងដើម្បីប្រយុទ្ធនឹងជំងឺកូរ៉ូណា។

លោក វីប៊ុន សាងវីរៈផាន់ស៊ិរិ មកពីសាកលវិទ្យាល័យជុឡាឡុងកន និយាយថា “ក្រុមគ្រូពេទ្យអាចឈរនៅក្រៅបន្ទប់ និងធ្វើទំនាក់ទំនងជាមួយអ្នកជំងឺនៅខាងក្នុងតាមរយៈមនុស្សយន្ត”។ មនុស្សយន្តស៊េរីក្រោយនឹងផលិតឡើងដើម្បីឱ្យវាដឹកអាហារ និងថ្នាំពេទ្យឱ្យអ្នកជំងឺ និងចុងក្រោយអាចនឹងប្រើដើម្បីលាងសម្អាតមេរោគនៅតាមបន្ទប់មន្ទីរពេទ្យបានទៀតផង។

ក្រុមវិស្វកររបស់លោកវីប៊ុន ក៏កំពុងប្រឹងប្រែងផលិតមនុស្សយន្តនិនចាឱ្យបានច្រើនបន្ថែមទៀតសម្រាប់មន្ទីរពេទ្យ 10កន្លែង ផ្សេងទៀតនៅជុំវិញប្រទេសថៃ។

ពីដំបូង គេផលិត​រ៉ូបូតនេះ​ឡើង ​គឺ​ដើម្បីតាមដានអ្នកជំងឺស្ត្រូក (ដាច់សរសៃឈាមខួរក្បាល) តែប៉ុណ្ណោះ។យ៉ាងណាមិញ គេក៏បានយកទៅច្នៃវាឡើងវិញយ៉ាងលឿន ដើម្បីជួយប្រយុទ្ធនឹងជំងឺ COVID-19 ដែលមកទល់ឥឡូវបានសម្លាប់មនុស្សជាង 1ម៉ឺននាក់ហើយនៅជុំវិញពិភពលោក។

ពួកវាបានជួយបុគ្គលិកនៅមន្ទីរពេទ្យចំនួន 4 ក្នុងទីក្រុងបាងកក ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ តាមរយៈការអនុញ្ញាតឱ្យវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកអាចនិយាយទៅកាន់អ្នកជំងឺបានតាមរយៈវីដេអូ។

Advertisement