SuperComputer របស់អាមេរិក នឹងយកទៅប្រើការប្រយុទ្ធប្រឆាំងវីរុស COVID-19 លឿនដល់ 30លានពាន់លានដងក្នុង 1វិនាទី

កំពូល​កុំព្យូទ័រ​ SuperComputer អាច​ដំណើរ​ការ​នូវ​ទិន្នន័យ​ទំហំ​ដ៏ធំ​មហិមា ហើយ​អាច​បង្កើត​នូវ​​ការ​សាក​ល្បង​ដ៏ស្មុគស្មាញ​នៃ​អត្តចរិត​របស់​ម៉ូលេគុល ​បាន​ល្បឿន​ជាង​កុំព្យូទ័រ​ដទៃ​ទៀត។ ដូច​នេះ ​គេ​សង្ឃឹម​ថា ​វា​នឹង​ជួយ​ពន្លឿន​ល្បឿន​ក្នុង​ការ​ប្រយុទ្ធ​នឹង​កូវីដ​-19។

ក្រៅ​ពី​មាន​ការ​ចូល​រួម​ជា​សមាជិក​ ពី​សំណាក់​អ្នក​ជំនាញ​ជា​ច្រើន​ហើយ​នោះ Google Cloud, Amazon Web Services និង Microsoft ​ក៏​ជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​នេះដែរ ហើយ​ពួក​គេ​នឹង​ផ្ដល់​សិទ្ធិឱ្យ​ប្រើ​ប្រាស់​សេវាកម្ម Cloud របស់​ពួក​គេ ដើម្បី​ពន្លឿន​កិច្ចការ​ស្រាវជ្រាវ។

កំពូល​កុំព្យូទ័រ​​ ដែល​ក្នុង​នោះ​រួម​មាន​ឈ្មោះ supercomputers Summit ផង​​នោះ (កំពូល​កុំព្យូទ័រ​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក) គឺ​គ្រប់​គ្រង​ដោយ​សមាជិក​នៃ​​សហព័ន្ធ​ COVID-19 High Performance Computing ដែល​បាន​ប្រកាស​បង្កើត​ឡើង​នា​ថ្ងៃ​នេះ​ដោយ​ការិយាល័យ​សេតវិមាន​។

​កំពូល​កុំព្យូទ័រ​ទាំង 16 គឺ​មាន​​សមត្ថភាព​នៃ​ការ​គណនា​ក្នុង​ល្បឿន 330 Petaflop ដែល​មាន​ន័យ​ថា ​ពួក​វា​អាច​ធ្វើ​ការ​គណនា​បាន​ 330លាន​ពាន់​លាន​ដង​ក្នុង​ 1​វិនាទី។ គ្រាន់​តែ Summit តែ​ឯង ​គឺ​មាន​សមត្ថភាព​ដល់ 200 Petaflop ឯណោះ កន្លង​មក​គឺ​មាន​ដំណឹង​​ថា ​កំពូល​កុំព្យូទ័រ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​-19។

ជាក់​ស្ដែង​​ការ​បញ្ជាក់​ ​​ពី​​វេបសាយ​​របស់​ក្រុមហ៊ុន IBM បាន​ឱ្យ​ដឹង​ថា ​​ក្រុម​ការងារ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Tennessee និង​មន្ទីរ​ពិសោធន៍​ Oak Ridge National បាន​ប្រើ​ប្រាស់​ Summit ​ដើម្បី​​បង្កើត​ការ​​​​សាក​ល្បង​មើល​​​​ពី​ម៉ូលេគុល​ចំនួន 8ពាន់​ផ្សេង​គ្នា។​

ជា​លទ្ធផល​គេ​​អាច​ស្វែង​រក​ម៉ូលេគុល​ជាប់​ជា​បេក្ខភាព​ចំនួន 77 ម៉ូលេគុល ដែល​អ្នក​ស្រាវជ្រាវ​ដទៃ​ទៀត​អាច​តេស្ត​ក្នុង​ដំណាក់​កាល​សាក​ល្បង​ថា ​វា​អាច​ព្យាបាល​កូវីដ​-19 បាន​ឬ​យ៉ាង​ណា?៕

Advertisement