វេសឡាញ ប្រើការសិក្សាពីចម្ងាយ ដើម្បីជំរុញការអប់រំឱ្យនៅតែមានគុណភាពក្នុងពេលកម្ពុជាកំពុងប្រឆាំងមេរោគ Covid-19

ការអប់រំជាផ្នែកយ៉ាងសំខាន់សម្រាប់ជីវិត បើទោះបីជាស្ថិតក្នុងពេលវេលា និងកាលៈទេសៈណាក៏ដោយ ក៏ការអប់រំមិនអាចត្រូវបានគេបំភ្លេចដែរ ព្រោះវាជាផ្នែកមិនអាចខ្វះបានក្នុងការអភិវឌ្ឍជីវិតមនុស្ស និងសង្គម។ ជាក់ស្តែង ទោះស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលនៃមេរោគ​ Covid-19 ក៏គ្រឹះស្ថានអប់រំនានាលើពិភពលោកនៅតែព្យាយាមស្វែងរកគ្រប់មធ្យោបាយដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃការអប់រំ និងជាពិសេសគឺគុណភាពអប់រំសម្រាប់សិស្សានុសិស្សរបស់គេ។

នៅកម្ពុជា បណ្តាញសាលារៀនទាំងអស់របស់ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប​ បានជំរុញការអប់រំរបស់ខ្លួនឱ្យនៅតែសកម្ម និងរក្សាបាននូវគុណភាពខ្ពស់តាមរយៈកម្មវិធីសិក្សាពីចម្ងាយ (online learning system) ដល់សិក្ខាកាម និងសិស្សានុសិស្សទាំងអស់របស់ខ្លួន។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការអប់រំជាក់ស្តែងក្នុងកាលៈទេសៈដែលកម្ពុជាកំពុងការពារការរីករាលដាលនៃ​ជំងឺរលាកសួតប្រភេទថ្មីដែលកើតឡើងដោយមេរោគ covid-19 នេះ បណ្តាញសាលារៀនរបស់លោកទាំងអស់បានដាក់ឱ្យប្រើប្រាស់បណ្តាញសិក្សាពីចម្ងាយ (online learning system) ដើម្បីឱ្យសិស្សានុសិស្សទាំងអស់នៅតែមានលទ្ធភាពទទួលបានការសិក្សាបើទោះបីជាពួកគេមិនបានមកសាលារៀនក៏ដោយ។ កម្មវិធីដែលបណ្តាញសាលារៀនរបស់វេសឡាញ យកមកសិក្សាមានច្រើនប្រភេទដូចជាកម្មវីធី Seesaw class កម្មវិធី Class dojo និងថ្នាក់ខ្លះប្រើប្រាស់កម្មវិធីរួមគ្នាដូចជា​ Facebook massanger ក៏ដូចជា Facebook Close group ជាដើម។ បន្ថែមពីលើនេះមានថ្នាក់រៀនខ្លះបានអនុវត្តកម្មវិធី Google Email ក៏ដូចជាបណ្តាញផ្សេងៗទៀតដូចជា ការដាក់ឱ្យសិក្សាតាមរយៈ E-School Cambodia សម្រាប់ថ្នាក់សិស្សធំ និងចំពោះថ្នាក់បឋមសិក្សាវិញ យើងបានសហការជាមួយនឹង​កម្មវិធីអប់រំ sangapac ដើម្បីជំរុញការសិក្សារបស់សិស្សឱ្យកាន់តែមានភាពទាក់ទាញ និង​មានប្រសិទ្ធភាពខ្ពស់។

លោក ប៉ិច បូឡែន បាននិយាយថា៖ «​យើងមានទម្រង់ (platform) ច្រើនក្នុងការ​ដាក់ឱ្យសិស្សសិក្សា តាមបណ្តាញបច្ចេកវិទ្យា ហើយក្នុងដំណាក់កាលនេះ អ្វីដែលកាន់តែចាំបាច់សម្រាប់ការអប់រំ គឺការចូលរួម​ឱ្យបានសកម្មពីអាណាព្យាបាលទាំងអស់គ្នាក្នុងការជួយកូនៗបន្ថែមដើម្បីទទួលចំណេះដឹងឱ្យបានកាន់តែល្អ»។

ស្ថាបនិកគ្រឹះស្ថានអប់រំខាងលើបានលើកឡើងផងដែរថា ក្រៅពីការប្រើប្រាស់កម្មវិធីដូចបានរៀបរាប់ខាងលើ យើងក៏មាន​បង្រៀន​ដោយការផ្សាយផ្ទាល់ពីថ្នាក់រៀន ឬ​ចាក់ផ្សាយនូវការថតទុក​មេរៀន​នៅក្នុងថ្នាក់ផងដែរដើម្បីឱ្យសិស្សទទួលបានការអប់រំ​ដូចនៅក្នុងសាលា។ លោកថាទោះស្ថិតក្នុងដំណាក់កាលនេះក៏ដោយក៏គ្រឹះស្ថានរបស់លោកត្រូវខិតខំប្រឹងប្រែងជាចាំបាច់ដើម្បីពង្រឹងគុណភាពអប់រំ ដោយក្នុងនោះបុគ្គលិក​ និងគ្រូបង្រៀននៅតែត្រូវមកធ្វើការងារដោយប្រុងប្រយ័ត្នបំផុត ដោយ​ត្រូវសម្អាតដៃ និងវាស់សីតុណ្ហភាពយ៉ាងហ្មត់ចង់​ដើម្បីធានាបាននូវសុវត្ថិភាព និងអនាម័យខ្ពស់។ បុគ្គលិកទាំងអស់នៅតែធ្វើការយ៉ាងសកម្ម​ទៅតាមក្រុមនីមួយៗដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហា និង​ផ្តល់គុណភាពអប់រំល្អដល់សិស្សានុសិស្សនៅតាមផ្ទះជាប់ជានិច្ច៕

Advertisement