ឆ្នាំមុន Smart…ឆ្នាំនេះ Cellcard វ៉ៃយក

កាលពីដើមឆ្នាំ 2016 ក្រុមហ៊ុន Smart Axiata បានទទួលឈ្មោះថា ជាក្រុមហ៊ុនដែលមានបណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា ដែលផ្ដល់ដោយស្ថាប័ន Ookla ដែលជាម្ចាស់នៃគេហំទំព័រ Speedtest.net ក្នុងចំណោមក្រុមហ៊ុនបណ្ដាញទូរស័ព្ទធំៗក្នុងស្រុក។ ប៉ុន្តែឆ្នាំ 2017 នេះ តំណែងជើងឯកមួយនេះបានធ្លាក់ទៅលើក្រុមហ៊ុន Cellcard ក្រោយពីក្រុមហ៊ុនមួយនេះបន្តពង្រីកតំបន់សេវាខ្លួនកាន់តែខ្លាំងជាងមុន។

ក្រុមហ៊ុន Cellcard បានប្រកាសកាលពីថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 នេះថា ខ្លួនបានគ្រងតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា ដោយឈ្នះពានរង្វាន់ Ookla Speedtest Award ដែលជាពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ2017 កន្លងទៅ លើល្បឿនអ៊ីនធើណិតជាមធ្យម 13.81 Mbps (ល្បឿនអាប់ឡូតជាមធ្យម 11.91Mbps និងល្បឿនដោនឡូត 14.77 Mbps)។

សេចក្ដីសម្រេចមួយនេះបានចេញក្រោយពេលដែល Cellcard បានពង្រីក និងកែលម្អគុណភាពសេវារបស់ខ្លួន ដោយបង្កើនចំនួនទីតាំងអង់តែន 4G ពី200អង់តែនក្នុងឆ្នាំ2016 កើនរហូតដល់2000អង់តែននាពេលបច្ចុប្បន្ន និងគ្រោងបង្កើនរហូតដល់ 3000 អង់តែនក្នុងដំណាច់ឆ្នាំនេះ។ ស្ថាប័ន Ookla បានធ្វើការប្រៀបធៀប ល្បឿនពីអ្នកប្រើប្រាស់លើកម្មវិធីតេស្តល្បឿន Speedtest លើប្រតិបត្តិការ iOS និង Android ពីគ្រប់សេវាក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅកម្ពុជា។

Ookla ជាស្ថាប័នឈានមុខគេនៅលើពិភពលោក ក្នុងការធ្វើតេស្តល្បឿនអ៊ិនធើណិតសម្រេចបានដោយសារក្រុមហ៊ុនបានធ្វើការវិនិយោគថ្មីៗបន្ថែមទៀត ទៅលើបច្ចេកវិទ្យាទំនើបក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោមចក្ខុវិស័យបន្តអភិវឌ្ឍផ្នែកទិន្នន័យអ៊ិនធើណិត ដើម្បីក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតចល័តល្បឿនលឿនបំផុតនៅកម្ពុជា៕

Advertisement