ក្រុមហ៊ុនផ្ដល់សេវាអ៊ិនធើណេតចំនួន 3 ត្រូវបាន(ន.ទ.ក)លុបអាជ្ញាប័ណ្ណ

Disconnect of Internet or off-line working, conceptual telecommunications image

ក្រុមហ៊ុនចំនួន 3 ត្រូវបាននិយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក)លុបអាជ្ញាប័ណ្ណប្រតិបត្ដិការផ្ដល់សេវាទូរគមនាគមន៍ក្នុងទីផ្សារកម្ពុជា ខណៈក្រុមហ៊ុនទាំងនោះធ្វើខុសនឹងលក្ខន្តិកៈបុគ្គលិក និងបទបញ្ជាផ្ទៃក្នុង។

ន.ទ.ក បានធ្វើសេចក្ដីសម្រេចស្ដីពីការលុបចោលអាជ្ញាប័ណ្ណដែលបានផ្តល់ជូនក្រុមហ៊ុនចំនួន3 រួមមាន៖ លុបអាជ្ញាប័ណ្ណប្រតិបត្ដិការផ្ដល់សេវាទូរគមនាគមន៍តាមប្រព័ន្ធ VSAT ចុះថ្ងៃទី19 ខែមីនា ឆ្នាំ2015 ដែលបានផ្ដល់ជូនក្រុមហ៊ុន Acumen Cambodia Co., Ltd. និងក្រុមហ៊ុន E-Cloud Co., Ltd ប្រតិបត្ដិការផ្ដល់សេវាអ៊ិនធើណេត(ISP) និងអាជ្ញាប័ណ្ណប្រតិបតិ្ដការសេវាសំឡេងតាមរយៈពិធីការអ៊ិនធើណេត(VoIP) ចុះថ្ងៃទី27 ខែមេសា ឆ្នាំ2015 ហើយចុងក្រោយគេ គឺសម្រេចលុបអាជ្ញាប័ណ្ណប្រតិបត្ដិការផ្ដល់សេវាអ៊ិនធើណេត(ISP) និងអាជ្ញាប័ណ្ណប្រតិបតិ្ដការសេវាសំឡេងតាមរយៈពិធីការអ៊ិនធើណេត (VoIP) ចុះថ្ងៃទី02 ខែតុលា ឆ្នាំ2006 ដែលបានផ្ដល់ជូនក្រុមហ៊ុន G-Tell (Cambodia) Investment Group Co., Ltd. (MEGA)។ និយតករទូរគមនាគមន៍កម្ពុជា មិនបានបញ្ជាក់បន្ថែមពីផ្សេងទៀតទេ អំពីដំណើរការនៃរឿងរ៉ាវដែលរហូតឈានដល់ការលុបអាជ្ញាប័ណ្ណប្រតិបត្ដិការទាំងនេះ៕

Advertisement