សាស្ត្រាចារ្យ ព្រើន សុវង្ស៖ ព្រះពុទ្ធសាសនាដើរតួយ៉ាងសំខាន់លើផ្នែកសេដ្ឋកិច្ច និងសន្តិភាព

ព្រះពុទ្ធសាសនាជាផ្នែកមួយយ៉ាងសំខាន់ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គម វប្បធម៌ និងផ្នត់គំនិតរបស់ប្រជាជនខ្មែរ។ ប្រព័ន្ធច្បាប់ បវេណី ទំនៀមទម្លាប់ ទស្សនទានក្នុងការដោះស្រាយបញ្ហា រួមទាំងគំនិតនានានៃក្បួនច្បាប់សំខាន់ៗរបស់កម្ពុជាសុទ្ធតែមាននូវផ្នត់គំនិតរបស់ព្រះពុទ្ធសាសនា ដែលបានផ្តល់គុណតម្លៃប្រកបដោយពុទ្ធិសម្រាប់អប់រំមនុស្ស។

បើគ្រាន់តែមើលនឹងភ្នែកធម្មតាយើងឃើញថាព្រះពុទ្ធសាសនាគ្រាន់តែជាផ្នែកមួយនៃសង្គមដែលអប់រំមនុស្សតាមវិធីធម្មតា តែបើយើងពិចារណាឱ្យបានដឹតដល់យើងនឹងឃើញថា ស្ទើរគ្រប់ផ្នែកនៃសង្គមសុទ្ធតែមានចំណែក ឬមានគ្រឹះមកពី ទស្សនទានព្រះពុទ្ធសាសនា។ ដំបូន្មាន និងវីធីសាស្រ្តដែលដកស្រង់ចេញពីវិស័យពុទ្ធចក្រ ត្រូវបានគេយកមកប្រើប្រាស់នៅក្នុងវិស័យអាណាចក្រដោយផ្ទាល់ និងដោយប្រយោលដើម្បីអភិវឌ្ឍសង្គមប្រកបដោយសុចរិតភាព និងសន្តិភាព។

សាស្រ្តាចារ្យ ព្រើន សុវង្ស ជាព្រឹទ្ធបុរសរង ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា ទទួលបន្ទុកដេប៉ាតឺម៉ត់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា តាំងពីប្រវត្តិសាស្រ្តមកព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមដូចជាការរក្សាអក្សរសាស្រ្តឱ្យបានគង់វង្ស ការកសាងធនធានមនុស្សប្រកបដោយគុណភាព និងភាពស្មោះត្រង់ និងការបង្កើតគំនិតសន្តិភាពផ្នែកផ្លូវចិត្តដល់បុគ្គលទូទៅ រួមទាំងមានទស្សនទានអប់រំដល់អ្នកគ្រប់គ្រងដឹកនាំថែមទៀតផង។

លោកសាស្រ្តាចារ្យ ព្រើន សុវង្ស បានមានប្រសាសន៍ថា៖ «ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់លើផ្នែកសេដ្ឋកិច្ច និងសន្តិភាព»។

លោកសាស្រ្តាចារ្យបានបន្ថែមទៀតថា ការអប់រំតាមបែបពុទ្ធចក្រ និងអាណាចក្រត្រូវតែដើរទន្ទឹមគ្នា ព្រោះថាគោលដៅនៃការអប់រំមនុស្សលើគ្រប់ផ្នែកគឺការកសាងអំពើល្អ និងកិច្ចអភិវឌ្ឍសង្គមដូចគ្នា។ លក្ខណៈពិសេសនៃផ្នត់គំនិតអប់រំតាមបែបព្រះពុទ្ធសាសនាគឺ ការកសាងសុចរិតភាពក្នុងការធ្វើអាជីវកម្ម ការធ្វើការងារ រួមទាំងការអនុវត្តនូវសកម្មភាពនានាក្នុងសង្គម។

វិធីសំខាន់ៗដែលព្រះពុទ្ធសាសនាបង្រៀនមនុស្សគឺឱ្យអនុវត្តផ្លូវកណ្តាល ឱ្យរកស៊ីដោយសុចរិតភាព ឱ្យមានការខិតខំដោយត្រឹមត្រូវ មានការប្រកួតប្រជែងប្រកបដោយភាពស្មោះត្រង់ រួមទាំងវិធីសំខាន់ៗជាច្រើនផ្សេងទៀតដែលអាចរុញច្រានឱ្យបរិស្ថាននៃការធ្វើជំនួញ ឬជួយដល់វិស័យសេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងបរិស្ថានដ៏ល្អមួយ។ ក្រៅពីនេះ កត្តាមួយចំនួនដែលមានចែងក្នុងព្រះពុទ្ធសាសនា ក៏ស្របនឹងច្បាប់របស់កម្ពុជាផងដែរ នៅពេលដែលមនុស្សគោរពបានតាមទស្សនទានព្រះពុទ្ធសាសនា គាត់ក៏មិនបោកបញ្ឆោតដៃគូអាជីវកម្មរបស់ខ្លួន មិនប្រព្រឹត្តសកម្មភាពដែលក្បត់ទំនុកចិត្ត ឬមិនធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់ដែលអាចជួយឱ្យគាត់ចេញផុតពីការផ្តន្ទាទោសនៃច្បាប់របស់រដ្ឋដូចគ្នា។

លើសពីនេះទៅទៀត បុគ្គលដែលបានទទួលការអប់រំពីទស្សទានព្រះពុទ្ធសាសនាភាគច្រើនជាមនុស្សដែលមានចរិយាធម៌ត្រឹមត្រូវទាំងកាយ វាចា និងចិត្ត ក្នុងផ្លូវល្អមួយប្រកបដោយសន្តិភាព។ ដូចដែលគ្រប់គ្នាសុទ្ធតែបានដឹងហើយថា កម្ពុជាត្រូវការការអភិវឌ្ឍប្រកបដោយស្ថិរភាព ហេតុនេះការអប់រំតាមបែបព្រះពុទ្ធសាសនាគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការចូលរួមចំណែកសម្រេចបាននូវចំណុចសំខាន់ទាំងអស់នេះ។

អ្នកដែលទទួលបានការអប់រំតាមបែបព្រះពុទ្ធសាសនា មានសីល សមាធិ និងបញ្ញាល្អ ជាអ្នកដែលមានគំនិតរួមទាំងសកម្មភាពល្អក្នុងការរក្សានូវស្ថិរភាព និងសន្តិភាព ព្រោះពួកគាត់ជាអ្នកដែលអប់រំខ្លួនតាមរយៈសីលធម៌ និងគុណធម៌ជាគោល។ ពួកគាត់មានវិធីសាស្រ្តល្អក្នុងការរំលត់អធិករណ៍ ហើយមានឆន្ទៈក្នុងការដោះស្រាយបញ្ហានានាក្នុងការរស់នៅប្រកបដោយសន្តិវិធី ដែលគំរូល្អទាំងអស់នេះអាចរុញច្រានឱ្យសង្គមទាំងមូលមានការស្រឡាញ់គ្នា ស្វែងយល់ពីគ្នា ហើយជួយគ្នាដើម្បីអភិវឌ្ឍប្រកបដោយភាពស្ងប់សុខ ទាំងក្នុងជីវិតឯកជន និងសង្គម៕

Advertisement