បើចេញរាងមកអ៊ីចឹង និងមានសមត្ថភាពប៉ុណ្ណឹង ស្រឡាញ់អត់?

បន្ទាប់ពីចេញស្មាតហ្វូនឈរលើរូបរាងចាស់ មិនសូវផ្លាស់ប្ដូរប្លែកគ្នាប៉ុន្មានរវាងម៉ូដែលមុន និងក្រោយនោះ ក៏មានព័ត៌មានបែកធ្លាយមួយបានបង្ហាញថា ក្រុមហ៊ុន Sony របស់ជប៉ុនត្រៀមនឹងបង្ហាញស្មាតហ្វូនរូបរាងថ្មី មានផ្ទៃអេក្រង់លាតធំ គ្មានគែមសល់ធំដូចមុន និងសមត្ថភាពដំណើរការកាន់តែខ្លាំង។

តាមការចុះផ្សាយលើគេហទំព័រ Phone Arena បានឱ្យដឹងថា  Sony របស់ជប៉ុនកំពុងសម្ងំផលិតស្មាតហ្វូនត្រកូល XZ1 ចំនួន 2 ស៊េរី ដែល​អាច​នឹង​ដាក់​ចេញ​នៅចុងខែសីហា ឬដើមខែកញ្ញា ឆ្នាំ 2017 ខាងមុខនេះ។ ការបង្ហាញខ្លួននឹងត្រូវចំពេលព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម IFA​ 2017 ដោយក្រុមហ៊ុន Sonyទំនងជាត្រៀម​ស្មាត​ហ្វូន​ជំនាន់​ថ្មីក្នុងត្រកូល Xperia ដែលមានចំនួនដល់ទៅ 2ស៊េរី គឺ Xperia XZ1 និង Xperia XZ1 Compact។ ស្មាតហ្វូនស៊េរីថ្មី​ទាំង 2 នេះនឹង​មាន​លេខ​កូដ​ម៉ូដែល Sony G8341 និង G8441 ដោយបំពាក់កញ្ចក់អេក្រង់ទំហំ 5.0 អ៊ីញ និង 5.5 អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 835 ជាមួយ Ram ទំហំ 4GB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 ។

ការមកដល់ថ្មីនេះ ក្រុមហ៊ុនអាចនឹងប្តូររូបរាងរបស់វាប្លែកពីរៀមច្បងមុនៗ ជាមួយនឹងផ្ទៃអេក្រង់ធំពេញផ្នែកខាងមុខ ដោយមិនសល់គែម និងផ្នែកលើ/ក្រោមសល់ក្រាស់ដូចមុនទៀតទេ។ ក្រៅពីគែមស្ដើងហើយ ក្រុមហ៊ុនក៏ប្រហែលជាផ្លាស់ប្ដូរទម្រង់រូបរាងរបស់វាផងដែរ ដើម្បីអាចប្រជែងជាមួយគេបាន៕

Advertisement