ពិតជា​មិនធម្មតា​មែន! រថយន្ត McLaren 720S ដែលជា​ជំនា​ន់ទី 2 នៃ​ប្រភេទ​របស់​រថយន្ដ Super Series មកពី​ក្រុមហ៊ុន​នៅ​ចក្រភព​អង់គ្លេស ដែលមាន​តែមួយ​គ្រឿង​គ​ត់​ក្នុង​តំបន់​អាស៊ាន បានបង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​យើង​ហើយ​កាលពី​ព្រឹក​ថ្ងៃទី10 ខែសីហា ឆ្នាំ2017 នេះ ជាមួយនឹង​តម្លៃ​ថ្លៃ​កប់​ពពក។

តាម​ការ​ឱ្យដឹងពី​អ្នកតំណាង​ឃ្លាំង​នាំចូល​រថយន្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា កម្ពុជា​ជា​ប្រទេស​តែមួយគត់​ក្នុង​ទីផ្សារ​អាស៊ី​ដែលមាន​លក់​រថយន្ត McLaren 720Sឆ្នាំ 2017 នេះ ក្រោយពី​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាន​បើកសម្ពោធ​កាលពី​ប៉ុន្មាន​ខែ​មុន​នៅក្នុង​ប្រទេស​អង់គ្លេស។ អ្នកតំណាង​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​បានឱ្យដឹងថា រថយន្ត​នេះ​មានតម្លៃ​ប្រមាណ 30 ម៉ឺន​ដុល្លារ ដោយ​មិនទាន់​គិត​ពន្ធ​នាំចូល។ រថយន្ត McLaren 720S ដែល​មកដល់​កម្ពុជា​នេះ​គឺមាន​តែ​ពណ៌​ក្រហម​មួយគ្រឿង​គត់។

រថយន្ត​នេះ​មាន​ម៉ាស៊ីន Turbo ភ្លោះ V-8 M840T ចំណុះ 4,០ លីត្រ បំពាក់​នៅ​ពីក្រោយ​អ្នកបើកបរ មាន​កម្លាំង 710 សេះ ដែលមាន​សម្ទុះ​ល្បឿន​ពី 0 ទៅ 100គីឡូម៉ែត្រ​ប្រើពេល​ត្រឹមតែ 2,8 វិនាទី (ល្បឿនដំបូង)។ 720S មាន​ទ្វារ​បើក​ជា​ស្លាប​សត្វ​កំភេម និង​មាន​ដំបូល​កញ្ចក់​ហ៊ុមព័ទ្ធ​ពីលើ អាចឱ្យ​អ្នក​ខាងក្នុង​មើលឃើញ​ទិដ្ឋភាព​បាន360 ដឺ​ក្រេ ហើយ​ត្រូវបាន​ក្រុមហ៊ុន​ផលិតឡើង​មានតែ​ចំនូ​ន 1,400 គ្រឿង​ប៉ុណ្ណោះ​សម្រាប់​ទីផ្សារ​ពិភពលោក៕

Advertisement