កំពូល​ស្មា​ត​ហ្វូ​ន 2 ម៉ូ​ដែល ត្រៀម​បង្ហាញខ្លួន​នៅ​ចុងខែ​នេះ

វា​ជា​រឿង​មួយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ដែល​នៅ​ចុងខែ​សីហា​នេះ កំពូល​ស្មា​ត​ហ្វូ​ន​មកពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េ​ចំនួន 2 បាន​ត្រៀម​បង្ហាញខ្លួន ដើម្បី​បើក​សករាជ​ថ្មី​នៃ​ពិភព​ស្មា​ត​ហ្វូ​នស​កល​ជាមួយនឹង​សមត្ថភាព​ខ្លាំង អេក្រង់​ប្លែក និង​មាន​កាមេរ៉ា​ដែល​អាច​ថតរូប​បាន​ច្បាស់​ទោះ​ពុំមាន​ពន្លឺ​មិន​គ្រប់គ្រាន់​ក្ដី។

តាម​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​បានឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងត្បូង Samsung បានធ្វើ​ការចែក​លិខិតអញ្ជើញ​ជូន​ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Unpacked នៅ​ទីក្រុង New York ថ្ងៃទី23 ខែសីហា ឆ្នាំ2017ខាងមុខនេះ ព្រម​ជាមួយនឹង​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​គេហទំព័រ​របស់ Samsung ទៀតផង។ ទោះជា​ក្នុង​រូប​លើ​លិខិតអញ្ជើញ​មិនបាន​បញ្ជាក់ថា ជា​ទូរស័ព្ទ​អ្វី​ក៏ដោយ ប៉ុន្ដែ​តាមរយៈ​រូប​ប៊ិក​ធ្វើឱ្យ​យើង​អាច​សម្គាល់​បាន​យ៉ាងច្បាស់​ថា វា​គឺជា​ទូរស័ព្ទ Galaxy Note ជំនាន់​ថ្មី គឺ Note 8 ហ្នឹងឯង។ ចំពោះ​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ជា​ទម្លាប់ Samsung តែង​បំពាក់​អេក្រង់​ខ្នាត​ធំ​ជាង​ត្រកូល S ផ្សេងទៀត​ជានិច្ច ព្រមជាមួយ​នឹង​ប៊ិក S-Pen មួយ​ដែលមាន​មុខងារថ្មីៗជានិច្ច​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។

ចំណែកឯ​ក្រុមហ៊ុន LG វិញ​ក៏បាន​ត្រៀមខ្លួន​បង្ហាញ​ទូរស័ព្ទ V30 នៅ​ថ្ងៃទី31 ចុងខែ​សីហា ឆ្នាំ2017 ខាងមុខ​នេះដែរ។ LG បានធ្វើ​ការចែក​លិខិតអញ្ជើញ​រួចរាល់​ហើយ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​លើក​នេះ និង​នៅលើ​លិខិតអញ្ជើញ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​កាលបរិច្ឆេទ និង​ពេលវេលា​នៃ​ព្រឹត្តិការណ៍​នេះ ព្រមទាំង​ឈ្មោះ​របស់​ទូរស័ព្ទ​ទៀតផង៕

Advertisement