កម្មវិធីធម្មសិក្សា និងសមាធិ ផ្តល់ឱកាសឱ្យអ្នករវល់នៅភ្នំពេញបានសិក្សាសមាធិដោយមិនបាច់ទៅខេត្តឆ្ងាយៗ

សមាធិ ជាវិធីសាស្រ្តអប់រំចិត្តយ៉ាងសំខាន់សម្រាប់មនុស្សទូទៅនៅទូទាំងពិភពលោក ព្រោះការធ្វើសមាធិអាចធ្វើឱ្យចិត្តស្ងប់ស្អាត និងធ្វើឱ្យជីវិតកាន់តែមានតម្លៃសម្រាប់ការរស់នៅ។ តែកន្លងមក អ្វីដែលជាឧបសគ្គសំខាន់សម្រាប់ជីវិតអ្នកនៅទីក្រុង គឺមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការចេញទៅតាមបណ្តារខេត្តដើម្បី​សិក្សាសមាធិ​។

លោក នឹម ឈុន្នី អ្នកជំនាញផ្នែកសមាធិ និងជាស្ថាបនិកក្រុមហ៊ុន VIPASSA បានលើកឡើងថា ការធ្វើសមាធិជារឿងសំខាន់ណាស់សម្រាប់ជីវិត ព្រោះជាធម្មតាយើងសម្អាតផ្លូវកាយ ដុសធ្មេញ ងូតទឹក ជាច្រើនដងក្នុងមួយថ្ងៃៗ តែយើងមិនដែលបានសម្អាតចិត្តរបស់យើងនោះទេ។ ដើម្បីរក្សាសុខភាពផ្លូវចិត្តបាន យើងចាំបាច់ត្រូវសម្អាតឱ្យទៀងទាត់ដូចការសម្អាតកាយដែរ ហេតុនេះហើយទើប​យើងចាំបាច់ត្រូវធ្វើសមាធិជារឿយៗ ដើម្បីឱ្យផ្លូវចិត្តរបស់យើងជ្រះថ្លា និងមានថាមពលកាន់តែខ្លាំង។ លោកបានបន្ថែមផងដែរថា បច្ចុប្បន្ននេះ មានមនុស្សជាច្រើនចាប់ផ្តើមមើលឃើញពីតម្លៃនៃការធ្វើសមាធិ តែពួកគេមានភាពមមាញឹកខ្លាំងជាមួយនឹងការងារ និងការធ្វើអាជីវកម្ម មិនអាចមានពេលទៅសិក្សាសមាធិនៅតាមបណ្តាខេត្តបាន។

លោក នឹម ឈុន្នី បាននិយាយថា៖ «​ដោយមើលឃើញពីបញ្ហានេះហើយទើប​យើងបង្កើតកម្មវិធី ធម្មសិក្សា និងសមាធិ នេះឡើងដើម្បីផ្តល់ឱកាសឱ្យអ្នកនៅភ្នំពេញបានទទួលឱកាសសិក្សាដោយឥតគិតថ្លៃនូវ​វគ្គសិក្សាសមាធិ និងបង្កើតជាសហគមមួយរួមគ្នាដែលសុទ្ធតែជាអ្នកប្រព្រឹត្តិអំពើល្អរួមគ្នា»។

លោក ឈុន្នី បានលើកឡើងផងដែរថា កម្មវិធីដ៏មានសារៈសំខាន់នេះផ្តួចផ្តើមគំនិតដោយ​ព្រះតេជគុណ គូ សុភាព និងមាន​គ្រូសមាធិជាច្រើនចាំជួយ​បង្រៀន និងប្រឹក្សាពីវិធីសាស្រ្តសំខាន់ៗក្នុងការធ្វើសមាធិ និងអប់រំចិត្ត។ អ្នកចូលរួមទាំងអស់ នឹងអាចសិក្សាបាននៅរៀងរាល់ថ្ងៃច័ន្ទ ដោយមិនគិតថ្លៃ និងមានឱកាសជួបសួរផ្ទាល់ជាមួយព្រះតេជគុណ គូ សុភាព និងគ្រូសំខាន់ៗជាច្រើនផ្សេងទៀត ដោយគ្រាន់តែ​ទាក់ទងមកកាន់អ្នករៀបចំកម្មវិធីមុនដើម្បីបញ្ជាក់ពីចំនួនអ្នកចូលរួមតែប៉ុណ្ណោះ។ កម្មវិធី ធម្មសិក្សា និងសមាធិ ធ្វើឡើងនៅរៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង 6-7:30នាទីល្ងាច នៅគេហដ្ឋានរបស់លោក អ៊ឹង ម៉េងឡាយ និងលោកស្រី វ៉ាន់ស៊ីវ ដែលជាអ្នកឧបត្ថម្ភទីតាំង និងសម្ភារៈសម្រាប់សមាធិដល់ក្រុមការងារ ក្នុងបុរី លីមឈាងហាក់ ឬស្សីកែវ ក្បែរស្ពានបាឡេ ជាប់ស្តុកសាំងសូគីម៉ិច៕

Advertisement