អេស្ប៉ាញ​៖ ថ្នាក់រៀន​ពិសេស​នៅលើ​ឆ្នេរសមុទ្រ​ ​ជួយ​ឱ្យ​សិស្សានុសិស្ស​មាន​អារម្មណ៍ល្អ និង​សប្បាយរីករាយ​ក្នុង​សម័យ​Covid-19

បើសិនជា​ការសិក្សា​នៅលើ​ឆ្នេរសមុទ្រ​គឺជា​ក្ដី​ស្រមៃ នោះ​ក្ដី​ស្រមៃ​នេះ​បាន​ក្លាយជា​ការពិតហើយ​សម្រាប់​សិស្ស​ជាច្រើនរូប​នៅ​តំបន់ Murcia នៃ​ប្រទេស​អេ​ស្ប៉ា​ញ។

ក្រោយ​រយៈពេល​មួយឆ្នាំ​ដែល​ត្រូវ​រៀន​ពី​ចម្ងាយ ដោយសារ​បំរាម​គោចរ និង​គម្លាត​សង្គម​ដើម្បី​បង្ការ​Covid-19 សាលា Felix Rodriguez de la Fuente នៅ​តំបន់ Murcia បាន​បង្កើត​ថ្នាក់រៀន​នៅលើ​ឆ្នេរសមុទ្រ​ដើម្បី​ប្រើប្រាស់​​បរិយាកាស​​ប្រកប​ដោយ​​ខ្យល់​​បរិសុទ្ធ​​ដែល​ត្រូវគេ​ជឿថា កម្រ​មាន​ហានិភ័យ​នៃ​ការឆ្លង​វីរុស​Covid-19។

ប៉ុន្តែ សិស្ស​ដែល​មកកាន់ «សាលារៀន» នៅលើ​ឆ្នេរសមុទ្រ Playa de los Nietos នេះ នៅតែ​ត្រូវ​ពាក់​ម៉ាស់ និង​អង្គុយ​លើ​កៅអី​ដែល​ត្រូវបាន​គេ​រៀបចំ​ទៅតាម​ការកំណត់​ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព។ គ្រូបង្រៀន​ម្នាក់ ឈ្មោះ Juan Francisco Martinez បានឱ្យដឹងថា សិស្ស​ទាំងអស់ សុទ្ធ​តែមាន​អារម្មណ៍​សប្បាយរីករាយ ហើយ​នឹងមាន​អនុស្សាវរីយ៍​ពិបាក​បំភ្លេចបាន។

សាលារៀន​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​មួយ​ដែលមាន​ឈ្មោះថា «Fresh Air» (ខ្យល់​បរិសុទ្ធ) ក្នុង​បំណង​នាំមក​នូវ​ខ្យល់​ល្អ​បរិសុទ្ធ​សម្រាប់ក្មេងៗនៅក្នុង​សម័យ​Covid-19។ ក្រុម​គ្រូបង្រៀន​នឹងត្រូវ​បង្រៀន​សិស្ស​នៅលើ​ឆ្នេរ​ខ្សាច់​សមុទ្រ ចាប់ពី​ម៉ោង8ព្រឹក​ជា​រៀងរាល់ថ្ងៃ។

គម្រោង​ខាងលើនេះ មាន​ថ្នាក់រៀន​ចំនួន8 ហើយ​សិស្ស​មាន​អាយុ​ចាប់ពី3-12ឆ្នាំ។ ថ្នាក់រៀន​ទាំងនេះ នៅតែ​សិក្សា​ទៅតាម​ថ្នាក់​ដែល​ពួកគេ​ធ្លាប់បាន​រៀន​កន្លងមក។ មកដល់​បច្ចុប្បន្ន ពុំមាន​ករណី​ឆ្លង Covid-19 ណាមួយ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ថ្នាក់រៀន​ទាំងនេះ​ទេ។ សិស្ស​ទាំងឡាយ សុទ្ធតែ​ពេញចិត្ត​នឹង​របៀប​សិក្សា​នេះ ព្រោះ​ពួកគេ​បាន​នៅ​ខាងក្រៅ បាន​ជួប​មិត្ត​ភ័ក្ដិ មាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​ការរៀន​តាម​កុំព្យូទ័រ​នៅឯ​ផ្ទះ។

ដើម្បី​រួមចំណែក​ជួយ​ឱ្យ​សកម្មភាព​សិក្សា​កាន់តែ​រស់​រវើក និង​កាន់តែ​អស្ចារ្យ ពលរដ្ឋ​ក្នុង​តំបន់​ថែមទាំង​បាន​តុបតែង​ខ្លួន​ជា​ទាហាន ឬ​ជា​អ្នកនេសាទ ដើម្បី​ណែនាំប្អូនៗអំពី​ប្រវត្តិសាស្ត្រ, របរ​នេសាទ និង​មុខរបរ​ចិញ្ចឹមជីវិត​ផ្សេងទៀត​របស់​ប្រជាជន​ក្នុង​តំបន់។ គ្រូបង្រៀន​ឈ្មោះ Alfonso Vera ឱ្យដឹងថា អ្នកស្រុក​ក្នុងភូមិ​បាន​បង្រៀនក្មេងៗអំពី​វិធី​ស្ទូចត្រី និង​ចែករំលែក​អំពី​របៀប​ដែល​ពួកគេ​ស្វែងរក​អាហារ​នៅក្នុង​គ្រា​លំបាក​បំផុត ដូចជា​សម័យ​Covid-19 នេះ​ជាដើម៕

ប្រភព​៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement