និស្ស័យ និង​ទម្លាប់ ដែល​មិនគួរ​នាំយកមក​ប្រើ នៅ​កន្លែងធ្វើការ

ក្នុង​ការធ្វើការងារ ជួនកាល​យើង​ត្រូវ​នៅ​រួមគ្នា​ជាមួយ​ក្រុមមនុស្ស​ដ៏​ច្រើន​ដែល​មកពី​មជ្ឈដ្ឋាន​ផ្សេងគ្នា ក្រុម​គ្រូ​សារ​ផ្សេងគ្នា និង​ទីកន្លែង​ផ្សេងគ្នា ធ្វើឱ្យ​ពេលវេលា​នឹង​បង្ហាញឱ្យឃើញ​ពី​ទម្លាប់​និស្ស័យ

ដែល​មិនល្អ​របស់​បុគ្គលម្នាក់ៗចេញមក ដូច្នេះហើយ​ទើប​គួរតែ​នាំគ្នា​ប្រយ័ត្នប្រយែង​ពី​ចរិត​និស្ស័យ​មិនល្អ​នោះ​បន្តិច​ក៏​ជា​រឿង​ល្អ​ម្យ៉ាងដែរ ព្រោះ​ពេលខ្លះ​ការងារ​ដែល​នឹង​ដំណើរការ​ទៅ​យ៉ាង​រលូន​ល្អ គ្មាន​រអាក់រអួល​នោះ មិត្ត​រួមការ​ងារ​ក៏មាន​ចំណែក​សំខាន់​ក្នុង​ការជួយ​លើ​ការងារ​ទាំងអស់​នោះដែរ និង​ជួនកាល​ការងារ​ល្អ តែ​យើង​មិនអាច​ចូល​ចុះ​ជាមួយ​អ្នក​រួមការ​ងារ​បាន ក៏​នឹង​ធ្វើឱ្យ​យើង​លែង​ចង់​ធ្វើ​ការងារ​នោះ​តទៅទៀត​តែម្ដង​ក៏មានដែរ ឬ​ជួនកាល​ការងារ​មិនសូវ​ជា​អូ​ខេ​ប៉ុន្មាន​ទេ តែ​មិត្ត​រួម​ការងារ​គ្រប់គ្នា​មាន​ចរិត​និស្ស័យ​ល្អ ក៏​អាច​នឹង​ធ្វើឱ្យ​យើង​ចង់​ធ្វើការ​នោះ​តទៅទៀត​ដែរ ដូច្នេះ​បើសិនជា​ចង់ឱ្យ​មិត្ត​រួមការ​ងារ​គេ​ល្អជា​មួយ​យើង យើង​ក៏​គួរតែ​បង្ហាញ​ពី​ចរិត​និស្ស័យល្អៗទៅ​គេ​វិញ​ដូចគ្នា​ដែរ។ ថ្ងៃនេះ យើង​សាកល្បង​នាំគ្នា​មក​មើល​ពី​និស្ស័យមិនល្អៗដែល​មិនគួរ​បង្ហាញ ឬ​សម្ដែង​ចេញ​នៅក្នុង​កន្លែងធ្វើការ​វិញ​ប្រសើរ​ជាង ដើម្បី​បើ​មាន​នរណា​កំពុងតែ​ប្រព្រឹត្ត នឹង​បាន​កែសម្រួល​ឱ្យ​ល្អប្រសើរ​ឡើងវិញ​ដើម្បី​អនាគត​ការងារ និង​ជីវិត​របស់ខ្លួន​យើង​ផ្ទាល់​ហ្នឹងឯង…។

1 . ប៉ិន​ខឹង​មួម៉ៅ

ការ​ប៉ិន​ខឹង​មួម៉ៅ ឆាប់​ច្រឡោតតោតតូង គឺជា​អ្វីមួយ​ដែល​មិនគួរ​សម្ដែង​ចេញ​នៅក្នុង​កន្លែងធ្វើការ​ខ្លាំង​បំផុត លោកអ្នក​ត្រូវ​គិតថា គ្មាន​អ្នកណា​អាចធ្វើឱ្យ​ត្រូវចិត្ត​យើង​គ្រប់​តែ​រឿង​បាន​នោះទេ។ បើ​មាន​អារម្មណ៍​ខឹង​មួម៉ៅ ក៏​គួរតែ​ដើរ​ចេញទៅ​រម្ងាប់ និង​ស្ងប់​អារម្មណ៍​វិញ​ប្រសើរ​ជាង ព្រោះ​ពេលខ្លះ​ការសម្ដែង​អារម្មណ៍​ឆេវឆាវ​ចេញទៅ​នោះ ក្រៅពី​មិនមាន​ផល​ល្អ​ហើយ នៅមាន​ផល​អាក្រក់​ជាច្រើន​តាម​មកទៀត​ផង។

2 . អួតអាង

ទោះជា​ចេះ​មែន ឬ​ចេះ​ច្រើនជាង​អ្នកដទៃ​មែន​ក៏ដោយ តែ​ក៏​មិនគួរ​សម្ដែង​ភាព​អួត​ក្អេងក្អាង​ចេញមក​ដែរ ព្រោះ​មនុស្ស​យើង​នឹង​មិនអាច​ពូកែ ឬ​ដឹង​គ្រប់សព្វ​បែបយ៉ាង​នោះឡើយ វា​ត្រូវតែ​មានរឿង​ខ្លះ​ដែល​យើង​មិនដឹង និង​ត្រូវសុំ​គំនិត​យោបល់​ពី​អ្នកដទៃ​ខ្លះ​មិន​ខាន។

3 . អត់​មក​ធ្វើការ…សុំច្បាប់..មក​ធ្វើការ​យឺត

ទាំងអស់នេះ បើសិនជាយូរៗម្ដង ប្រហែលជា​មិន​អី​ទេ តែ​បើសិនជា​ញឹកញាប់​ពេក ប្រហែលជា​មិនល្អ​ទេ ព្រោះ​ការងារ​ដែល​យើង​កំពុង​ធ្វើ​អាច​នឹង​កើតការ​ស្ទះ ឬ​រអាក់រអួល ឬ​ជួនកាល​មិត្ត​រួមការ​ងារ​អាច​នឹងត្រូវ​មក​ធ្វើ​ជំនួស ដែល​ភាគច្រើន​គ្រប់គ្នា​គេ​តែងមាន​ការងារ​របស់​គេ​ស្រាប់​ហើយ។

4 . យក​ការងារ​ក្រៅ​មក​ធ្វើ

បើ​មិន​ស្ទះ​ដល់​ការងារ​របស់ខ្លួន​ក្នុង​ក្រុមហ៊ុន ឬ​មិន​ខូចខាត​អ្វី​នោះ ប្រហែលជា​មិន​អី​ទេ តែ​ទោះជា​យ៉ាងណា ក៏​មិនគួរ​យក​ការងារ​ក្រៅ​មក​ធ្វើ​នៅក្នុង​កន្លែងធ្វើការ​ដែរ ព្រោះ​វា​នៅតែ​ប្រៀបដូចជា​រូបអ្នក​មិនបាន​យកចិត្តទុកដាក់​លើ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ដដែល​ហ្នឹង។

5 . អែបអប​ចៅហ្វាយនាយ

ការពិតទៅ ការ​អែបអប​នេះ​ក៏​អាចធ្វើ​បានដែរ តែ​ក៏​មិនគួរ​អែបអប​ហួស​ល្អមើល​ដែរ ឬ​អែបអប​ខ្លាំង​រហូតដល់​មនុស្ស​ជុំវិញ​មាន​អារម្មណ៍​ដឹង​នោះឡើយ ព្រោះ​បើ​យើង​បាន​ឡើង​តំណែង បាន​ឡើង​ប្រាក់ខែ​ព្រោះ​សមត្ថភាព​ក៏ដោយ ក៏​អ្នក​ឯទៀត​នឹង​មើល​មក​យើង​ថា បាន​ព្រោះតែ​ការ​អែបអប​មេកោយ​ច្រើនជាង និង​អាចធ្វើឱ្យ​មិត្ត​រួមការ​ងារ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្តនឹង​គ្នា​បាន។

6 . និយាយ​មិនចេះ​គិត

ចង់​និយាយ​អី ក៏​និយាយ ដោយ​មិន​គិតថា សម្ដី​របស់​យើង​ហ្នឹង​វា​នឹង​ទៅ​ប៉ះពាល់​អ្នកណា​ឬក៏​អត់?។ បែបនេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​មិត្ត​រួមការ​ងារ​មិន​ចូលចិត្ត​មុខ​យើង​ដែរ ដូច្នេះ​មុននឹង​និយាយ​អ្វី​ចេញទៅ គួរតែ​គិត​ឱ្យបាន​ច្បាស់​ជាមុនសិន​ថា វា​នឹង​ទៅ​ប៉ះពាល់​នរណា​ឬ​អត់ ព្រោះ​ជួនកាល ក្រៅពី​ប៉ះពាល់​គ្នា​ហើយ អ្នក​ដែល​បានឮ​នឹងមាន​អារម្មណ៍​មិន​សប្បាយចិត្ត​ទៀតផង។ អាច​និយាយបានថា ជាការ​បំផ្លាញ​ទឹកចិត្ត​អ្នកដទៃ​ដោយ​មិនបាន​តាំងចិត្ត​ហ្នឹងឯង៕

 

ដោយ អ្នកគ្រូ ឆវី

Advertisement