អា​ហ្វ​ហ្គា​នី​ស្ថាន៖ ថ្នាក់រៀន​ត្រូវ​ខណ្ឌ​ចែក​និស្សិត​ប្រុស-ស្រី ដោយ​វាំងនន ក្នុងសម័យ តា​លី​បង់

វាំងនន​ពណ៌​ស្រអាប់​ខណ្ឌ​ចែក​ក្នុង​បន្ទប់រៀន​នៅក្នុង​សាកលវិទ្យាល័យ​មួយ​នៅ​រដ្ឋធានី​កា​ប៊ុល ដោយ​ម្ខាង​ជា​ក្រុមនិស្សិត​ប្រុស ចំណែក​ម្ខាង​ទៀត​គឺជា​ក្រុមនិស្សិត​ស្រី​ដែល​ជួត​កន្សែង​ពណ៌​ខ្មៅ​លើ​ក្បាល។

យោងតាម​ការស្នើ​របស់ តា​លី​បង់ និស្សិត​ប្រុស និង​និស្សិត​ស្រី ត្រូវ​ចេញ-ចូល​សាលា​ដោយ​ប្រើប្រាស់​ផ្លូវ​ដោយឡែក​ពីគ្នា ហើយ​ថ្នាក់រៀន​ដែលមាន​សិស្ស​ចម្រុះ​ភេទ នឹងត្រូវ​បានអនុញ្ញាត បើសិនជា​សិស្សស្រី​មាន​ចំនួន​ក្រោម 15 នាក់ ប៉ុន្តែ ត្រូវតែមាន​វាំងនន​ខណ្ឌ​ចែក​រវាង​ក្រុមសិស្ស​ប្រុស និង​សិស្សស្រី។ ស្ថាប័ន​អប់រំ​នានា ត្រូវតែមាន​ទីតាំង​ថ្វាយបង្គំ​ព្រះ​ដោយឡែក​សម្រាប់​និស្សិត​ស្រី។

ក្រៅពីនេះ សំណើ​របស់ តា​លី​បង់ ក៏​ស្នើឱ្យ​និស្សិត​ស្រី អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ភេទ​ស្រី​ទាំងអស់ គោរព​តាម​ការកំណត់ ដោយ​ជួត​កន្សែង ហ៊ី​ចាប (hijab) ទៅតាម​ច្បាប់​សាសនា​អ៊ីស្លាម Sharia។ កន្សែង ហ៊ី​ចាប បិទបាំង​សក់ ប៉ុន្តែ​មិន​បិទបាំង​មុខ​ដូច​ស្បៃ នី​កាប (niqab) នោះទេ។

សំណើ​របស់ តា​លី​បង់ មាន​ឃ្លា​សរសេរថា៖ «សាកលវិទ្យាល័យ​នានា ក្នុង​អនាគត​គួរតែ​ព្យាយាម​ជ្រើសរើស​សាស្ត្រាចារ្យ​ភេទ​ស្រី ដើម្បី​បង្រៀន​និស្សិត​ស្រី។ នាបច្ចុប្បន្ន ត្រូវការ​អនុញ្ញាតឱ្យ​សាស្ត្រាចារ្យ​ដែលមាន​វ័យ​ចំណាស់ និង​គួរឱ្យ​ទុកចិត្ត ដើម្បី​បង្រៀន​និស្សិត​ស្រី»។

Waheed Roshan នាយករង​នៃ​សាកលវិទ្យាល័យ Bakhtar នៅ​រដ្ឋធានី​កា​ប៊ុល ឱ្យដឹងថា សាលា​នេះ​នឹង​គោរព​តាម​ការស្នើ​របស់​អាជ្ញាធ​រ តា​លី​បង់។ Roshan និយាយថា កិច្ច​ការដែល​ត្រូវធ្វើ​នឹង​ជា​រឿង​លំបាក​សម្រាប់​សាកលវិទ្យាល័យ​ជាច្រើន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ និស្សិត​ប្រមាណ 20% នៅ​សាកលវិទ្យាល័យ Bakhtar គឺជា​ស្ត្រី ហើយ​សាលា​អាច​បង្រៀន​និស្សិត​ប្រុស និង​ស្រី​ទៅតាម​វេន​ដោយឡែក​បាន ប៉ុន្តែ សាលា​ជាច្រើន​ដទៃ អាច​ជួប​ការលំបាក​ខ្លាំង និង​ត្រូវ​ប្រើប្រាស់​វិធី​ខណ្ឌ​ចែក​ដោយ​វាំងនន។

និស្សិត​ស្រី​នៅ កា​ប៊ុល មានប្រតិកម្ម​ផ្សេងគ្នា​ជុំវិញ​ការផ្លាស់ប្ដូរ​នៅក្នុង​សាលា​ដែល​ពួកគេ​រៀន។ Sahar និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ វ័យ 21 ឆ្នាំ និយាយថា រីករាយ​នៅពេល តា​លី​បង់ មិន​ហាម​ស្ត្រី​ចូលរៀន​នៅ​មហាវិទ្យាល័យ ប៉ុន្តែ យល់ថា ការកំណត់​ថ្មី​នេះ​គឺជា​រឿង​ជ្រុលនិយម។

«មាន​និស្សិត​ស្រី​ជាច្រើន​នៅ កា​ប៊ុល ធំ​ឡើង​នៅក្នុង​សង្គម​សេរីភាព ពួកគេ​មានឱកាស​ជ្រើសរើស​សម្លៀកបំពាក់​ដែល​ពួកគេ​ចង់បាន និង​អាច​ជ្រើសរើស​មហាវិទ្យាល័យ​ដែល​ពួកគេ​ចូលចិត្ត ឬ​សម្រេចចិត្តថា តើ​គួរ ឬ​មិនគួរ​អង្គុយ​ជិត​មិត្ត​រួម​ថ្នាក់​ដែលជា​បុរស។ ប៉ុន្តែ ពេលនេះ ពួកគេ​ពិបាក​សម្រប​ខ្លួន​ទៅតាម​ការកំណត់​ដ៏​តឹងរ៉ឹង​ថ្មី​នេះ» Sahar បន្ថែម​ដូច្នេះ។

Ziba ដែលជា​និស្សិត​ម្នាក់ វ័យ​ប្រហែល 20 ឆ្នាំ នៅ​ក្រុង​កា​ប៊ុល និយាយថា ខ្លួន​កំពុង​មានបំណង​បោះបង់​ការសិក្សា ព្រោះ​ព្រួយបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព និង​ខ្លាច តា​លី​បង់ ដាក់​លក្ខខណ្ឌ​តឹងតែង​ជាង​នេះ​នាពេល​អនាគត។ Ziba ថ្លែងថា ល្អ​បំផុត​គឺ​នៅផ្ទះ។

ចំណែក Mina Qasem អាយុ 19 ឆ្នាំ បានឱ្យដឹងថា នាង​សប្បាយចិត្ត នៅពេល​បានចាប់ផ្ដើម​ចូលរៀន​មហាវិទ្យាល័យ។ «ខ្ញុំ​នឹង​ប្រើប្រាស់​កន្សែង​គ្រប់​ប្រភេទ​ដែល​ពួកគេ (តា​លី​បង់) ស្នើ ឱ្យតែ​ពួកគេ​អនុញ្ញាតឱ្យ​និស្សិត​ស្រី​ចូលរៀន​មហាវិទ្យាល័យ។ ប្អូនស្រី​របស់ខ្ញុំ​នឹង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​នៅ​ឆ្នាំនេះ ហើយនឹង​ចុះឈ្មោះ​ចូលរៀន​មហាវិទ្យាល័យ​ឯកជន​នៅ​ចុងឆ្នាំ​នេះដែរ»។ Mina បន្តថា៖ «បើសិនជា​ស្ត្រី​ចង់​មាន​សំឡេង​នៅក្នុង​អនាគត ពួកគេ​ត្រូវតែ​ទទួលបាន​ការអប់រំ​នៅក្នុង​ស្ថានភាព​ណា​ក៏​ដោយ៕

Advertisement