សាលារៀន​នៅ​ទូទាំង​សកលលោក បើក​ដំណើរការ​ឡើងវិញ​បាន​ដល់​កម្រិតណា​ហើយ?

សិស្សថ្នាក់​​បឋម​នៅ​ក្នុង​សាលារៀន​មួយ ​នា​ទីក្រុង​ភ្នំពេញ (រូបថត​៖ UNICEF)

រយៈពេល 19 ខែ រាប់​ចាប់ពី​រោគរាតត្បាត COVID-19 ផ្ទុះ​ឆ្លង​រាលដាល សាលារៀន​ក្នុង​ពិភពលោក ត្រូវ​បង្ខំចិត្ត​បិទទ្វារ ហើយ​មកដល់​បច្ចុប្បន្ន មាន​សាលារៀន​ប្រហែលជា​ពាក់កណ្ដាល​ប៉ុណ្ណោះ បាន​បើក​ដំណើរការ​បង្រៀន និង​រៀន​ផ្ទាល់ ខណៈដែល​សាលារៀន​ភាគច្រើន​នៅតែ​ប្រើ​រូបមន្ត​បូកផ្សំ​រវាង​ការបង្រៀន​តាម​អន​ឡាញ និង​ផ្ទាល់។

យោងតាម​គេហទំព័រ COVID-19 Global Education Recovery Tracker ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សាកលវិទ្យាល័យ Johns Hopkins, ធនាគារពិភពលោក (WB) និង​មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ (UNICEF) ក្នុង​បំណង​ជួយ​ដល់​ការសម្រេចចិត្ត​របស់​ប​ណ្ដា​ប្រទេស ដោយ​ការធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​បើកទ្វារ និង​ការស្ដារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ COVID-19 នៅក្នុង​ប្រទេស​ជាង 200 ក្នុង​ពិភពលោក បង្ហាញថា «80% នៃ​សាលារៀន​ក្នុង​ពិភពលោក កំពុងស្ថិត​ក្នុង​ឆ្នាំ​សិក្សា​ថ្មី។ ក្នុងចំណោម​នេះ មាន 54% បាន​វិល​ត្រលប់មក​បង្រៀន និង​រៀន​ផ្ទាល់​ក្នុង​សាលា, 34% អនុវត្ត​រូបមន្ត​បូកផ្សំ​រវាង​អន​ឡាញ និង​ផ្ទាល់។ សាលារៀន 10% បន្ត​បង្រៀន​ពី​ចម្ងាយ ខណៈដែល 2% បាន​ផ្អាក​ការបង្រៀន​បណ្ដោះអាសន្ន​ទាំងស្រុង»។

WB កំពុង​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស បើកទ្វារ​សាលារៀន​ឡើងវិញ។ WB វាយតម្លៃថា ការបើកទ្វារ​សាលារៀន​ឡើងវិញ មិនបាន​ធ្វើឱ្យ​កើនឡើង​នូវ​អត្រា​នៃ​ការចូល​ពេទ្យ​ដោយសារ COVID-19 នោះទេ។ ទន្ទឹមនឹងនេះ ការស្រាវជ្រាវ​មួយ​ផ្សេងទៀត បាន​បង្ហាញថា ស្ថានការណ៍​ឆ្លង​វីរុស​ក្នុង​ថ្នាក់រៀន​គឺ​តែងតែ​ដើរ​តាម​ស្ថានភាព​រួម​នៃ​ការឆ្លង​រាលដាល​ក្នុង​សហគមន៍។

ការអនុវត្តវិធានការពាក់ម៉ាស ធានាបរិស្ថានមានខ្យល់ចេញ-ចូលល្អ និងរក្សាគម្លាត អាច​ជួយ​ឱ្យ​បណ្ដា​ប្រទេស​បើក​ទ្វារ​សាលា​រៀន​ដោយ​សុវត្ថិភាព

ក្នុង​ឆ្នាំ 2020 COVID-19 បានធ្វើឱ្យ​សាលារៀន​នៅក្នុង​ប្រទេស​ជាង 180 ត្រូវ​បិទទ្វារ រំខាន​ដល់​ការសិក្សា​របស់​ក្មេង​ប្រមាណ 1.6 ពាន់​លាន​នាក់ ប្រហាក់ប្រហែល​នឹង 75% នៃ​ចំនួន​ក្មេង​ដែល​ស្ថិតក្នុង​វ័យ​សិក្សា។ របាយការណ៍​បាន​បញ្ជាក់ថា ការសម្រេចចិត្ត​បិទទ្វារ​សាលារៀន​កាលពី​ឆ្នាំ 2020 បណ្ដាលមកពី​បណ្ដា​ប្រទេស​យល់ដឹង​តិចតួច​នៅឡើយ​អំពី COVID-19 និង​វិធីសាស្ត្រ​ទប់ទល់។ ក្រោយ​រយៈពេល​ជាង 1 ឆ្នាំ ពិភពលោក​បានដឹង​ច្រើនជាង​មុន​អំពី​វីរុស ក៏ដូចជា​វិធីសាស្ត្រ​ទប់ស្កាត់​ការឆ្លង​រាលដាល។ អង្គការ​នានា មានដូចជា WHO ជាដើម បានផ្ដល់​អនុសាសន៍​ថា ការបិទទ្វារ​សាលារៀន​គួរតែ​ត្រូវបាន​ចាត់ទុកជា​ជម្រើស​ចុងក្រោយបង្អស់។

យោងតាម WB ទិន្នន័យ​នៃ​ការស្រាវជ្រាវ​លើ​ការតាមដាន​ពលរដ្ឋ និង​ការឆ្លង​រាលដាល បង្ហាញថា «ធៀប​នឹង​មនុស្សពេញវ័យ និង​ក្មេង​ជំទង់ កុមារ​ដែលមាន​អាយុ​ក្រោម 10 ឆ្នាំ មានលទ្ធភាព​តិចតួច​ក្នុង​ការឆ្លង COVID-19។ របាយការណ៍​សរសេរ​ថា «អត្រា​នៃ​ករណី​មាន​អាការ​ធ្ងន់ធ្ងរ និង​ស្លាប់ នៅក្នុង​ចំណោម​កុមារ​ដែល​បាន​ឆ្លង COVID-19 គឺមាន​តិចតួច​បំផុត ពោលគឺ​ពួកគេ​ស្លាប់ ឬ​មាន​អាការ​ធ្ងន់ធ្ងរ​ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​ស្រាប់។

WB ផ្ដល់យោបល់​ថា ដើម្បី​ជំរុញ​ការស្ដារ​វិស័យ​អប់រំ បណ្ដា​ប្រទេស​គួរផ្ដល់​អាទិភាព​ដល់​ការចាក់​វ៉ាក់សាំង​ជូន​ដល់​គ្រូបង្រៀន​ជាបន្ទាន់​នៅពេល​អាចធ្វើ​ទៅបាន។ ក្នុងករណី​មិនទាន់​ធ្វើបាន ក៏​នៅមាន​វិធី​បើក​សាលារៀន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព។ បើតាម​បទពិសោធន៍​របស់​បណ្ដា​ប្រទេស​ដែល​ធ្លាប់បាន​ទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព​ចំពោះ​ការឆ្លង​រាលដាល​ក្នុង​សាលារៀន គេ​អាចអនុវត្ត​យុទ្ធសាស្ត្រ​ត្រួតពិនិត្យសាមញ្ញៗ និង​ចំណាយ​ប្រា​ក់ទាប។ នោះ​គឺ​ការអនុវត្ត​វិធានការ​ពាក់​ម៉ាស ធានា​បរិស្ថាន​មាន​ខ្យល់​ចេញ-ចូល​ល្អ និង​រក្សា​គម្លាត៕

Advertisement