កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី៤ ស្ដីពី​និស្សិត​វេជ្ជសាស្ត្រ​ចុះ​​ធ្វើ​កម្មសិក្សា​ច្រើន​នៅ ប្រទេស​បារាំង

ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំកម្ពុជា

ការអះអាង​ដែលថា កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី៤ ស្ដីពី​និស្សិត​វេជ្ជសាស្ត្រ​ចុះ​កម្មសិក្សា​ច្រើន​នៅ ប្រទេស​បារាំង នេះ ត្រូវបាន ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក ហ្សា​ក់ ប៉ឺ​ឡេ លើកឡើង​នៅឯ​ស្ថានទូត​បារាំង ប្រចាំ កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​គោលបំណង​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ស្ថានទូត​បារាំង និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កម្ពុជា។

ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ១៣ មករា ២០២២ នេះ មាន​វត្តមាន​របស់ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក ហ្សា​ក់ ប៉ឺ​ឡេ លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ ទីប្រឹក្សា​នៃ​ក្រសួងសុខាភិបាល និង​ជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កម្ពុជា និង លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត រួម​នឹង​វត្តមាន​ភ្ញៀវ​ជាតិ អន្តរជាតិ រួមទាំង​និស្សិត​ស.វ.ស ដែល​បានទទួល​អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស DFMS/DFMSA ទើប​ត្រលប់​មកពី​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​បារាំង ផងដែរ។

លោក ហ្សា​ក់ ប៉ឺ​ឡេ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ជួយ​លើកកម្ពស់​ភាពជា​ដៃគូ​របស់ បារាំង ជាមួយនឹង សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កម្ពុជា សម្រាប់​ការបណ្ដុះបណ្ដាល ការសិក្សា​ស្រាវជ្រាវ ការផ្លាស់ប្ដូរ​សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និង​និស្សិត។ល។

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ បាន​ថ្លែងអំណរគុណ​ដល់​ភាគី​បារាំង ក្រោម​ការគាំទ្រ​ពេញទំហឹង​ពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដែល​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កម្ពុជា ដែល​ទទួលបាន​សមិទ្ធិ​ផល​ល្អប្រសើរ។

គួរ​រំ​ព្ញ​ក​ជូន​ថា ចាប់ពី​ឆ្នាំ ១៩៩៦ មកដល់​ឆ្នាំ ២០២០ និស្សិត​វេជ្ជសាស្ត្រ​ស.វ.ស (ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ និង​ឯកទេស) សរុប​ចំនួន ៩០៣ នាក់​របស់ កម្ពុជា បាន​បន្ត​ការសិក្សា ឬ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​បារាំង។ ដោយឡែក ឆ្នាំ ២០២១ និស្សិត​ស.វ.ស ចំនួន ៥៨ នាក់ នឹង​ចុះ​កម្មសិក្សា​នៅ តាម ២១ មន្ទីរពេទ្យ​នៃ​គ្រឹះស្ថាន​បណ្តុះបណ្តាលល្បីៗនៅ ប្រទេស​បារាំង៕

Advertisement